Friday, November 28, 2025
Homeតារាខ្មែរសុផា លីនដា ត្រៀមរៀបការ សង្សារចាស់នៅ ស៊ីនឿន មិនទាន់ឮដំណឹង

សុផា លីនដា ត្រៀមរៀបការ សង្សារចាស់នៅ ស៊ីនឿន មិនទាន់ឮដំណឹង

ស្រីស្អាតសុផា លីនដា បានប្រកាសនៅថ្ងៃសម្ពោធហាង “ខ្ទះពុះ” របស់នាង កាលពីថ្ងៃទី៩ ខែកក្កដា ថា នាងនឹងរៀបការជាមួយសង្សារថ្មីដែលជាអាណិកជនខ្មែរ មកពីបរទេស វ័យ៣០ស្ដើងនោះ​នៅពេលខាងមុខ ខណៈដែលពេលនេះនាងបានដាក់ទុនជាមួយគូស្នេហ៍ ហើយអនាគតស្វាមីរបស់នាង គឺជាចុងភៅប្រចាំហាងរបស់នាងតែម្ដង។

សុផា លីនដា និងសង្សារថ្មី

ការវាចាបែបនេះរបស់លីនដា បញ្ជាក់ថា នាងអាចនឹងដឹកដៃបណ្ដូលចិត្តក្រាបផ្ទឹម មុនអតីតសង្សាររបស់នាង​ លោកនៅ ស៊ីនឿន ជាមិនខាន​បើទោះជាមុននេះ អ្នកចម្រៀងហង្សមាស រូបនោះ បាននាំគូស្នេហ៍ថ្មីជានារីអាណិកជនខ្មែរ មកពីអាមេរិក ទៅថត​Pre –Wedding​ ទៅហើយក្ដី តែពួកគេនៅតែមិនទាន់ហ៊ានកំណត់ថ្ងៃរៀបការជាក់លាក់ឡើយ។

សុផា លីនដា ដែលក្លាយទៅជាថៅកែស្រីភោជនីយដ្ឋាននេះ ស្ទើរតែរៀបការជាមួយលោកនៅ ស៊ីនឿន ទៅហើយ ក្រោយពីពួកគេស្វែងយល់ចិត្តគ្នាមួយរយៈធំ ប៉ុន្ដែចៃដន្យអី! មុនឈានទៅកំណត់ថ្ងៃមង្គលការ ស៊ីនឿន ក៏ជាប់ភារកិច្ចទៅច្រៀងសម្ដែងនៅអាមេរិក រយៈពេល១ខែ កាលពីចុងឆ្នាំ២០១៨ ដើម្បីសន្សំលុយមកការ។

ខណៈដែលលីនដា នៅចាំម្ចាស់ចិត្តវិលវិញទាំងយប់ថ្ងៃថា នឹងបានរៀបការជាមួយគ្នានោះ ស្រាប់តែពេលនៅ ស៊ីនឿន វិលត្រឡប់មកវិញ គឺបានបណ្ដើរសង្សារថ្មីមកពីអាមេរិក ឈ្មោះ Dominique Som ដោយពួកគេបានភ្ជាប់ពាក្យនៅក្រុងតាខ្មៅ ជាចំហ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ហើយស៊ីនឿន ថែមទាំងជូនថ្លៃទឹកដោះទៅខាងស្រី នូវទឹកប្រាក់ដល់ទៅចំនួន៣៦,១៦៨ដុល្លារទៀតផង។

សុផា លីនដា មិនអាចទប់ទឹកភ្នែកបានឡើយ នៅពេលដែលប្រុសស្នេហ៍ធ្វើទង្វើបែបនេះដាក់នាង ហើយនាងរឹតតែឈឺចាប់ថែមទៀត អំឡុងពេលដែលជួបគ្នាដោយចៃដន្យ ហើយស៊ីនឿន បណ្ដើរសង្សារថ្មីនៅចំពោះមុខនាង​ដូចជានៅថ្ងៃមង្គលការលោកប៉ែន ចំរ៉ុង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាដើម ដែលពួកគេវាក់អឺគ្នា ហើយទីបំផុត លីនដា ដើរគេចចេញពីសង្សារចាស់។

ទោះជាយ៉ាងណា ដោយយល់ថា ស្នាមរបួស បើមិនព្យាបាលទេ វានឹងបណ្ដាលស្លាប់នោះ ទើបលីនដា ព្រមទទួលស្នេហ៍ថ្មី តាមរយៈការភ្ជាប់ស្នេហ៍ជាមួយបុរសអាណិកជនខ្មែរ មកពីបរទេស វ័យទើប៣០ស្ដើង ហើយលីនដា ប្រាប់ថា នាងនឹងសង្សារបានស្គាល់គ្នាជិត១ឆ្នាំហើយ ប៉ុន្តែទើបយល់ចិត្តគ្នាជាង៣ខែប៉ុណ្ណោះ។ នាងថា​នឹងរៀបការជាមួយម្ចាស់ចិត្តនាពេលខាងមុខនេះហើយ។

នៅ ស៊ីនឿន និងសង្សារ

ទស្សនិកជនរង់ចាំមើលថា តើនៅថ្ងៃរៀបការសុផា លីនដា លោកនៅ ស៊ីនឿន នឹងហ៊ានចូលរួមជូនពរដែរឬអត់ ខណៈដែលពេលនេះពួកគេបានប្រែក្លាយពីភាពផ្អែមល្ហែមទៅជាល្វីងជូរចត់ និងជាគូបដិបក្សគ្នាទៅហើយ បើទោះជាម្នាក់ៗមានថ្មីរៀងៗខ្លួនក្ដី៕

RELATED ARTICLES