ភ្នំពេញ ៖ ក្មេងលក់កាហ្វេម្នាក់ ដែលបានប្រកាសតាមបណ្ដាញសង្គម ទារលុយប្រាក់ខែពីថៅកែផលិតកម្មមហាហង្ស លោក អ៊ិន សុភិន ដែលជំពាក់ ២០០ដុល្លារ មិនព្រមឲ្យ បែរជាចោទខ្លួនថា លួចអីវ៉ាន់របស់គាត់ ដែលមាន តម្លៃរាប់លានដុល្លារនោះ នៅពេលនេះ បានចេញមុខបបួលថៅកែផលិតកម្មមហាហង្ស ស្បថនៅមុខព្រះអង្គដងកើ ។

គួរបញ្ជាក់ថា ថ្មីៗនេះ យុវជនម្នាក់ ឈ្មោះឃីម វីរៈ (ឈ្មោះក្នុងអត្តសញ្ញាប័ណ្ណ ឃឹម វិជ្ជណា) ប្រើគណនីហ្វេសប៊ុក ឈ្មោះ “វីរៈ ការហ្វេរ” បានប្រើប្រាស់បណ្ដាញសង្គម បង្ហោះសារទារលុយលោក អ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស ដែលកំពុងមានរឿងអាស្រូវត្រូវបានអ្នកសិល្បៈ ជាច្រើន ប្តឹងទារលុយ មិនព្រមសង ។

យុវជន ឃីម វីរៈ បានអះអាងថា លោកអ៊ិន សុភិន បានឆ្លើយតបមកលោក ដោយសន្យាថា នឹងបាញ់លុយសងលោក ចំនួន២០០ដុល្លារ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ។ ប៉ុន្តែនៅថ្ងៃដដែលនោះ លោកអ៊ិន សុភិន មិនត្រឹមតែមិនបានបាញ់លុយសងលោកទេ ថែមទាំងផុសហ្វេសប៊ុក លាបពណ៌ ចោទប្រកាន់លោ កថា បានលួចអីវ៉ាន់របស់គាត់គិតជាទឹកប្រាក់ រាប់លានដុល្លារ ដែលធ្វើឲ្យលោកមិនអាចទទួលយកបាន ព្រោះ ជាការចោទគ្មានការពិត ឥតភ័ស្តុតាង និងជាការចោទដើម្បីយកលេសមិនសងលុយលោក ។ ដូច្នេះហើយទើប លោកបបួលលោកអ៊ិន សុភិន ស្បថនៅមុខព្រះអង្គដងកើ ដើម្បីឲ្យបារមីព្រះអង្គដងកើ ធ្វើជាសាក្សី និងកាត់ក្តី បើលោកអ៊ិន សុភិន ចោទប្រកាន់លោក គ្មានការពិត លាបពណ៌ មួលបង្កាច់ សូមឲ្យរន្ទះបាញ់ ហើយបើលោកពិតជាបានលួចអីវ៉ាន់របស់គាត់ តម្លៃរាប់លានដុល្លារមែន ក៏សុំឲ្យរន្ទះបាញ់ដូចគ្នា ។

ការបបួលស្បថបែបនេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ិន សុភិន បានបង្ហោះរូបថតរបស់លោក ឃីម វីរៈ (ឈ្មោះក្នុងអត្តសញ្ញាប័ណ្ណ ឃឹម វិជ្ជណា) នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ភ្ជាប់ជាមួយសំណេរថា “មានអ្នកកាន់ជើងចោរលួចរបស់គេទៀត រឿងច្បាប់ ប្ដឹងមិនឈ្នះគេ មកបន្តកាន់ជើងចោរទៀត អា MC Racy ថោក ពូកែណាស់ អាដើរនិយាយគេ។ ចំណែកម្នាក់នេះ គាត់មិនហានចូលខ្លួនមកដោះស្រាយជាមួយក្រុមហ៊ុនទេ បើខ្លួនល្អ ខ្លាចអីនឹងចូលមក លុយមានបើកឲ្យ គ្រាន់តែយកសោ និងមកចុះហត្ថលេខានៅក្នុងក្រុមហ៊ុន ចប់ហើយ បើមានបានលួចអីគេ ឲ្យទៅគេវិញ ចប់បាត់ តែនេះនៅបន្ត មិនដឹងចង់បានអី ឈ្មោះពិតនៅក្នុងអត្តសញ្ញាណបណ័្ណ Account Facebook ឈ្មោះ វីរៈការហ្វេរ សូមបញ្ចប់រឿងនេះចុះ បើនៅតែបន្ត នឹងរកផ្លូវច្បាប់»។

ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ យុវជន ឃីម វីរៈ (ឃឹម វិជ្ជណា) នៅបានរំលឹកថា តាមពិតទៅ លោកមិនមែនជាអ្នកសិល្បៈដែលធ្លាប់ធ្វើការនៅក្នុងផលិតកម្មរបស់លោកអ៊ិន សុភិន នោះទេ គឺលោកគ្រាន់តែជាអ្នកលក់កាហ្វេ ធម្មតាម្នាក់ ដែលធ្លាប់មានបទពិសោធន៍នៅក្នុងអាជីពនេះ រយៈពេល៥ឆ្នាំ តែចៃដន្យអី លោកអ៊ិន សុភិន បានលេងហ្វេសប៊ុក និងទិកតុក ឃើញលោកបង្ហោះវីដេអូ និងបង្កើតមាតិកាថ្មីៗ ទាក់ទងនឹងជំនាញកាហ្វេ គាត់ចាប់អារម្មណ៍ ក៏ព្យាយាមទាក់ទងមកលោក ហើយក្រោយស្គាល់គ្នា បានមួយរយៈ តាមបណ្ដាញសង្គម លោកនិងគាត់ បាននិយាយគ្នាពីរឿងបើកអាជីវកម្មកាហ្វេ ព្រោះពេលនោះ ដោ យសារមុខរបរផលិតកម្ម មិនកាក់កប គាត់ចង់បើកដំណើរការហាងកាហ្វេថ្មីមួយ ហើយរកអ្នកមានបទពិសោ ធន៍និងជំនាញក្នុងការងារនេះ មកគ្រប់គ្រង និងបង្រៀនពីបច្ចេកទេសឆុងកាហ្វេ ។ ដូច្នេះគាត់ក៏ហៅលោក មកគ្រប់គ្រង ដោយសន្យាឲ្យប្រាក់ខែ ដំបូង ៤០០ដុល្លារ ។ ជាការឆ្លើយតប ដោយសារតែចំពេលដែលលោកមានបញ្ហានៅកន្លែងចាស់ និងបានលាឈប់ផង លោកក៏មករៀបចំឲ្យគាត់ នៅក្នុង ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ហើ យបានបញ្ជាក់ប្រាប់គាត់ ការបើកកាហ្វេ ត្រូវការចំណាយលុយច្រើនដែរ។ ប៉ុន្តែមករៀបចំ មិនទាន់បាន មួយ ខែផង ស្រាប់តែគាត់ប្រាប់ថា ក្ស័យធន មិនអាចដំណើរការហាងកាហ្វេថ្មីនេះបានទេ ហើយយល់សន្យាឲ្យប្រាក់ខែ ពាក់កណ្ដាល (២រយដុល្លារ) តាមការទាររបស់លោក ។ ក្នុងទឹកប្រាក់ ២រយដុល្លារនេះ ។ យ៉ាងណា ជាលទ្ធ ផល លុយ២០០ដុល្លារ ក៏មិនទទួលបាន កេរ្តិ៍ឈ្មោះរបស់លោក ក៏ត្រូវលោកអ៊ិន សុភិន លាបពណ៌ ចោទថាលួចអីវ៉ាន់របស់គាត់ ដែលមានតម្លៃរាប់លានដុល្លារ ទើបជម្រើសចុងក្រោយ មានតែបបួលគាត់ស្បថ ។
