ភ្នំពេញ ៖ តារាសម្ដែងស៊ីនឌី (CINDY) ដែលត្រូវប៉ាន់ភាពយន្ដបែបកំប្លែងជាច្រើនរឿងមកហើយ ដូចជារឿង ”លងអីលងម្ល៉េះ”, ”អាប០០៩” ជាដើម ហើយជាម្ចាស់ហាងស៊ីនឌី អិនខេ (Cindy Nk Salon) នោះបានឲ្យដឹងថា នៅពេលនេះលោកមានបំណងចង់ពង្រឹងអាជីវកម្មក្រៅសិល្បៈឲ្យកាន់តែរឹងមាំថែមទៀតតាមរយៈជំនាញរបស់លោកនោះ គឺការពង្រីកសាខាហាងអ៊ុតសក់ថ្មីបន្ថែម ខណៈដែលបច្ចុប្បន្នលោកមានហាងនៅទីតាំង៣ផ្សេងគ្នា គឺទី១. នៅបឹងកេងកង, ទី២. នៅទួលគោក និងទី៣.នៅផ្លូវកម្ពុជាក្រោម។

លោកស៊ីនឌី ប្រាប់ថា ហាងទាំង៣នេះ បានដំណើរការខ្ទង់២០ឆ្នាំមកហើយ ប៉ុន្ដែនៅមិនទាន់តម្រូវការគ្រប់គ្រាន់សម្រាប់អតិថិជននោះទេ ហេតុនេះហើយបានជាលោករៀបគម្រោងបើកហាងអ៊ុតសក់ថ្មីថែមទៀត ហើយហាងរបស់លោកមិនមែនតម្រូវតែតារានោះទេ គឺអតិថិជនទូទៅតែម្ដង។

យ៉ាងណា នៅពេលត្រូវសួរថា តើត្រូវត្រៀមទុនប៉ុន្មានសម្រាប់គម្រោងពង្រីកហាងថ្មីនោះ លោកស៊ីនឌី មិនចង់និយាយរឿងការចំណាយនោះជាមុនឡើយ។ ប៉ុន្ដែលោកថា ការបើកហាងអ៊ុតសក់ គឺជាជំនាញរបស់លោកតែម្ដង ព្រោះកន្លងមកលោកធ្លាប់ទៅសិក្សាផ្នែកនេះ ពីអ្នកជំនាញនៅប្រទេសសាំងហ្គាពួរ និងប្រទេសអង់គ្លេស ផងដែរ ហើយការសិក្សារផ្នែកនេះមិនទាន់បញ្ចប់ទេ ទើបលោកនៅតែចុះទៅរៀនជំនាញនេះថែមទៀត ដោយចុះឡើងទៅប្រទេសទាំង២ ជាញឹកញាប់។

ស៊ីនឌី បន្តថា ទោះជាបច្ចុប្បន្នកូវីដ-១៩ នៅតែមិនទាន់ស្ងប់ក្ដី ប៉ុន្ដែមិនប៉ះពាល់ដល់ហាងទាំង៣ របស់លោកច្រើននោះទេ គឺនៅតែមានអថិជនមកគាំទ្រជាធម្មតា ទើបលោកមានចិត្តចង់ពង្រីកសាខាថ្មីថែមទៀតនាពេលឆាប់ៗខាងមុខនេះ។

ថ្វីត្បិតតែមមាញឹកគ្រប់គ្រងហាងដល់ទៅ៣ទីតាំងផ្សេងគ្នាមែន ប៉ុន្តែលោកស៊ីនឌី ថា លោកនៅតែបន្ដអាជីពសិល្បៈតាមដែលអាចធ្វើទៅបាន ព្រោះលោកស្រលាញ់សិល្បៈជាយូរមកហើយ និងធ្លាប់បានសម្ដែងភាពយន្ដខ្ទង់ជាង១០រឿងផងដែរ ដែលភាគច្រើនអ្នកដឹកនាំសម្ដែង តម្រូវឲ្យលោកលេងរឿងបែបកំប្លែងជាតួខ្មោច និងអាប៕



