យក់ ថិតរដ្ឋា ធ្លាប់វ៉ាដាច់មាស សុខសោភា អំឡុងពេលដែលពួកគេរួមទ្រនំជាមួយគ្នានៅផលិតកម្មកម្មរស្មីស្ទឹងសង្កែ ប៉ុន្តែពេលដែលជួបគ្នាជាថ្មីនៅផលិតកម្មថោន រដ្ឋា មិនអាចយកឈ្នះសោភា បានឡើយ។

ទោះជាយ៉ាងណា នៅពេលដែលមាស សុខសោភា ប្រកាសចាកចេញពីផលិតកម្មថោន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នោះ មានសំណួរជាច្រើនបានលើកឡើងថាតើតារាស្រីរូបណាទៅនៅថោន ដែលអាចជំនួសតំណែងមាស សុខសោភា បាន?

ក្នុងនោះដែរ មានអ្នកខ្លះលើកឡើងថា ថោន នឹងលើករ៉ាប៊ី ថែមទៀត ខណៈដែលខ្លះថា បាន មុនី្នល័ក្ខ ក៏មានសមត្ថភាពល្អដែរ និងខ្លះទៀតថា មានតែយក់ ថិតរដ្ឋា ម្នាក់ទេ ដែលស័ក្តិសមនឹងតំណែងមួយនេះ។

ប៉ុន្ដែការលើកឡើងបែបនេះ ដោយសារតែពួកគេភ្លេចគិតថា ពេលនេះ យក់ ថិតរដ្ឋា កំពុងតែពពោះកូនទី៣ ហើយនឹងត្រូវសម្រាលកូននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះហើយ អីចឹងតើឲ្យនាងកញ្រ្ជោកលើឆាកតន្រ្ដីរាំច្រៀងមួយអស់ដៃ រ៉ាប់រងការងារជំនួសមាស សុខសោភា ម៉េចបានទៅ?

លោកករុណា ពេជ្រ អតីតអ្នកចាត់ការទូទៅរបស់ផលិតកម្មថោន ធ្លាប់បានអះអាងថា តាមលោកដឹង ជាទម្លាប់ ថោន មិនដែលត្រៀមយកតារាណាទៅជំនួសតារាណាម្នាក់ទេ។ លោកជឿថា ថោននៅតែដំណើរការជាធម្មតា ដោយប្រើប្រាស់ធនធានដែលផលិតកម្មនេះមាន ប៉ុន្ដែលោកសោកស្ដាយខ្លាំងណាស់ដែលសោភា ចេញ។

យក់ ថិតរដ្ឋា ធ្លាប់ច្រៀងនៅផលិតកម្ម SSB , Nice Star , BIGMAN និងហង្សមាស ទើបមកទើរនៅទ្រនំចុងក្រោយ នៅថោន ប៉ុន្តែនាងមិនអាចដណ្ដើមភាពលេចធ្លោខ្លាំងបានឡើយ ព្រោះតែអំឡុងរួមទ្រនំជាមួយគ្នានោះ មាស សុខសោភា និងរ៉ាប៊ី មានប្រៀបជាង។

ទោះជាយ៉ាងណា រដ្ឋា មិនពឹងលើអាជីពសិល្បៈទាំងស្រុងនោះទេ ព្រោះនាងមានជីវភាពធូរធាទៅហើយ និងពេលនេះជិះរថយន្ដទំនើប២គ្រឿងឆ្លាស់គ្នា គឺ Lexus LX 570 និង Range Rover។

យក់ ថិតរដ្ឋា ដែលសាងស្នេហ៍១៤ឆ្នាំ ជាមួយស្វាមីឃុំ ប៉ុណ្ណាដែត នោះ ទទួលបានកូន៣នាក់ គឺកូនទី១. ឈ្មោះឃុំ រដ្ឋាណាលីដូ អាយុជាង១៣ឆ្នាំ , កូនទី២. ឈ្មោះឃុំ រដ្ឋាណាលីឌី អាយុជាង៤ឆ្នាំ និងកូនស្រីទី៣ ត្រៀមសម្រាលនៅចុងខែសីហា ខាងមុខនេះហើយ៕