វីរកីឡាការិនីបេតង់ កែ ឡេង ត្រូវបានតម្លើងឋានន្តរស័ក្តិ ពីផ្កាយ១ ទៅផ្កាយ២ ហើយកាលពីព្រឹកមិញនេះ ក្រោយពេលអ្នកស្រីទទួលបានជោគជ័យដោយទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន និងទើបទទួលបានមេដាយមាសពិភពលោកជាលើកទី៤ នៅប្រទេសកម្ពុជា។

ក្នុងពិធីបំពាក់ឋានន្តរស័ក្តិនដែរ ក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេមលើកទី២៣ បានបំពាក់ស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ជូនវីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសជើងឯកពិភពលោក ៤សម័យកាល។

ពិធីនេះបានធ្វើឡើងនៅក្នុងពិធីបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

គួរបញ្ជាក់ថា វីរកីឡាការិនី កែ ឡេង ដែលបានការពារមេដាយមាសពិភពលោកជាលើកទី៣ ដោយបានផ្ដួលកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល៣៦-២២ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅក្នុងការប្រកួតកីឡាប៉េតង់ជើងឯក ពិភពលោកយុវជននិងស្ដ្រី លើកទី១៧ លើវិញ្ញាសាវាយយកពិន្ទុ (Shooting) នារសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕


