Wednesday, June 10, 2026
Homeសង្គម និងជីវិតអធិរាជមហាសាច់ ច្រណែនហេង ឡុង ក្រោមមេឃតែមួយ វាសនាខុសគ្នា

អធិរាជមហាសាច់ ច្រណែនហេង ឡុង ក្រោមមេឃតែមួយ វាសនាខុសគ្នា

ភ្នំពេញ ៖ លោកហ៊ត ប៉ូ ហៅអធិរាជមហាសាច់ អតីតមន្រ្តីយោធា អ្នកគាំទ្រគណបក្សកាន់អំណាច (គណ បក្សប្រជាជនកម្ពុជា) និងជាអ្នកធ្លាប់រិះគន់វាយប្រហារអតីតថ្នាក់ដឹកនាំអតីតបក្សប្រឆាំង ឥតសំចៃមាត់ តែក្រោយពេលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ពីបទល្មើសវិន័យ មកដល់ពេលនេះ លោកកំពុងធ្លាក់ខ្លួនក្រ ជំពាក់បំណុល និងក្លាយជាមនុស្សអនាថា ស្ទើរតែគ្មានអ្នកណារាប់រក លុះពេលឃើញលោកឧកញ៉ា ហេង ឡុង ស្វាមីសិល្បការិនី ចន ច័ន្ទលក្ខិណា ដែលជំពាក់បំណុលគេ ៣០ម៉ឺនដុល្លារ អត់លុយសង ត្រូវបានម្ចាស់បំណុល ប្តឹងចាប់ខ្លួន តែត្រូវបានសម្តេចហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សកាន់អំណាច (គណបក្សប្រ ជាជនកម្ពុជា) ជួយអន្តរាគមន៍ សម្របសម្រួល បានរួចផុតពីជាប់គុកមក អធិរាជមហាសាច់ បានបង្ហាញអារ ម្មណ៍ពិតថា លោកកំពុងតែច្រណែននឹងឧកញ៉ា ហេង ឡុង ដែលជំពាក់បំណុលគេ ៣០ម៉ឺនដុល្លារ ដូចរូបលោកដែរ តែត្រូវបានដឹកនាំកំពូល ជួយសម្របសម្រួលជាមួយម្ចាស់បំណុល ចំណែករូបលោក ធ្លាប់រកស៊ីចាក់ដី ខាត៣០ម៉ឺនដុល្លារដែរ តែគ្មានទេវតាជួយ ខំលក់ទ្រព្យ ដោះបំណុល រហូតសល់តែសំបកខ្លួន រស់តាមចិញ្ចឹមផ្លូវ ដូច សត្វធាតុ ទើបលោកបានលើកឡើងដោយតូចចិត្តថា «កើតមកក្រោមមេឃតែមួយ តែវាសនាខុសគ្នា” ។

