Friday, May 8, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរំដោះថៃ ២៨នាក់ ក្រុមជនល្មើសចាប់បង្ខាំងនៅប៉ោយប៉ែត

រំដោះថៃ ២៨នាក់ ក្រុមជនល្មើសចាប់បង្ខាំងនៅប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យៈ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងគណៈ បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការរំដោះជនជាតិថៃ ចំនួន២៨នាក់ ដែលត្រូវបានជនល្មើស ចាប់បង្ខាំងដោយខុសច្បាប់ នៅផ្ទះជួល ១កន្លែង ជាប់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិអូរឫស្សីលើ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្រប សម្រួលតាមនីតិវិធីរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត បន្ទាប់ពីទទួលបានបណ្តឹងសុំជំនួយអន្តរាគមន៍ពាក់ព័ន្ធករណីចាប់បង្ខាំងខាងលើ។

សេចក្តីរាយការណ៍ បានបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយចូលរួមសហការពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យ បានចាប់ខ្លួនជនល្មើសដែលជាជនជាតិថៃ ម្នាក់ផងដែរ។ ដោយឡែក ជនរងគ្រោះជនជាតិថៃ ចំនួន២៨នាក់ (ស្រី១២នាក់) ត្រូវបានរំដោះដោយសុវត្ថិភាព។

ករណីខាងលើនេះ កម្លាំងជំនាញបានធ្វើការសាកសួរ និងប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា ខណៈទីតាំង ត្រូវបានសមត្ថកិច្ចបិទសៀលជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES