ខេត្តកំពង់ស្ពឺ ៖ អ្នកភូមិ ចំនួន៥នាក់ មានក្មេងចាស់ប្រុសស្រី បាននាំគ្នាចេញទៅភ្ជួរដីស្រែ ស្រាប់តែក្រោយមកមេឃបានធ្លាក់ភ្លៀង លាយខ្យល់កន្ត្រាក់ ក៏បាននាំគ្នារត់ចូលជ្រកភ្លៀងនៅក្រោមដើមឈើ ក្បែរនោះ ស្រាប់តែត្រូវរន្ទះបាញ់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ៣នាក់ និង២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍រន្ទះបាញ់នេះ បានកើតឡើង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចវាលស្រែ ស្ថិតនៅក្នុងភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះ ទាំង៥នាក់ រួមមាន ទី១-ឈ្មោះសែម រិន ភេទប្រុស អាយុ២២ឆ្នាំ (ស្លាប់)។ ទី២-ឈ្មោះឆាន ចិត្រា ភេទប្រុស អាយុ៦ឆ្នាំ (ស្លាប់)។ ទី៣-ឈ្មោះឆាន វ៉ាន ភេទស្រី អាយុ៤ឆ្នាំ (ស្លាប់)។ ទី៤-ឈ្មោះហ៊ុល សុណា ភេទប្រុស អាយុ២៣ឆ្នាំ (រងបួសធ្ងន់) និងទី៥-ឈ្មោះទូត លាភ ភេទប្រុស អាយុ២១ឆ្នាំ (រងរបួសធ្ងន់)។ ជនរង គ្រោះទាំង៥នាក់ មានលំនៅ ក្នុងភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយគ្នា។

តាមប្រភពសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ទាំង៥នាក់ខាងលើ បាននាំ គ្នាទៅភ្ជួរស្រែ ដើម្បីបង្កបង្កើនផលស្រូវ នៅត្រង់ចំណុចកើតហេតុខាងលើ។ ស្រាប់តែក្រោយមក មេឃធ្លាក់ភ្លៀង លាយផ្គររន្ទះ ហើយភ្លាមនោះ ក្រុមជនរងគ្រោះ បាននាំគ្នារត់ចូលទៅជ្រកក្រោមដើមឈើ ក្បែរនោះ ស្រា ប់តែកើតមានបាតុភូតធម្មជាតិ រន្ទះបាញ់ ចំជនរងគ្រោះ ទាំង៥នាក់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ចំនួន៣នាក់ (ស្រី ១នាក់) និងរងរបួសធ្ងន់ ចំនួន២នាក់។

ក្រោយកើតហេតុ អ្នករងរបួស ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ និងព្យាបាល។ ចំណែកសពជនរងគ្រោះ ទាំង៣នាក់ ត្រូវបានសាច់ញាតិ ក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