អធិរាជមហាសាច់ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ថា “កើតមកក្រោមមេឃតែមួយ តែវាសនាខុសគ្នា ហេង ឡុង ជាមនុស្សមានសំណាង គេចផុតពីឧប សគ្គរហូត ចំណែកខ្ញុំ ដំណើរជីវិតហាក់ដូចជាគេចមិនផុតពីឧបសគ្គណាមួយណាសោះ ។ សុំនិយាយតែមួយចំណុចទៅចុះ! ខ្ញុំរកស៊ីលក់អាចម៍ដីចាក់តាមផ្ទះឯកជន និងតាមបុរី និយាយជារួម តាមតម្រូវការអតិថិជនកម្មង់ ខ្ញុំមិននឹកស្មានដីស្រុកស្អាង ខាងលើដី ខាងក្រោមខ្សាច់ ខ្ញុំខាតសរុបជាង 30ម៉ឺនដុល្លារ ដូចគ្នា សួរថា មានអ្នកណាខ្លះជួយខ្ញុំ? ក្រៅពីខ្លួនឯង ខ្ញុំសុខចិត្តលក់ឡាន លក់ផ្ទះ លក់ដី និងកេរអាករនៅឯស្រុក ។ និយាយឲ្យខ្លី គ្រប់មធ្យោបាយ លក់គ្មានសល់ទេ ដើម្បីឆ្លងផុតពីបំណុល។ សព្វថ្ងៃនេះ ខ្ញុំរស់នៅតាមចិញ្ចើមផ្លូវ ដំណើរជីវិតដូចជាសត្វធាតុ ដែលតាំងពីកើតមក មិនដែលធ្លាប់ជួប ។ ទេវតាអើយ! បង្កើតខ្ញុំមកធ្វើអ្វី បើគ្រាន់វាសនាមនុស្ស ក៏បែងចែកមានការលម្អៀងដែរ ខ្ញុំដឹង! ខ្ញុំមិនមែនហេង ឡុង គេជួបតែសំណាងល្អ គេនិយាយអ្វីក៏ត្រូវ គាត់ខុសពីខ្ញុំ ខ្ញុំជាមនុស្សជួបតែសំណាងអាក្រក់ និយាយអ្វីក៏ខុស បើហៅឱ្យគេជួយ ចាំពីរលានឆ្នាំទៀត មិនដឹងយ៉ាង ម៉េចផង គឺពិតជាពិបាកជាងទៅសុំភ្លើងយក្សទៅទៀត។ ម្នាក់ៗនាំគ្នាថា ធ្វើល្អ ព្រះនឹងតាមជួយ។ មួយជីវិតខ្ញុំនេះ ខ្ញុំធ្វើតែរឿងល្អទេ ហេតុអ្វីព្រះ មិនតាមជួយខ្ញុំ ដូចបងហេង ឡុង ឬហេង ឡុង ជាមនុស្ស ចំណែកខ្ញុំ មិន មែន? ក្រែងចេះហូបបាយដូចតើហែ? ថាខ្ញុំច្រណែនក៏បាន តែវាជារឿងពិត“ ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ហ៊ត ប៉ូ ហៅអធិរាជមហាសាច់ ខាងលើនេះ បានធ្វើឡើង ក្រោយពីឧកញ៉ា ហេង ឡុង ត្រូវបានភាគីដើមបណ្ដឹង អនុគ្រោះសម្រួលបញ្ចប់និងដកពាក្យបណ្ដឹង ក្រោមអន្តរាគមន៍សម្របសម្រួលពីសម្តេច ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីរូបលោកត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន តាមបណ្តឹងរបស់ម្ចាស់បំណុល គឺលោកឧកញ៉ា កែវ បូណ៌ភិរក្ស ម្ចាស់ក្រុមហ៊ុន បូទិកា និងជាម្ចាស់បុរី ឡុង នី  ។

 លោក ហេង ឡុង បានបញ្ជាក់នៅក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពេលបានចុះកិច្ចព្រមព្រៀងបញ្ចប់វិវាទជាមួយម្ចាស់បំណុល ថា «នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីមានព័ត៌មានពាក់ព័ន្ធនឹងបណ្ដឹងរបស់ខ្ញុំបាទ ក្នុងករណីជំពាក់ប្រាក់ ចំនួន ៣៣០ ១៥១ ៧០ ដុល្លារអា មេរិក រឿងរ៉ាវនេះ បានជ្រាបដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្ដេច ទាំងទ្វេ បានមេត្តាជួយសម្របសម្រួលជាមួយម្ចាស់បំណុលខាងលើ ក៏ដូចជាម្ចាស់បំណុលផ្សេងៗទៀត ដែលខ្ញុំបាទកំពុងប្រឈមមុខ។ ខ្ញុំបាទ ហេង ឡុង និងភរិយា សូមក្រាបថ្វាយបង្គំ និងសម្ដែ ងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្ដេច ទាំងទ្វេ ដែលបានមេត្តាជួយស្រោចស្រង់ជីវិត កិត្តិយស និងផ្ដល់កម្លាំងចិត្តដល់កូនទាំងពីរ ក្នុងគ្រាលំបាកនេះ។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សា សម្ដេច ទាំងទ្វេ និងក្រុមគ្រួសារ ឱ្យមានសុខភាពល្អ បរិបូរណ៍កម្លាំង ព្រះជន្មា យុយឺនយូរ និងបន្តជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ជារៀងរហូត។ សូមក្រាបថ្វាយបង្គំ ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ហេង ឡុង និងភរិយា“ ។

 ក្រោយបានឃើញព័ត៌មានខាងលើនេះ សម្រាប់មជ្ឈដ្ឋានមួយចំនួន រួមមានទាំងក្រុមប្រឆាំងនៅក្រៅប្រទេសផង បែរជារិះគន់សម្ដេច ហ៊ុន សែន ថា យកលុយទៅជួយឧកញ៉ា សងបំណុល ដើម្បីបានគេចផុតពីការចាប់ ខ្លួន ឯរាស្រ្តក្រីក្រ ជំពាក់បំណុលធនាគារ រងគ្រោះ អស់ផ្ទះសម្បែង ដីធ្លី មិនព្រមជួយ ។ ក្រុមអ្នករិះគន់ ឬក្រុមប្រឆាំង បានលើកឡើងថា ទង្វើនេះ គឺជាការជួយសង្គ្រោះបក្ខពួក ដោយចោទសួរថា ហេតុអ្វីបានជាមេដឹកនាំ ជួយដោះស្រាយបញ្ហាឱ្យឧកញ៉ាដែលគាំទ្ររដ្ឋាភិបាល ប៉ុន្តែមិនអន្តរាគមន៍លើករណីពលរដ្ឋរងគ្រោះ ដោយសារឧកញ៉ាឆបោក និងអ្នកនយោបាយបក្សប្រឆាំងដែលជាប់ពន្ធនាគារ?

