ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រ ចាំការក្រោមស្ពានអាកាសស្ទឹងមានជ័យ បានមានការភ្ញាក់ផ្អើល ទាំងកណ្តាលយប់ ខណៈរថយន្តដឹកទូកុងតឺន័រ ១គ្រឿង បើកបុកខឿនចិញ្ចើមផ្លូវ ក្រឡាប់ចូលទៅក្រោមស្ពានអាកាសស្ទឹងមានជ័យ មានចម្ងាយតែ ៤ម៉ែត្រប៉ុ ណ្ណោះ ពីកន្លែងដែលសមត្ថកិច្ចដែលកំពុងដេកយាម។ ចំណែកអ្នកបើកបររថយន្ត បានបើកទ្វាររថយន្ត រត់គេច ខ្លួនបាត់ បន្សល់ទុកថយន្ត នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើង កាលវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមផ្លូវ២១៧ កែង២៧១ ស្ថិតក្នុងភូមិ៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ចចរាចរណ៍ ដែលប្រចាំការនៅទីតាំងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ពួកគាត់កំពុងតែសម្រាក ក្រោយពីបញ្ចប់ការងារសម្រួលចរាចរណ៍ ហើយជាវេនប្រចាំការ ក៏សម្រាកលក់ ស្រាប់តែឮសំឡេងលាន់យ៉ាងខ្លាំង ក៏ភ្ញាក់ដឹងខ្លួន ស្រាប់តែឃើញរថយន្តដឹកទូកុងតឺន័រ ក្រឡាប់នៅក្បែរប៉ៅអី ធ្វើឱ្យពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ រថយន្តកុងតឺន័រខាងលើ ធ្វើដំណើរតាមផ្លូវ២១៧ ក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុ បានបត់ស្តាំ ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវខឿនស្ពានអាកាសស្ទឹងមាន ជ័យ បណ្តាលឱ្យក្រឡាប់តែម្តង។ ភ្លាមៗ បុរសជាអ្នកបើកបររថយន្ត បានបើកទ្វាររថយន្ត ចុះរត់គេចខ្លួនបាត់។ក្រោយកើតហេតុ ដោយមានការសហការជាមួយអាជ្ញាធរចរាចរណ៍ខណ្ឌមានជ័យ និងការិយាល័យជំនាញ បានធ្វើការវាស់វែង យករថយន្តស្ទួចខ្នាតធំ មកស្ទួចយករថយន្តបង្កហេតុ ទៅរក្សាទុក ដើម្បីស្រាវជ្រាវរកថៅកែក្រុមហ៊ុន ឱ្យចេញថ្លៃជួសជុលការខូចខាតខឿនចិញ្ចើមផ្លូវ៕

