តារាទឹកភ្នែកនី មុនីនាថ ដែលស្ងប់ស្ងាត់ក្នុងអាជីពជាច្រើនខែមកហើយនោះ បានវិលមកថតសម្ដែងចម្រៀងខ្សែរឿងរបស់ហង្សមាស កាលពីពេលថ្មីៗនេះ ដែលការបង្ហាញសកម្មភាពឡើងវិញនេះ ជាការស្ដារមុខមាត់របស់នាងឡើងវិញ ហើយរឹតតែបញ្ជាក់ថា ទោះជាមានរឿងអាស្រូវបោកបក់លើខ្លួនយ៉ាងណា ក៏មុនីនាថ មិនត្រូវបានផលិតករទាំងនោះបំភ្លេចនាងចោលដែរ។

យ៉ាងណា តំណែងតួឯកក្នុងភាពយន្ដខ្នាតធំៗដូចមុននោះ មុនីនាថ នៅមិនទាន់ត្រូវបានក្រសោបបានឡើងវិញទេ។

អ្នកស្រីឌី សុភាលី ដែលជាម្ដាយរបស់មុនីនាថ មិនលើកទូរស័ព្ទឡើយ ទើបមិនអាចសុំការបំភ្លឺបានទេកាលពីពេលថ្មីៗនេះ។ ប៉ុន្ដែនៅថ្ងៃឡើងផ្ទះអ្នកនាងកាតុ តារាទឹកភ្នែកមុនីនាថ បានឲ្យដឹងថា មួយរយៈនេះនាងបានងាកទៅថតសកម្មភាពតាម Online ច្រើនមិនសូវបានថតខារ៉ាអូខេ និងភាពយន្ដនោះទេ អីចឹងហើយបានជាគេមិនសូវឃើញនាងចេញមុខ។

នី មុនីនាថ បានរងភាពអាម៉ាស ត្រូវអតីតគូដណ្ដឹងលោកអ៊ឹង សូឡាង ប្ដឹងពីបទឆបោកឡើងតុលាការកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ដោយអាណិកជនខ្មែរមកពីអាមេរិក រូបនោះ បានទាមទារប្រាក់សំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ។ ប៉ុន្ដែសំណុំរឿងនេះបែរជាស្ងប់ស្ងាត់ទៅវិញ ខណៈដែលលោកសូឡាង បានសង្ស័យថា រឿងក្ដីនេះមិនអាចទៅមុខរួច ដោយសាមានអ្នកធំអន្ដរាគមន៍មុនីនាថ។

ទាំងមុនីនាថ និងម្ដាយនាង អ្នកស្រីសុភាលី បានចាត់ទុកថា រឿងគេចោទថា មានអ្នកធំជួយរឿងក្ដីនោះ គឺគេមានចេតនាបង្ខូចកេរ្ដិ៍ឈ្មោះមុនីនាថ កុំឲ្យងើបមុខឡើងរួចតែម្ដង។

ប៉ុន្ដែរយៈពេលជិត៣ឆ្នាំនេះ មុនីនាថ បានរយាលៗពីការងារសិល្បៈ ទើបធ្វើឲ្យនាងធ្លាក់កូដ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនាងបែរជាមានទ្រព្យកាន់តែច្រើនទៅវិញ ដូចជាកាលពីខែមុន នាងបានឡើងផ្ទះវីឡាតម្លៃជាង៣០ម៉ឺនដុល្លារ យ៉ាងស្ងាត់ៗនៅបុរីជីពម៉ុង លែនទី១ ផ្លូវម៉ុងរិទ្ធី ទើបធ្វើឲ្យគេសង្ស័យថា នាងមានគូស្នេហ៍ជាមន្រ្ដីធំនៅក្រោយខ្នងជួយឧបត្ថម្ភ។

តែតារាទឹកភ្នែករូបនេះបានទទួលស្គាល់ថា នាងពិតជាទិញបានផ្ទះវីឡានោះមែន ប៉ុន្ដែគ្មានប្រុសណាជួយទេ៕