ទោះបីយ៉ាងណា សម្ដេច ហ៊ុន សែន បញ្ជាក់ថា សម្តេច មិនបានផ្តល់លុយឱ្យលោកឧកញ៉ា ហេង ឡុង សងគេ ឬសងបំណុលជំនួសឧកញ៉ា ហេង ឡុង នោះទេ គឺសម្តេច គ្រាន់ជួយសម្របសម្រួលឱ្យទៅខ្ចីអ្នកមាន យកទៅសងគេប៉ុណ្ណោះ ដូច្នេះលោកហេង ឡុង នៅតែជាប់បំណុលដដែល គ្រាន់តែប្តូរម្ចាស់បំណុលថ្មី ដែលមានការយោគយល់និងអនុគ្រោះច្រើនជាង ។

សម្ដេច ហ៊ុន សែន បានសរសេរខម្មិនក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ហេង ឡុង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ថា “ដើម្បីចៀសវាងការភ័ន្តច្រឡំ ខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំពុំមានប្រាក់ផ្តល់ជូនលោក ហេង ឡុង ទេ។ ដោយសាររឿងនេះ វាហាក់ដូចជាធ្ងន់ធ្ងពេកទើបខ្ញុំពិភាក្សាជាមួយលោក ហេង ឡុង ដើម្បីរកដំ ណោះស្រាយ ដោយខ្ញុំពឹងអ្នកមានប្រាក់ម្នាក់ ដើម្បីឲ្យលោក ហេង ឡុង ទៅខ្ចីពីបុគ្គលនោះ យកទៅសងម្ចាស់បំណុលដែលលោក ហេង ឡុង ជំពាក់ពីមុន ទាំងអស់។ លោក ហេង ឡុង នៅតែជំពាក់បំណុលដដែល តែជំពាក់អ្នកថ្មី ដែលមានការយោគយល់និងការអនុគ្រោះច្រើន។ ខ្ញុំជឿលើសមត្ថភាពរបស់លោក ហេង ឡុង ដែ លនឹងរកប្រាក់សងម្ចាស់បំណុលថ្មីបាន។ សង្ឃឹមថា ការពន្យល់នេះ នឹងធ្វើឱ្យបងប្អូនយល់ ចៀសវាងការភ័ន្តច្រឡំថា ខ្ញុំសងបំណុលជំនួសលោក ហេង ឡុង“ ។

ចំពោះកិច្ចព្រមព្រៀងបញ្ចប់វិវាទ រវាងឧកញ៉ា ហេង ឡុង (កូនបំណុល) និងឧកញ៉ា កែវ បូណ៌ភិរក្ស (ម្ចាស់បំណុល) ដែលតំណាងដោយមេធាវី លឹម សេងហាក់ ដោយមានអ្នកឧកញ៉ា  ឡេង ភត្រា (ឡេង ណាវ៉ាត្រា) សាក្សី ធ្វើនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

យោង ៖ -កិច្ចព្រមព្រៀងបញ្ចប់វិវាទ ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦

-ពាក្យបណ្ដឹង ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦

-លិខិតប្រគល់សិទ្ធិ ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦

រវាង ខ្ញុំបាទ ឈ្មោះ ហេង ឡុង ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណខ្មែរ លេខ ០១០៦៧៥០១៦ (០១) មានលំនៅ ផ្ទះលេខ ១១០៩ ផ្លូវ៣១៥ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហៅកាត់ថា ភាគី “ក” ។

និងខ្ញុំបាទ មេធាវី លឹម សេងហាក់ អត្តលេខ ១៧៦៤ ប្រកបវិជ្ជាជីវៈមេធាវី នៅក្រុមហ៊ុនមេធាវី លុច ស៊ី អេច ឌី ដែលមានទីស្នាក់ការនៅអគារលេខ ១៣៧ ផ្លូវលេខ ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាមេធាវីតំណាងដោយអាណត្តិឲ្យឈ្មោះ កែវ បូណ៌ភិរក្ស ភេទប្រុស កើតឆ្នាំ១៩៧៦ ជនជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណខ្មែរ លេខ ០១០៩១៦៤២៣ (០១) មានលំនៅ ផ្ទះលេខ២៩ ផ្លូវ៥ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហៅកាត់ថា ភាគី “ខ”។

