ភ្នំពេញ ៖ នាយក្រិន បានជាសះស្បើយពីជំងឺ ៨០% ហើយ។ នេះបើតាមលោក សាវិន ហ្វីលីព ប្រាប់អ្នកយកព័ត៌មាន «នគរធំ» កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ។ ប៉ុន្ដែលោកហ្វីលីព ថាជំងឺនាយក្រិន បើលោកយឺតយ៉ាវក្នុងការជួយ ត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ នោះនាយក្រិន ប្រាកដជាលាចាកលោកបាត់ទៅហើយ ។

លោក សាវិន ហ្វីលីព ថ្លែងថា «ឥឡូវនេះនាយក្រិន សុខភាពត្រឡប់មកដូចដើមបាន៨០% ហើយ តែត្រ ចៀកគាត់ នៅរាងអត់សូវឮ ព្រោះនាយក្រិន ដាច់ក្រដាសត្រចៀក ជាបញ្ហាមួយមេរោគវាចូលទៅក្នុងស្រោមខួរក្បាល យ៉ាងលឿន។ សំណាងហើយដែលខ្ញុំទៅទាន់ពេល បើខ្ញុំទៅយឺតតែ ១ថ្ងៃ ខ្ញុំគិតថា នាយក្រិន គាត់ស្លាប់បាត់ទៅហើយ ព្រោះមេរោគឡើងជាង២៤០០០ ឯណោះ»។

តាមប្រភពថា ក្រៅពីមានសុខភាពសឹងតែប្រសើរដូចមុននោះ នាយក្រិន ដែលជំពាក់គេដល់ទៅ ១០ម៉ឺនដុល្លារ ហើយកាលពីដើមខែមីនា ឆ្នាំ២០២៦ សល់បំណុលប្រមាណ ២ម៉ឺនដុល្លារនោះ ឥឡូវបំណុលនោះ បានសងគេរួចរាល់អស់ហើយ ។
ទាក់ទងរឿងនេះ លោកសាវិន ហ្វីលីព អះអាងថា តាមដែលលោកបានដឹង បំណុលនាយក្រិន បានសងគេអស់ហើយ គិតមកដល់ពេលនេះ ។

នាយក្រិន និងអ្នកនាងប្រិបប្រិយ
គួររំលឹកថា នាយក្រិន ដែលមានឈ្មោះដើម ទេស សុជុន ត្រូវបានដឹកមកសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយសាតែនាយមានអាការធ្ងន់ធ្ងរ ដេកស្ដូកស្ដឹងភ្លេចភ្លាំងលែងចងចាំអ្វីទាំងអស់ ។ ក្រោយឃើញសុខភាពនាយក្រិន ស្ថិតក្នុងមាត់ជ្រោះបែបនេះ សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភទឹកប្រាក់ ចំនួន៥០០០ ដុល្លារ និងសប្បុរសជនផ្សេងៗ ឧបត្ថម្ភជាបន្ដបន្ទាប់ ធ្វើឲ្យនាយក្រិន មានលទ្ធភាពព្យាបាលជំងឺបានទាន់ពេលវេលា រួចផុតពីចង្កូមមច្ចុរាជ និងបានវិលទៅរស់នៅជួបជុំកូនទាំង៣នាក់ នៅខេត្តបាត់ដំបង វិញ ។ អ្នកសិល្បៈរួមអាជីព ក៏បានមើលឃើញពីសកម្មភាពលោកសាវិន ហ្វីលីព ដែរថា ញាប់ដៃជើងជួយនាយក្រិន ក៍ដូចជា ម៉េង ប៊ុនឡូ មុនគេ រហូតមានអ្នកសួរលោកថា តើលោកហ្វីលីព ខំយ៉ាងនេះ បានអីមកវិញ?

លោកសាវិន ហ្វីលីព និងនាយក្រិន
ជុំវិញបញ្ហាលោកសាវិន ហ្វីលីព ជួយនាយក្រិន និងម៉េង ប៊ុនឡូ ដោយទទួលបានអំណោយពីសប្បុរសជនមួយចំនួន តាមរយៈការប្រកូកប្រកាសរបស់លោកនោះ លោកហ្វីលីព អះអាងថា «ការពិត ជួយនេះ អត់មានរំពឹងថា បានអីពីពួកគាត់ទេ គឺជួយដោយបេះដូង ហើយក្នុងនាមយើងជាសិល្បករដូចគ្នា ឃើញគាត់ពិបាកចេះតែអាណិត បេះដូងប្រាប់ថា ត្រូវតែជួយគាត់ ព្រោះខ្ញុំគិតថា ជាការជួយចំគោលដៅមួយ ដែលគាត់ខ្វះខាតមែន»។

លោក សាវិន ហ្វីលីព បន្ថែមថាអ្នកដែលលោកមិនដឹងថា ត្រូវអរគុណ ឬនិយាយពាក្យពេចន៍យ៉ាងណាឲ្យសមនឹងអំពើរល្អរបស់គាត់នោះ គឺអ្នកនាងប្រិមប្រិយ ឯណោះទេ ដែលពេលនាយក្រិន និងម៉េង ប៊ុនឡូ ធ្លាក់ខ្លួនឈឺ នាងមកជួយមើលថែទាំអ្នកទាំងពីរ ដោយផ្ទាល់ដូចសាច់ញាតិរបស់គាត់ ។ លោកហ្វីលីព ថាសកម្មភាពរបស់ប្រិមប្រិយ បែបនេះ ធ្វើឲ្យលោកស្ងើចសរសើរដោយស្មោះ នូវទឹកចិត្តដ៏ល្អកកម្ររកបានរបស់នាង ហើយទាំង នាយក្រិន និងម៉េង ប៊ុនឡូ ក៏ចងចាំនូវទង្វើរបស់នាង ជារៀងរហូតដែរ ។

តាមប្រភពថា មុនពេលនាយក្រិន ដោះបំណុលគេរួចអស់ ១០ម៉ឺនដុល្លារ នៅឆ្នាំ២០២៦ នេះ នាយក៏ត្រូវបានលោក សាវិន ហ្វីលីព ជួយឲ្យចេះរកលុយតាមយូធូប ដើម្បីដោះបំណុលតាមរយៈការផលិតវីដេអូផ្សេងៗ បូករួមទាំងការចិញ្ចឹម មាន់ទា ដាំបន្លែ នៅដីទំនេរ ឯស្រុកកំណើត ខេត្តបាត់ដំបង ជាដើម ។ ឥឡូវជីវិតនាយក្រិន ចាប់ផ្ដើមមានសង្ឃឹមឡើងវិញហើយ ព្រោះជំងឺ ក៏បានធូរស្រាលជាងមុន ហើយបំណុលវ័ណ្ឌក ត្រូវបានដោះស្រាយអស់ ក្នុងពេលតែមួយទៀតផង ៕