យុវជន ឃីម វីរៈ បានបញ្ជាក់ថា “ចំពោះរឿងគាត់ចោទ ខ្ញុំអត់ខ្លាចទេ ខ្ញុំតស៊ូជាមួយគាត់ ឲ្យតែគាត់យកភ័ស្តុតាងដែលបញ្ជាក់ថា ខ្ញុំលួចអីវ៉ាន់គាត់ហ្នឹង ហើយអ្វីដែលខ្ញុំបបួលគាត់ស្បថ នៅព្រះអង្គដងកើ ទី១ ខ្ញុំទាមទារភ័ស្តុតាង គាត់អត់បង្ហាញភ័ស្តុតាង។ ទី២ គាត់បែរជាផុសអីឯណាថា គាត់សុំបញ្ចប់រឿងត្រឹមហ្នឹងចុះ ហើយខ្ញុំថា បើអត់មានភ័ស្តុតាង ក៏ហីចុះ គាត់ហ៊ានស្បថមុខព្រះអង្គដងកើ ជាមួយខ្ញុំអត់? កន្លែងហ្នឹង គាត់អត់ឆ្លើយតបជាមួយខ្ញុំទេ ។ និយាយទៅ គាត់ឆ្លើយតបទៅផ្លូវផ្សេង ដែលមិនចំនឹងប្រធានបទដែលខ្ញុំចោទសួរគាត់ ព្រោះខ្ញុំចង់បានដាក់ភ័ស្តុតាងដែលគាត់ចោទខ្ញុំថា លួចអីវ៉ាន់គាត់ អស់រាប់លានដុល្លារ ។ ចំពោះរឿងបំណុលនេះ បើសម្រាប់ខ្ញុំ ខ្ញុំក៏សំណូមពរឲ្យបងប្អូនប្រជាជនខ្មែរ ដើម្បីគាត់ឲ្យជួយរកយុត្តិធម៌ឲ្យពួកខ្ញុំ ព្រោះពួកខ្ញុំជាជនរងគ្រោះ ហើយអ្វីមិនមែនតែខ្ញុំម្នាក់ទេ ហើយក៏មិនមែនតែបងរ៉ាស៊ី ម្នាក់ដែរ គឺច្រើននាក់“ ។
ក្រៅពីបានផ្ដល់បទសម្ភាសន៍ដល់ “នគរធំ” លោកឃីម វីរៈ នៅតែប្រើបណ្ដាញសង្គម ហ្វេសប៊ុក ឌឺដងទៅលោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស ឲ្យសងលុយ ២រយដុល្លារ និងដើម្បីលាងភាពស្អាតស្អំរបស់ខ្លួន ជុំវិញការចោទលួចអីវ៉ាន់ រាប់លានដុល្លារ ដោយការបបួលស្បថ ។
នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឃីម វីរៈ ចេញវីដេអូមួយ បង្ហោះតាមគណនីហ្វេសប៊ុក របស់លោក បញ្ជាក់ពីជំហររបស់លោក ក្នុងការព្យាយាមឆ្លើយឆ្លងសម្ដីជាមួយថៅកែមហាហង្ស ថា បើខ្លាំង ត្រឹមត្រូវមែន លោកអ៊ិន សុភិន ត្រូវតែហ៊ានទៅស្បថ នៅព្រះអង្គដងកើ ជាមួយលោក ដើម្បីបញ្ចប់រឿង កុំនៅវែងឆ្ងាយ ហើយថា បើហ៊ានទៅស្បថ លុយដុល្លារដែលគាត់ជំពាក់នោះ លោកមិនយកវិញទេ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ របស់លោក ឃីម វីរៈ ខាងលើនេះ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ “នគរធំ” បានព្យាយាមទាក់ទងសុំការបកស្រាយបំភ្លឺ និងការបញ្ជាក់បន្ថែម ពីលោកអ៊ិន សុភិន ដែរ មិនអាចទាក់ទងលោកអ៊ិន សុភិន បានទេ ហើយលោកក៏មិនបង្ហោះសារលើគណនីហ្វេសប៊ុក របស់លោក បន្ថែមទៀត ឆ្លើយតបទៅយុវជនខាងលើនេះដែរ គិតត្រឹមល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ៕ កុលបុត្រ