ខេត្តព្រះសីហនុៈ មុខសញ្ញាញៀនល្បែងលេងស៊ីសងខុសច្បាប់ (បៀ) ប្រចាំភូមិ បង្កការរំខានការរស់នៅអ្នក ជិតខាងក្នុងភូមិ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចុះបង្ក្រាប ឃាត់ខ្លួនបានចំនួន៩នាក់ (ស្ត្រីទាំងអស់) បញ្ចួនទៅការិយាល័យ ជំនាញនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជ អាវុធហត្ថខេត្តព្រះសីហនុ អនុវត្តនីតិវិធីដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញាលេងល្បែងស៊ីសងខុស ច្បាប់ (បៀ) ក្នុងភូមិ២១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមការចង្អុលណែនាំបន្ថែមពីលោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនបានមនុស្ស សរុបចំនួន៩នាក់ (ភេទស្រី) និងដកហូតបៀ ២ហ៊ូ រួមនិងវត្ថុតាងផ្សេងទៀត បញ្ជូនទៅការិយាល័យជំនាញ នៃ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ អនុវត្តតាមនីតិវិធី៕
