តារាចម្រៀងសិចស៊ី កញ្ញាសេន យូរី ហៅយូរី ត្រូវបានគេបង្ហើបឲ្យដឹងថា ពេលនេះនាងបានដើរចេញពីផលិតកម្មសាន់ដេទៅហើយកាលពីពេលថ្មីៗនេះ។
ការធ្លាយរឿងយូរី អស់និស្ស័យជាមួយផលិតកម្មសាន់ដេ នេះ ព្រោះតែបទចម្រៀងថ្មីរបស់នាងដែលមានចំណងជើងថា Sexy18៎ មិនមែនចេញនៅផលិតកម្មសាន់ដេ ទៀតឡើយ ទើបធ្វើឲ្យមានការខ្ចរខ្ចាយដំណឹងថា យូរី ចេញពីផលិតមួយនេះ ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការជ្រួលច្របល់ ខណៈដែលអ្នកខ្លះលើកឡើងថា តើយូរី នឹងទៅចូលរួមទ្រនំហង្សមាស ជាមួយអតីតតារាសាន់ដេ ខេមរៈ សិរីមន្ដ , សុខ ស្រីនាង និងនីកូ ឬយ៉ាងណា?

ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងការប្ដូរទ្រនំចាស់ផ្លាស់ចូលទ្រនំថ្មីនេះ យូរី បានធ្វើការច្រានចោលទាំងស្រុងតែម្ដង ដោយនាងវាចាថា គ្មានបំណងក្នុងការប្ដូរផលិតកម្មក្នុងពេលនេះទេ។ នាងថា នៅជាមួយសាន់ដេ រយៈពេល៥ឆ្នាំមកនេះ គឺទទួលបានភាពកក់ក្ដៅខ្លាំងណាស់ ព្រោះទាំងថៅកែផលិតកម្ម និងក្រុមការងារឲ្យតម្លៃតារាចម្រៀងស្មើៗគ្នា ហេតុនេះហើយបានជានាងពេញចិត្តធ្វើការនៅផលិតកម្មនេះ ដោយគ្មានចេតនាថានឹងទៅផលិតកម្មណាដូចការលេចឮនោះទេ។

យូរី ប្រាប់ថា នៅពេលដែលអ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅ (ថ្ងៃទី៩ខែកក្កដា) នេះនាងកំពុងតែថតបទថ្មីៗឲ្យសាន់ដេ ដែលជាបទផ្ដោតទៅលើយុវវ័យ អីចឹងនាងឆ្ងល់ដែរថាម៉េចបានមានរឿងថានាងចេញពីសាន់ដេ នេះកើតឡើង។

តារាចម្រៀងពូកែតុបតែងខ្លួនរូបនេះ បន្ថែមទៀតថា នាងមិនចង់ឲ្យមានដំណឹងនេះកើតឡើងនោះទេ ព្រោះវាអាចធ្វើឲ្យថៅកែផលិតកម្មមិនសប្បាយចិត្ត តែយ៉ាងណា នាងថា ១០០% គឺពេលនេះនាងនៅតែជាតារាចម្រៀងរបស់សាន់ដេ ដែលមានកុងត្រានៅឡើយ។
ថ្វីត្បិតតែយូរី អះអាងបែបនេះក្ដី ប៉ុន្ដែកន្លងមកធ្លាប់លេចឮថាមានផលិតកម្មធំ២ចង់បាននាងធ្វើជាសមាជិករបស់គេនោះ គឺហង្សមាស និងថោន។ ប៉ុន្ដែយូរី មិនដែលនិយាយថា មានផលិតកម្មណាខ្លះបានទាក់ទងនាងនោះទេ ទើបពេលនេះស្ងាត់ៗ ស្រាប់តែលេចឮថា នាងចេញពីសាន់ដេ តែម្ដង។

លោកគឹម ផល្លី ជំនួយការផលិតកម្មសាន់ដេ បានឲ្យដឹងថា យូរី នៅតែជាតារាចម្រៀងរបស់សាន់ដេ ទេហើយកុងត្រារបស់នាងក៏មិនទាន់ផុតនៅឡើយ។ លោកថាចំពោះបទ 18៎យូ រី ធ្វើដោយខ្លួនឯង ហើយសាន់ដេ មិនអាចចេញបាន ទើបគាត់ចេញនៅខាងក្រៅផលិតកម្ម។
លោកផល្លី បន្ថែមថា កំពុងតែដឹកនាំថត MV បទថ្មីរបស់យូរី ដែលនឹងចេញនៅសាន់ដេ នាពេលខាងឆាប់ៗខាងមុខនេះហើយ។

មុនធ្លាយរឿងយូរី ចេញពីសាន់ដេ នេះ កាលពីដើមឆ្នាំ២០២០ មានព័ត៌មានថា យូរី មានទំនាក់ទំនងស្និទ្ធស្នាលជាមួយលោកជា នី ដែលជាថៅកែហាងផឹកស៊ីមួយកន្លែង រហូតធ្វើឲ្យគេមានការសង្ស័យថា អ្នកទាំង២ មានស្នេហាជាមួយគ្នាទៀតផង។

ទោះជាយ៉ាងណា យូរី នៅតែអះអាងថា នាងគ្មានទំនាក់ទំនងពិសេសជាមួយលោកថៅកែឡើយ ព្រោះនាងមិនចង់គិតរឿងស្នេហាពេលនេះ។ នាងថា នៅរដូវកូវីដ-១៩នេះ មិនធ្វើឲ្យនាងជួបផលវិបាកខាងសេដ្ឋកិច្ចខ្លាំងខ្លានោះទេ ព្រោះនាងចេញច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍គ្រប់ស្ថានីយតែម្ដង ដោយមិនប្រកាន់ឆាកទេ អីចឹងនៅតែមានប្រាក់ចំណូលពីសិល្បៈដែរ បើទោះជាការច្រៀងសម្ដែងតាមឆាកទូរទស្សន៍ មិនសូវបានប្រាក់ច្រើនចំណូលច្រើន ដូចតាមឆាកតន្ត្រីធំៗតាមខេត្តក្ដី៕ ហ៊ឹម វិចិត្រ