នៅរដូវក្ដៅឆ្នាំ២០២០ កន្លងទៅនេះ គេកត់សម្គាល់ឃើញថា តារាល្បីៗប៉ុនណា ក៏ដេកផ្ទះស្អាតដែរ ព្រោះតែបណ្ដាកម្មវិធីប្រគំតន្រ្ដីនៅតាមខេត្តទាំងឡាយ ត្រូវបានលុបចោលដោយសារតែកូវីដ-១៩ ទើបធ្វើឲ្យពួកគេមានពេលច្រើនងាកមកច្រៀងសម្ដែងនៅតាមបណ្ដាស្ថានីយទូរទស្សន៍។

ក្នុងនោះដែរ គេកត់សម្គាល់ឃើញថា តារាស្រីឈានមុខគេ២ដួង គឺមាស សុខសោភា និងពេជ្រ សោភា មានពេលឡើងឆាកទូរទស្សន៍ទាំងឡាយជាញឹកញាប់ ខណៈដែលឱក សុគន្ធកញ្ញា តាំងពីកាន់ក្បាលមីក្រូវិញ ក្រោយសម្រាលកូននោះ នាងមិនទាន់ឡើងច្រៀងនៅប៉ុស្ដិ៍ទូរទស្សន៍ណា ក្រៅពីហង្សមាស ដែលគ្រប់គ្រងដោយប្ដីរបស់លោកអ៊ឹង សុខលី ឡើយ។
ទាំងមាស សុខសោភា និងពេជ្រ សោភា មិនដែលនិយាយរឿងតម្លៃខ្លួនរបស់ពួកគេប្រាប់អ្នកកាសែតឡើយ។

ប៉ុន្ដែតាមអ្នកគ្រប់គ្រងកម្មវិធីប្រគំតន្រ្ដីតាមបណ្ដាស្ថានីយទូរទស្សន៍ទាំងឡាយ បាននិយាយស្របគ្នាថា សម្រាប់ការច្រៀងតាមប៉ុស្ដិ៍វិញ តារាទាំង២ ស៊ីថ្លៃស្មើគ្នានៅឆ្នាំ២០២០នេះ គឺ១០០០ដុល្លា។
ដោយឡែក សម្រាប់ការច្រៀងតាមឆាកតន្ត្រីធំៗនៅតាមបណ្ដាកម្មវិធីជប់លៀង ឬប្រគុំតន្រ្ដីតាមខេត្តវិញ មាស សោភា និងពេជ្រ សោភា ក៏មានតម្លៃប្រហែលគ្នាដែរ គឺស៊ីថ្លៃ៣០០០ដុល្លារដូចគ្នា។ ប៉ុន្តែកម្មវិធីខ្លះ ពួកគេមានការយោគយល់ខ្លះៗដែរ ដោយអាចចុះនៅក្រោមនេះតិចតួច បើអ្នកដឹកនាំកម្មវិធីប្រគំន្រ្ដីនោះ ធ្លាប់រួមការងារជាមួយគ្នាជាយូរឆ្នាំមកហើយ ដោយកម្មវិធីខ្លះ ពួកគេសុខចិត្តទម្លាក់តម្លៃខ្លួនមកត្រឹម២៥០០ដុល្លារប៉ុណ្ណោះ។

តាមរយៈការច្រៀង១កម្មវិធី តែ៣ទៅ៤បទ នៅទូរទស្សន៍ ហើយស៊ីថ្លៃដល់ទៅ១០០០ដុល្លារ ធ្វើឲ្យអ្នកដឹកនាំកម្មវិធីសិល្បៈមួយចំនួនមានការឈឺក្បាល ជាក់ស្ដែងដូចជា ពេជ្រ សោភា ជាដើម ត្រូវបានអ្នកដឹកនាំកម្មវិធីសិល្បៈម្នាក់ ថ្ងូរដូចព្រាបថា ទោះជាឲ្យនាងមានការយោគយល់យ៉ាងណា ក៏មិនចុះថ្លៃដែរ។
ប៉ុន្ដែសោភា បានតបទៅវិញថា នាងច្រៀងនៅប៉ុស្ដិ៍ហង្សមាសដែលជាឆ្នាំងបាយរបស់នាងគេឲ្យតម្លៃប៉ុនណា គឺនាងទារប៉ុស្ដិ៍ផ្សេងក៏ប៉ុណ្ណោះដែរ ព្រោះបើយកថោកជាង ខ្លាចមេអន់ចិត្ត។

ដោយឡែក មាស សុខសោភា វិញ នាងជាប់ដៃបើកហាងលក់កាហ្វេនៅកំពង់សោម ហេតុនេះហើយទោះជាខាងទូរទស្សន៍ហៅឲ្យមកច្រៀងនៅភ្នំពេញ ឲ្យ១ពាន់ដុល្លារនោះ ពេលខ្លះក៏នាងមិនចង់មកដែរ ដោយសំអាងថា មិនទាន់មានបទថ្មី ឬមិនចង់ច្រៀងបទចាស់ដដែលៗជាដើម។
គួរបញ្ជាក់ថា កន្លងមកប្រធានសមាគមន៍ទូរទស្សន៍កម្ពុជា ឯកឧត្តមម៉ៅ អាយុទ្ធ បានកោះប្រជុំ និងជូនដំណឹងទៅបណ្ដាតារាទាំងឡាយ ក៏ដូចជាស្ថានីយទូរទស្សន៍ថា តារាល្បីប៉ុនណា ក៏ឡើងច្រៀងម្ដង តម្លៃខ្លួនមិនឲ្យលើសពី១០០ដុល្លារឡើយ ព្រោះសំអាងថា ប៉ុស្ដិ៍ទូរទស្សន៍ក៏ជាកន្លែងដែលជំរុញឲ្យពួកគេបានល្បីដែរ។

ប៉ុន្ដែលក្ខខណ្ឌទាំងនេះលែងមានប្រសិទ្ធិភាពទៅវិញ ព្រោះស្ថានីយទូរទស្សន៍ ក៏ជាកន្លែងមាន Sponsor ដែរ ហើយបើយកថោកពេក ទូទាត់ទៅលើការចំណាយលើសាំងឡាន និងក្រុមរាំ រួមទាំងសម្លៀកបំពាក់មិនគ្រាន់ ហេតុនេះហើយបានជាពួកគេកំណត់តម្លៃដោយខ្លួនឯង ហើយតារាល្បីៗទារថ្លៃឡើងដល់១គុណ១០តែម្ដង។
ចំណែកតារាចម្រៀងមាស សុខសោភា ដែលដើរចេញពីផលិតកម្មថោន ហើយអាចនឹងចូលហង្សមាស ក្នុងពេលឆាប់ៗនេះ និងពេជ្រ សោភា ដែលឈរជើងនៅហង្សមាស ជាង១៥ឆ្នាំនោះ នៅតែត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀង Grade A ដែលប្រដមប្រសងជាមួយឱក សុគន្ធកញ្ញា ដែរ ទើបតម្លៃខ្លួនរបស់ពួកគេប្រហាក់ប្រហែលគ្នា។

រីឯរឿងស្នេហាវិញ មាស សុខសោភា សាងស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា ១៣ឆ្នាំ នៅមិនទាន់រៀបការទេ ខណៈដែលពេជ្រ សោភា លែងប្ដី៤ឆ្នាំ ពេលនេះកំពុងតែស្អិតល្មួតជាមួយប្រុសក្មេងឆឹម សក្កដា តែគ្មានដំណឹងចូលរោងការឡើយ៕ ហ៊ឹម វិចិត្រ