អ្នកលក់ផលិតផលតាមអនឡាញ គឺអ្នកនាងស៊ីវម៉ី ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ផេក Siv Mey Online Shop និងជាម្ចាស់ផលិតផល EiEi បានបរិច្ចាគថវិកាជួយដល់កាកបាទក្រហមកម្ពុជា រហូតដល់៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីមុននេះអ្នកនាងទើបតែបរិច្ចាគជួយ១ម៉ឺនដុល្លារផងដែរ។

អ្នកនាងស៊ីវម៉ី បានប្រកាសថា ដោយសារតែអ្នកនាងមិនមានពេលវេលាច្រើន ដើម្បីចុះចែកអំណោយដល់អ្នកខ្វះខាត ទើបអ្នកនាងបន្ថែម៣ម៉ឺនដុល្លារទៀត ដល់កាកបាទក្រហមកម្ពុជា ប្រចាំខេត្តកណ្ដាល តបតាមតម្រូវកង្វះខាត។

អ្នកនាងស៊ីវម៉ី បានផុសនៅលើហ្វេសប៊ុកថា “ថ្ងៃទី09 ខែកក្កដា ឆ្នាំ២០២០នេះ នាងខ្ញុំអ៊ាន សៀវម៉ី បានយកថវិកាទៅជួយដល់កាកបាទក្រហមនៅខេត្តកណ្តាល តាមរយ:ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានទទួលថវិកាចំនួន ៣០.០០០ដុល្លារ ពីនាងខ្ញុំអ៊ាន សៀវម៉ី អគ្គនាយិកាក្រុមហ៊ុន Castle E Diamond Co LTD និងជាម្ចាស់ Page Sivmei Online Shop ចែកចាយផលិតផលថែរក្សាសម្រស់ ម៉ាក Ei Ei ក្នុងការចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីអបអរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ” ខ្ញុំ ស្រលាញ់សន្តិភាព

នាងខ្ញុំសប្បាយរីករាយណាស់ដែលបានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាល ជាពិសេស មានសម្តេចអគ្គសេនាមហាបតីតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ជាប្រមុខដ៏ឆ្នើម។

នាងខ្ញុំសូមចែកជូនបុណ្យដល់បងៗ មិត្តៗទាំងអស់ផង សូមឲ្យជួបពរបវរសួស្តីមហាប្រសើរជួបតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ”។

ការផ្ដល់ជូនទឹកប្រាក់រហូតដល់៣ម៉ឺនដុល្លារ ដើម្បីកាកបាទក្រហមនេះ បានធ្វើឲ្យម្នាក់ៗមានការកោតសរសើរចំពោះអ្នកនាងយ៉ាងខ្លាំង ដោយសារតែអ្នកនាងបរិច្ចាគទឹកប្រាក់ក្នុងចំនួនច្រើន ស្របគ្នាដែលអ្នកនាងក៏សកម្មនឹងការជួយថវិកាដល់អ្នកខ្សត់ខ្សោយនៅលើហ្វេសប៊ុកផងដែរ៕

