ពិធីការិនីធ្មេញច្រពើសស្រីស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បានបញ្ចេញសារដោយលើកហេតុផលថា មូលហេតុដែលនាងមិនអាចរៀបការឆ្នាំ២០២០នេះបាន ព្រោះកូវីដ-១៩ អីចឹងមានតែត្រូវពន្យារពេលរហូតរង់ចាំដល់ឆ្នាំក្រោយ (២០២១)ឯណោះ ដែលមានន័យថា នាងអាចនឹងរៀបការនៅអាយុ២៩ឆ្នាំ ព្រោះឆ្នាំនេះ នីរ័ត្ន មានអាយុ២៨ឆ្នាំហើយ។

ទោះជាយ៉ាងណា ស្រីស្អាតរូបនេះគួរឲ្យក្នាញ់រូបនេះ មិនព្រមបង្ហើបឲ្យគេដឹងឡើយថា អនាគតស្វាមីរបស់នាងជាបុរសម្នាក់ណាឡើយ។

ហ៊ិន ច័ន្ទនីរ័ត្ន អតីត Freshie Girl លេខ១ កាលពីឆ្នាំ២០០៧ ត្រូវបានគេចាត់ទុកថា នាងជាស្រីស្អាតដែលមានសម្រស់លេចធ្លោម្នាក់គួរឲ្យបេតី ហើយរាល់ពេលដែលនាងបង្ហាញខ្លួននៅទីណា តែងតែធ្វើឲ្យប្រុសៗជ្រួលជ្រើមស្នេហ៍។

ប៉ុន្ដែគេស្ទើរតែមិនជឿឡើយថា ហ៊ិន ច័ន្ទនីរ័ត្ន បែរជាធ្លាប់ជួបស្នេហាមិនសូវសមប្រកបទៅវិញ ដូចជាកន្លងមកនាងប៉ះស្នេហ៍ឯកឧត្តមក្មេងពិសិដ្ឋ, លោកព្រីង ច័ន្ទបុត្រ ហៅនាយចេក , កូនមន្រ្ដីធំម្នាក់ដែលរៀបការចោលនាង កាលពីឆ្នាំ២០១៧ ជាដើម។

ប៉ុន្ដែទោះជាស្នេហាមិនសូវដូចបំណងយ៉ាងណា ក៏នីរ័ត្ន មិនដែលបង្ហាញទុក្ខស្នេហ៍ ឬបង្ហូរទឹកនេត្រាដូចតារាផ្សេងៗទៀតនោះទេ គឺនាងតែងតែរីករាយជានិច្ច ហើយគូស្នេហ៍របស់នាងចុងក្រោយ ត្រូវបានគេដឹងថា ជាបុរសរូបសង្ហាជិះរថយន្ដ Range Rover ពណ៌ខ្មៅ ដែលពួកគេរួមដំណើរជាមួយគ្នាស្ទើររៀងរាល់ថ្ងៃ ហើយគេជឿថា នាងនឹងរៀបការនៅឆ្នាំក្រោយនេះ ជាមួយបុរសម្នាក់នោះជាមិនខានឡើយ។

អ្នកយកព័ត៌មានយើងធ្លាប់សួរហ៊ិន ច័ន្ទនីរ័ត្ន រឿងនាងកៀកកើយបុរសថ្មីនោះ តែស្រីស្អាតបែរជារកនឹកមិនឃើញថា ប្រុសដែលនាងរួមដំណើរជាមួយនោះជាម្នាក់ណាឡើយ។នាងថា ចិត្តនាងចង់រៀបការ៥០% មិនចង់រៀបការ៥០% អីចឹងទោះជាមិត្តភក្ដិសម្រុករៀបការយ៉ាងណា ក៏នាងមិនទាន់មានអារម្មណ៍ចង់រៀបការ១០០%ដែរ៕