ដោយហេតុថា ៖ ភាគី “ក” បានយល់ព្រមសងប្រាក់ដែលនៅសល់ ចំនួន USD ២០០ ០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក ឲ្យភាគី “ខ” ដើម្បីបញ្ចប់វិវាទដែលបានចុះកិច្ចព្រមព្រៀង ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ជាស្ថាពរ ចាប់ពីពេលនេះតទៅ។

ភាគី ”ក” និងភាគី ”ខ” បានឯកភាពព្រមព្រៀងគ្នាដោយស្ម័គ្រចិត្ត ដូចខាងក្រោម ៖ ប្រការ១ ៖ កម្មវត្ថុនៃកិច្ចព្រមព្រៀង

១.១-ភាគី “ក” យល់ព្រមប្រគល់ប្រាក់ចំនួន USD ២០០ ០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក ឲ្យភាគី ”ខ” នៅថ្ងៃចុះកិច្ចព្រមព្រៀង ដើម្បីបញ្ចប់វិវាទរវាងឈ្មោះ ហេង ឡុង និងឈ្មោះ កែវ បូណ៌ភិរក្ស ជាស្ថាពរ ចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងនេះតទៅ។

១.២-ភាគី “ខ” យល់ព្រមទទួលប្រាក់ និងឯកភាពទាំងស្រុង តាមខ្លឹមសារ ដូចមានចែងក្នុងចំណុច ១.១ ខាងលើ ។

១.៣-ភាគី “ក” និងភាគី “ខ” បានបំផ្លាញចោលនូវមូលប្បទានបត្រ លេខ ៖ ៩៧៣៥២៨ ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅថ្ងៃធ្វើកិច្ចព្រមព្រៀងនេះ តែម្តង។

១.៤-ភាគី “ខ” យល់ព្រមដាក់ពាក្យដកពាក្យបណ្តឹង ចុះថ្ងៃទី១០-កុម្ភៈ-២០២៦ នៅនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ជាកំហិត។

ប្រការ២ ៖ កិច្ចព្រមព្រៀងនេះ បានធ្វើឡើងដោយស្ម័គ្រចិត្ត តាមស្មារតីយោគយល់គ្នា ស្របតាមនយោបាយឈ្នះ-ឈ្នះ និងគោលបំណងពិតប្រាកដរបស់គូភាគី និងមានសុពលភាពអនុវត្ត ចាប់ពីថ្ងៃភាគីទាំងពីរបានផ្តិតមេដៃ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះតទៅ ។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងជាភាសាខ្មែរ ចំនួន ០៣ច្បាប់ដើម មានតម្លៃស្មើគ្នា ហើយរក្សាទុក ៖ ភាគី “ក” ០១ច្បាប់ដើម, ភាគី “ខ” ០១ច្បាប់ដើម និងសាក្សី ០១ច្បាប់ដើម ដើម្បីជាសាក្ខីភាពនៅក្នុងការគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀងនេះ ទាំងមូល ភាគី “ក” និង ភាគី “ខ” យល់ព្រមផ្តិតមេដៃស្តាំ ទុកជាភ័ស្តុតាង នៅចំពោះមុខច្បាប់… ។

សូមបញ្ជាក់ថា ឧកញ៉ា ហេង ឡុង ស្វាមីរបស់តារាសម្តែង ចន ច័ន្ទលក្ខិណា ត្រូវបានសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបំណុល ជាង៣០ម៉ឺនដុល្លារ និងចេញសែកស្អុយ។

យោងតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ១៩០ អ.យ.ក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ របស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

យើង ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

– បានឃើញ មាត្រា៣៧ មាត្រា៩៤ និងមាត្រា១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រកាសឱ្យ ប្រើតាមព្រះរាជក្រមលេខ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។

-បានឃើញ របាយការណ៍លេខ ១៣១ ស.ណ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ។

បញ្ជា ៖ នាមត្រកូល-នាមខ្លួន ហេង ឡុង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ៣៧ ផ្លូវលេខ៦០៨ ភូមិ៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឱ្យចូលបង្ហាញខ្លួននៅនាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឱ្យបានមុនថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្តឹ ងរបស់ឈ្មោះ កែវ បូណ៌ភិរក្ស ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ…៕

RELATED ARTICLES