ភ្នំពេញ ៖ ស្រ្តីម្នាក់ សុខចិត្តចោលគ្រួសារ ម៉ែឪ រត់តាមសង្សារដែលមានកូន៣ រួចហើយ តែចុងក្រោយ ពេលមានផ្ទៃពោះ ៧ខែ ប្ដីរត់ចោលបាត់ ឯក្រុមគ្រួសារគេក៏លែងស្គាល់ ធ្វើឲ្យនាងត្រូវរស់នៅក្នុងបន្ទប់ជួល ធ្វើការងារជាកម្មការិនីរោងចក្រ ពពោះទាំងបារម្ភគ្មានលុយសម្រាលកូន។

នារីអភ័ព្វនេះ មានឈ្មោះ ភោន សុខជីង អាយុ២៦ឆ្នាំ មានស្រុកកំណើត នៅស្រុកចម្ការលើ ខេត្តកំពង់ចាម ។ បច្ចុប្បន្នកំពុងរស់នៅក្នុងបន្ទប់ជួល ក្នុង១ខែ ៥០ដុល្លារ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មានបងប្អូនពីរនាក់ តែបងស្លាប់តាំងពីនៅតូច នៅសល់តែនាងជាប្អូន ដែលអាចចាត់ទុកថា ជាកូនទោលនៅក្នុងគ្រួសារ ។ មានម្ដាយឈ្មោះ ហោ សុខុម អាយុ៦៧ឆ្នាំ (ស្លាប់) និងមានឪពុកឈ្មោះ ភោន សំណាង (ស្លាប់នៅអាយុ៧៣) ។ នាងបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២ នៃវិទ្យាល័យមួយ នៅក្នុងស្រុកចម្ការលើ ។ ចំណែកបុរសជាប្ដី មានឈ្មោះជួប ស៊ីនិត អាយុ៣៧ឆ្នាំ មានស្រុកកំណើត នៅស្រុកអង្គរជ័យ ខេត្តកំពត ធ្លាប់បានរៀបការ និងមានកូន៣នាក់ តែបានលែងលះគ្នា ប្រគល់កូន៣នាក់ ទៅឲ្យស្រី្តជាប្រពន្ធ ។ សព្វថ្ងៃ ឪពុកម្ដាយរបស់គេ នៅរស់ទាំងពីរ រីឯរូបគេ ជាអតីតអ្នកបើកឡានកុងតឺន័រ ដឹកទំនិញឯកជន បច្ចុប្បន្នជាអ្នកបើកឡានដឹកឈើ ។
ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នាង ភោន សុខជីង បានរៀបរាប់ទាំងក្រៀមក្រំថា ក្រោយបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២ នៅឯស្រុកកំណើត នាងបានឡើងមករកការងារធ្វើនៅរាជធានីភ្នំពេញ ជាកម្មការិនីរោងចក្រ ។ ពេលធ្វើបានប៉ុន្មានខែ នៅអំឡុងឆ្នាំ២០២៤ នាងក៏បានទាក់ទងស្គាល់បុរសម្នាក់ ឈ្មោះជួប ស៊ីនិត តាមហ្វេសប៊ុក ហើយក៏បានប្រាប់ឲ្យនាងដឹងថា គេមានប្រពន្ធនិងកូន៣ រួចទៅហើយ ដែលកូនទី១ អាយុ១៣ឆ្នាំ កូនទី២ អាយុ១០ឆ្នាំ និងកូនទី៣ អាយុ៨ឆ្នាំ ប៉ុន្តែមិនជាអ្វី ដោយសារគេបានលែងលះជាមួយស្រ្តីជាប្រពន្ធនោះ ដាច់ស្រេចទៅហើយ ហើយបានប្រគល់កូនទាំង៣ ទៅឲ្យខាងម្ដាយជាអ្នក ចិញ្ចឹម គ្រាន់តែគេមានតួនាទីផ្ដល់អាហារកិច្ចទៅតាមលទ្ធភាព ។ ដូច្នេះនាងនិងគេ ក៏បន្តទាក់ទងគ្នា ទាំង ដែលឪពុករបស់នាងនៅឯស្រុក មិនបានជ្រាប ។ រីឯឪពុកម្ដាយគេ បានជ្រាប និងបានឃើញរូបរាងពិតរបស់នាង នៅពេលគេបាននាំនាងទៅលេងផ្ទះ ចំរដូវបុណ្យចូលឆ្នាំថ្មី ក្រោយស្គាល់ស្រលាញ់គ្នាចិត្តនិងចិត្ត បានកន្លះខែ ។ ពេលនោះនាងគិតថា ទៅលេងតែមួយថ្ងៃទេ តែពេលទៅដល់ គេមិនឲ្យមក គឺចាប់ឃាត់នាងទុកនាងនៅជាមួយគេ ហើយក៏បានជ្រុលខ្លួននៅជាមួយគេ នៅលើផ្ទះរបស់គេនោះ ។ ទីផុត ពេលចូលឆ្នាំហើយ ម្ដាយឪពុកគេ ក៏ចេញមុខផ្សំផ្គំឲ្យក្លាយជាប្រពន្ធ តាមប្រពៃណី ។ បើទោះបីមិនមែនជាការរៀបការហ៊ឹកហ៊ាក់ដូចអ្នកមាន តែជាការរៀបការមួយ ធ្វើទៅតាមទំនៀមទម្លាប់ មានហែជំនូន សែន សំពះផ្ទឹម និងបានជួលភ្លេងខ្មែរ ភ្លេងអកកាដង់ អញ្ជើញភ្ញៀវពិសាភោជនាហារ ១៦០តុ ។

នារីខាងលើ បានរៀបរាប់បន្តថា នឹកឃើញទិដ្ឋភាពនោះ នាងរំភើបណាស់ ព្រោះបានរៀបការ តែងតួជាកូនក្រមុំនឹងគេដែរ ប៉ុន្តែអ្វីដែលចាត់ទុកថា សោះកក្រោះនោះ ក្រៅពីមកជ្រុលជ្រួសនៅផ្ទះខាងប្រុស រៀបការនៅផ្ទះខាងប្រុសហើយ ក៏គ្មានការដឹងឮពីក្រុមគ្រួសាររបស់នាង ដោយសារតែពេលនាងរៀបការនោះ ម្ដាយរបស់នាងទើប តែស្លាប់បានកន្លះខែ ដូច្នេះគ្មានវត្តមានម្ដាយនាងចូលរួមទេ។ រីឯឪពុករបស់នាង ដែលពេលនោះនៅរស់ នាងបានទូរស័ព្ទប្រាប់គាត់ដែរ តែគាត់មិនព្រមអញ្ជើញមកបំពេញមុខជាមេបាឲ្យកូន ដោយគាត់បានមានប្រសាសន៍ដាច់ណាត់ថា បើកូនទៅដល់ផ្ទះ គាត់រៀបចំធ្វើឲ្យ តែបើកូនមិនទៅដល់ផ្ទះទេ គាត់អត់មកទេ ។ ក្រោយរៀបការហើយ នាងក៏បានរស់នៅខាងប្ដី នៅឯស្រុកកំណើតនោះ រហូតដល់នាងមានផ្ទៃពោះ ។ ក្នុងជាតិស្រ្តីមានផ្ទៃ ពោះ នាងក៏មិនខុសពីស្រ្តីដទៃទៀតដែរ គឺនៅពេលកូនចាប់មកពួនក្នុងផ្ទៃដំបូង នាងកើតអាការចាញ់ខ្លាំងណា ស់ ហើយក្នុងពេលកំពុងចាញ់នោះ នាងគ្មានអ្វីត្រូវការអ្វីក្រៅពីចង់ឲ្យប្ដីនៅក្បែរ ផ្ដល់លុយកាក់ ទិញអ្វីឲ្យនាងហូប ។ ប៉ុន្តែក្នុងពេលនោះ ប្ដីរបស់នាងបានធ្វើការឆ្ងាយពីនាង ក្នុងនាមជាអ្នកបើកឡានដឹកឈើ ហើយបានជ្រើសរើសប្រព័ន្ធទូរស័ព្ទ និងហ្វេសប៊ុក សម្រាប់ទាក់ទងមកសួរសុខទុក្ខនាង ។ ក្នុងពេលនោះដែរ កូនៗ របស់គេ ដែលរស់នៅមិនឆ្ងាយពីផ្ទះយាយតាពួកគេ ឧស្សាហ៍មកលេង និងសុំលុយឪពុកគេចាយដែរ ។ រហូតអ្វីដែលកើតរឿងនោះ ខណៈដែលកំពុងចាញ់និងឃ្លានខ្លាំង នាងបានសុំលុយគេ ដោយបាននិយាយគេស្រួលៗថា “បងផ្ញើលុយមក! ឲ្យអូនយកទៅពេទ្យ ព្រោះកូនក្នុងពោះមិនស្រួល” តែគេឆ្លើយថាអត់មាន។ លុះកូនរបស់គេដែលត្រូវបានម្ដាយគេយកមកលេង ហើយត្អូញប្រាប់គេតាមទូរស័ព្ទថាអស់លុយចាយ គេក៏បាញ់លុយឲ្យភ្លាម ដែលធ្វើឲ្យនាងចាប់ផ្ដើមមានអារម្មណ៍អន់ចិត្ត គិតថា គេស្រលាញ់កូនជាមួយប្រពន្ធមុន ជាងនាងជាប្រពន្ធក្រោយ ។ នាងបាននិយាយត្រង់ៗទៅកាន់គេថា “ ពេលប្រពន្ធចាញ់កូនឃ្លាន សុំមួយម៉ឺន ពីរម៉ឺនរៀល ថាគ្មានទេ តែបើកូនខ្លួនឯងសុំវិញ ក៏ឲ្យភ្លាមតែម្ដង ។ នាងបន្តថា នាងនិយាយនេះ មិនបានគិតថា គេខឹងទេ តែអាចជាការពញ្ញាក់អារម្មណ៍គេឲ្យគិតដល់ប្រពន្ធឲ្យបានច្រើន ដែលកំពុងតែចាញ់កូន ។ ផ្ទុយទៅវិញ អ្វីដែលនាងទទួលបាននោះ រូបគេមិនត្រឹមតែខឹងនាងទេ សូម្បីតែក្រុមគ្រួសារ ឪពុកម្ដាយគេក៏លែងគាំទ្រនាងដែរ រហូតដល់បានដេញនាងឲ្យមករកការងារធ្វើនៅភ្នំពេញ ដោយខ្លួនឯង ដោយកុំយកលេសរឿងចាញ់កូន ដោយពួកគាត់សម្ដីថា “ទៅរកលុយសម្រាលកូនខ្លួនឯងទៅ ហើយកុំនិយាយថា កូនមួយមើលកើត ចិញ្ចឹមមិនរស់នោះ!” ។
នារីដដែល បញ្ជាក់ថា ផ្ទៃពោះរបស់នាងកាន់តែធំ និងនៅសល់តែ២ខែទៀត ដល់ថ្ងៃសម្រាលហើយ តែនាងមិនដឹងថា ត្រូវទៅសម្រាលនៅឯណាទេ បើចង់វិលទៅស្រុកកំណើត ក៏ម្ដាយមីងរបស់នាង ដែលនៅគ្រប់គ្រងដីផ្ទះដែលជាចំណែករបស់នាង បន្ទាប់ពីម្ដាយឪពុកនាងទទួលមរណភាពអស់នោះ ក៏គាត់មិនឲ្យទៅ ព្រោះមុនពេលស្លាប់ ឪពុកម្ដាយរបស់នាងបានផ្ដាំគាត់ថា មិនឲ្យនាងទៅជាដាច់ខាត ធ្វើឲ្យនាងក្លាយជាមនុស្សក្បាលមួយតែឯង គ្មានសាច់ញាតិ ។ សូម្បីតែក្នុងពេលឪពុកស្លាប់ ក៏គ្មានឱកាសបានទៅចូលរួមធ្វើបុណ្យសពឲ្យគាត់ ព្រោះមីងមិនឲ្យចូលផ្ទះ នាងក៏មិនអាចទៅបាន ហើយពេលកំពុងរស់នៅបន្ទប់ជួលនេះ ក៏បានធ្វើចង្ហាន់ទៅវត្ត អុជធូប ឧទ្ទិសកុសលផលបុណ្យដល់គាត់ ហើយបានត្រឹមតែស្ដាយ តែរូបកាយរបស់គាត់បានរលាយបាត់ហើ យ ។ ចំពោះមរតករបស់ឪពុកម្ដាយនាងនោះ ក្រៅពីមានផ្ទះ និងបរិវេណដីលំនៅឋានធំគួរសមដែរ ពួកគាត់ក៏មានដីចម្ការកៅស៊ូ ២ហិកតារដែរ តែនៅពេលឪពុករបស់នាងមានប្រពន្ធចុងទៀត ស្រីក្រោយនោះក៏បោកយកទៅលក់អស់ទៅ នៅសល់តែដីនិងផ្ទះដែលម្ដាយមីងនាងកំពុងរស់នៅសព្វថ្ងៃ ដែលនាងមិនដឹងថា គាត់ប្រគល់ទៅឲ្យអ្នកណា ក្រៅពីរូបនាងដែលជាម្ចាស់ចំណែកមិនបានទទួលទៅហើយនោះ ។ ចំណែកឪពុកម្ដាយគេ តាំង ពីកូនរបស់ពួកគាត់ខឹងនឹងនាងជាប្រពន្ធនោះ ពួកគាត់ក៏មិនទាក់ទងមក មិនចង់ដឹងពីសុខទុក្ខកូនប្រសា និងចៅដែលកំពុងនៅក្នុងផ្ទៃ ។ សូម្បីតែចូលឆ្នាំថ្មី កន្លងទៅនេះ នាងចង់ទៅជួបប្ដី ដើម្បីសួរច្បាស់ថា តើហេតុអ្វីបានជាមិនឃើញផ្ញើលុយកាក់ឲ្យនាង និងបង្ហាញពីក្ដីបារម្ភដល់កូនក្នុងផ្ទៃ? តែពួកគាត់បំបែកមិនឲ្យជួប គឺបានត្រឹម ប្រាប់តែឪពុកក្មេងនាងនិយាយថា រឿងកូនៗដោះស្រាយគ្នាទៅ ពួកគាត់អត់ដឹងទេ ព្រោះគេទៅឡើងដឹក ឈើ បាត់ហើយ ហើយពេលនាងឲ្យម្ដាយក្មេក Call ទៅ គាត់និយាយតែជាមួយកូនគាត់ ដោយមិនឲ្យនាងជួបនិយា យជាមួយប្ដី ហើយពេលនាងហៅទៅផ្ទាល់ មិនអាចទាក់ទងបាន ព្រោះគេបានប្លុកលេខទូរស័ព្ទ និងហ្វេសប៊ុក របស់នាងចោលអស់ហើយ ។ ដូច្នេះជម្រើសតែមួយ នាងគិតថា មានតែសម្រាលនៅមណ្ឌលសុខភាពណាមួយ នៅក្បែរបន្ទប់ជួលដែលនាងកំពុងរស់នៅ ។

ចុងក្រោយ ស្រី្តប្ដីរត់ចោល មិនមានពាក្យអ្វីផ្ដាំផ្ញើទៅប្តីនាងទេ ព្រោះនាងមិនសង្ឃឹមថា គេនៅមានចិត្តគិតនឹកអាណិតដល់ជីវិតនាងនិងកូនក្នុងផ្ទៃទៀតទេ តែអ្វីដែលនាងចង់ប្រាប់ទៅគេ ក៏ដូចជាការបញ្ជាក់ពីការប្ដេជ្ញាចិត្តខ្លួនឯង គឺទោះបីជាលំបាកវេទនាយ៉ាងណាក៏ដោយ ក៏នាងត្រូវសម្រាលកូននេះឲ្យបាន ហើយតស៊ូចិញ្ចឹមបីបាច់មើលថែកូននេះ ឲ្យបានលូតលាស់ធំធាត់រាងកាយដូចក្មេងដទៃ ៕ កុលបុត្រ