ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវក្រុមគ្រួសារអះអាងថា នៅសុខៗក៏បានបាត់ចេញពីផ្ទះដោយមិនដឹងមូលហេតុអស់ជាច្រើនខែ មិនឃើញវិលវិញសោះ ទោះជាប្រពន្ធកូនព្យាយាមទាក់ទងតាមស្វែងរកយ៉ាងណាក៏មិនមានតម្រុយអ្វីសោះ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធមានការព្រួយបារម្ភពីសុវត្ថិភាពប្តី ក៏ប្រកាសដង្ហោយបុរសជាប្តីឱ្យវិលត្រឡប់មកផ្ទះវិញ។
បុរសដែលបាត់ចេញពីផ្ទះដោយមិនដឹងមូលហេតុរូបនេះ មានឈ្មោះបុិច ចម្រើន ហៅហ៊ៀញ អាយុ៣៩ឆ្នាំ មានលំនៅក្នុងភូមិដីឥដ្ឋ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បុរសជាប្តីរូបនេះបានបាត់ចេញពីផ្ទះតាំងពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩មកម៉្លេះ ហើយរហូតមកដល់ពេលនេះមិនទាន់មានដំណឹងអ្វីបន្តិចសោះ។
តាមការអះអាងពីស្ត្រីឈ្មោះចក់ ស្រី អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ធបុរសដែលបាត់ខ្លួនខាងលើបានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់បានបាត់ខ្លួនចេញពីផ្ទះដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយប្តីបានចេញទៅទាំងមិនបានប្រាប់សមាជិកគ្រួសារ ឬបងប្អូនមិត្តភក្តិថាខ្លួនចេញទៅណាជាមួយអ្នកណាឡើយ។

ក្រោយពេលដែលប្តីបាត់ខ្លួនភ្លាមៗ ក្រុមគ្រួសារបានព្យាយាមតាមស្វែងរកប្តីសព្វកន្លែងដែរ តែមិនមានដំណឹងអ្វីទាំងអស់ មិនដឹងថាប្តីទៅដល់ទីណាសុខទុក្ខយ៉ាងណានោះឡើយ។
ស្ត្រីជាប្រពន្ធរូបនេះបានឱ្យដឹងទៀតថា តាំងពីប្តីបាត់ខ្លួនមកមិនធ្លាប់ទាក់ទងឬផ្តល់ដំណឹងអ្វីប្រាប់អ្នកផ្ទះសោះឡើយ ទើបធ្វើឱ្យគាត់ជាប្រពន្ធមានការព្រួយបារម្ភខ្លាំងណាស់ និងសូមប្រកាសដល់ប្តី ប្រសិនបើលោកប្តីបានមើល និងដឹងដំណឹងដែលប្រពន្ធប្រកាសស្វែងរកហើយ សូមទំនាក់ទំនងមកអ្នកផ្ទះផង ព្រោះក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព។
ជាមួយនេះ ស្ត្រីជាប្រពន្ធក៏បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ ប៉ុន្តែមិនទាន់មានលទ្ធផលនៅឡើយ។
ហេតុនេះប្រសិនបើបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញបុរសដែលមានភិនភាគដូចក្នុងរូបថតខាងលើនេះ សូមមេត្តាជួយផ្តល់ព័ត៌មានមកលេខទូរស័ព្ទ ០៩៧ ៧០៩ ០០ ៨០ និង០៧១ ៩១ ៨២ ៨៥០ ដោយក្តីអនុគ្រោះ៕