ភ្នំពេញ ៖ តារាកំប្លែងល្បី អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ដែលទើបសម្រាលកូនជាតំណក់ឈាមប្តីថ្មី ជាតារាកំប្លែងរួមក្រុម លោកអ៊ុំ ក្សត្រា ហៅនាយកៃដ នោះ បានប្រាប់ប្តីនាងថា កុំមាត់ ប្រយ័ត្នកូនបង-កូនអូន ព្រួតវ៉ៃកូនយើង ដោយសារតែមុនពេលរៀបការរួមរស់ជាមួយគ្នា មានកូនម្នាក់ នៅពេលនេះពួកគេសុទ្ធតែជាមេម៉ាយ-ពោះម៉ាយ មានកូនម្នាក់មួយដូចគ្នា។

អ្នកនាងស្រេង សុកាន់ដា បានបង្ហោះរូបភាពនាងជាមួយប្តី និងរូបកូនជាមួយប្តីប្រពន្ធ មុនម្នាក់មួយ ព្រមទាំងរូបកូនតូចរបស់ពួកគេទាំងពីរដែលទើបកើតបានជាងមួយសប្តាហ៍ ជាមួយសំណេរថា “កុំមាត់ប្តី! ប្រយ័ត្នកូនបង និងកូនអូន វាព្រួតគ្នាវ៉ៃកូនយើង”។

ដោយឡែក នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២០ អ្នកនាងសុកាន់ដា ហៅខ្ញុង បានបង្ហោះរូបភាពនាងនិងកូនតូច ជាមួយសំណេរថា “ពេលមិនទាន់មានកូន និយាយពីថាស្រឡាញ់ប្តីស្ទើរលេប ដល់ពេលបោកប្តីបានកូនមួយ ឃើញមុខប្តី ចង់ក្អួត! អ៊ុំ ក្សត្រា អស់ន័យហើយឯង ខ្ញុំលែងស្រឡាញ់ឯងហើយ”។

ទោះជាយ៉ាងណា សំណេររបស់តារាកំប្លែងរូបនេះ ទស្សនិកជនមិនមានមន្ទិលសង្ស័យអ្វីនោះទេ ព្រោះគេដឹងពីសារជាតិរបស់តារាកំប្លែងរូបនេះទៅហើយ គឺនាងគ្រាន់តែសរសេរលេងសើចតែប៉ុណ្ណោះ ព្រោះនរណាក៏ដឹងដែរថា មុនពេលពួកគេរៀបការជាមួយគ្នា អ្នកទាំងពីរសុទ្ធតែជាមេម៉ាយ-ពោះម៉ាយ មានកូនប្រុសម្នាក់មួយ លុះពេលរួមរស់ជាមួយគ្នា ពេលនេះពួកគេមានកូនប្រុសម្នាក់ទៀត ទើបអ្នកនាងខ្ញុង ប្រើពាក្យថា “ប្រយ័ត្នកូនបង-កូនអូន ព្រួតវ៉ៃកូនយើង” បែបនេះ។

គួរបញ្ជាក់ថា អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានសម្រាលកូនមុនកំណត់ (៨ខែ) នៅមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

កូនប្រុសរបស់នាងដែលទើបសម្រាលនេះ ពេលកើតមក មានទម្ងន់ត្រឹមតែ២គីឡូប៉ុណ្ណោះ តែមានសុខភាពល្អ ទាំងម្តាយ និងកូន។ កូនប្រុសនេះត្រូវបានដាក់ឈ្មោះថា “ត្រារិសីមង្គល”៕ ខៀវទុំ
