Friday, November 28, 2025
Homeតារាខ្មែរលោកនូ ស៊ិប ថា ពេជ្រ សោភា និងមាស សុខសោភា មានក្រមសីលធម៌ល្អដូចគ្នា

លោកនូ ស៊ិប ថា ពេជ្រ សោភា និងមាស សុខសោភា មានក្រមសីលធម៌ល្អដូចគ្នា

ពេជ្រ សោភា ឈរជើងនៅហង្សមាស ជាង១៥ឆ្នាំមកហើយ ដែលធ្លាប់ធ្លាក់កូដតែម្តងគត់នៅឆ្នាំ២០១៤-២០១៥ ក្រោយមកនាងក្រោកឈរឡើងវិញស្ទើរតែមិនគួរឱ្យជឿឡើយ ដោយរក្សាតំណែងប្រដមប្រសងជាមួយឱក សុគន្ធកញ្ញា ទៀតផង។

ប៉ុន្តែតំណែងពេជ្រ សោភា ហាក់មានភាពស្រពេចស្រពិល ព្រោះប្រឈមបាត់បង់នាពេលដ៏ខ្លីខាងមុខនេះ ប្រសិនបើមាស សុខសោភា ពិតជាចូលជ្រកនៅហង្សមាសមែន…។

ពេជ្រ សោភា

ពេជ្រ សោភា ធ្លាប់ធ្លាក់កូដហៅស្ទើរតែមិនចង់ឮឡើយ អំឡុងពេលដែលឱក សុគន្ធកញ្ញា ត្រូវបានស្វាមីរបស់នាងលើកស្ទើរតែផុតដំបូលហង្សមាស កាលពី៦ឆ្នាំមុន ហើយគ្រប់គ្នាគ្មានអ្នកណារំពឹងថា សោភា នឹងងើបមុខឡើងវិញបានទេ។

ប៉ុន្តែនៅឆ្នាំ២០១៦ ក្រោយពីពេជ្រ សោភា បានលែងលះប្តីអាណិកជនខ្មែរ មកពីអាមេរិក លោកឡៅ ឆលី នោះ ស្រាប់តែទីផ្សារចម្រៀងរបស់នាងបានស្ទុះហក់ឡើងវិញ បន្ទាប់ពីនាងចាប់ដៃគ្នាជាមួយងួន ចាន់ដេវីដ។ ម្នាក់ៗស្រឡាំងកាំងព្រោះតែពួកគេគិតថា សោភា ចប់ហើយ តែដឹងអី! បែរជានាងល្បីឡើងវិញបាន។

ប៉ុន្តែតំណែងពេជ្រ សោភា នៅឆ្នាំ២០២០នេះ ត្រូវបានមហាជនមើលឃើញថា នាងកំពុងស្ថិតក្នុងភាពផុយស្រួយទៅវិញ ព្រោះតែថ្មីៗនេះ តារាចម្រៀងជើងខ្លាំង មាស សុខសោភា បានប្រកាសដើរចេញពីផលិតកម្មថោន បង្កការភ្ញាក់ផ្អើលទាំងស្រទាប់មហាជននិងចង្កោមអ្នកសិល្បៈ។

ភាគរយខ្ពស់ណាស់ដែលមាស សុខសោភា នឹងទៅចូលរួមជាមួយហង្សមាស ហើយត្រូវបានអ្នកជំនាញសិល្បៈ លោកនូ ស៊ិប អះអាងថា សោភា ត្រូវប៉ះគូប្រកួតប្រជែងថ្មី គឺពេជ្រ សោភា មិនមែនជាឱក សុគន្ធកញ្ញា ឡើយ។

ក្នុងជំនួបថ្មីៗនេះ លោកនូ ស៊ិប យល់ថា ពេជ្រ សោភា នឹងមិនធ្លាក់ចុះនោះទេ ប្រសិនបើមាស សុខសោភា ចូលហង្សមាស មែននោះ។

ក្នុងជំនួបតាមទូរស័ព្ទ ពេជ្រ សោភា បានអះអាងថា នាងគ្មានការព្រួយបារម្ភចំពោះវត្តមានរបស់មាស សុខសោភា នោះទេ ប្រសិនបើនាងចូលហង្សមាស ឬនៅផលិតកម្មណាក៏ដោយ។ នាងថា សោភា ច្រៀងបទស្លូវពីរោះខ្លាំងណាស់ នាងទទួលស្គាល់សំឡេងផ្អែមតែម្តង ចំណែកនាងវិញ ជោគជ័យភាគច្រើនបទញ័រញាក់ទេ។

ពេជ្រ សោភា បន្ថែមថា រវាងនាង និងសោភា សុទ្ធតែមិត្តភក្តិរាប់អានគ្នាយូរឆ្នាំមកហើយ និងម្នាក់ៗដឹងថា ខ្លួនធ្វើអីបាន ហេតុនេះហើយតួនាទីរបស់យើងមិនជាន់គ្នាទេ គឺមានចំណុចខ្លាំងរៀងៗខ្លួន អ៊ីចឹងគ្មានអ្នកណាមកផ្តួលអ្នកណាទេ គឺមានតែប្រឹងប្រែង ហើយបើកចិត្តឱ្យចំហ កុំគិតថា អ្នកណាលេខ១ ពីណាលេខ២ គឺទុកឱ្យមហាជនវាយតម្លៃទៅចុះ។

មាស​ សុខសោភា

ដោយឡែកលោកនូ ស៊ិប អតីតតារាចម្រៀងផលិតកម្មហង្សមាស បានឱ្យដឹងថា ពេជ្រ សោភា និងមាស សុខសោភា នឹងត្រូវបានហង្សមាស រៀបចំឱ្យល្បីម៉្យាងៗម្នាក់ ប្រសិនបើពួកគេនៅផលិតកម្មតែ១ ជាមួយគ្នានោះ។ លោកថា តារាទាំង២ (មាស សុខសោភា , ពេជ្រ សោភា) សុទ្ធតែមានសមត្ថភាពរៀងៗខ្លួន ហើយតាមលោកមើលទៅអ្នកទាំង២នេះមានក្រមសីលធម៌ល្អដូចគ្នាតែម្តង។

លោកបន្ថែមថា ហង្សមាស ជាក្រុមហ៊ុនជំនាញសិល្បៈច្បាស់ណាស់ អ៊ីចឹងគេនឹងឱ្យទាំង២នាក់នេះ ល្បីតាមរបៀបគេនីមួយៗ មិនមែនគ្រាន់តែមាស សុខសោភា ទៅដល់ ធ្វើឱ្យពេជ្រ សោភា ធ្លាក់ចុះដោយសារទប់ទល់មិនជាប់នោះទេ ព្រោះក្រុមហ៊ុននេះមានការប្រគំតន្ត្រីច្រើន អ៊ីចឹងគេបែងចែកឱ្យតារាគេធ្វើការរៀងៗខ្លួន។

ថ្វីត្បិតតែលោកនូ ស៊ិប អះអាងថា ពេជ្រ សោភា នឹងមិនអីទេ ពេលមាស សុខសោភា ទៅដល់មែន ប៉ុន្តែកន្លងមក ហង្សមាស ក៏បានបង្ហាញឱ្យមហាជនឃើញជាក់ស្តែងដែរថា ពេលខេមរៈ សិរីមន្ត ទៅដល់ហង្សមាស ធ្វើឱ្យតារាប្រុស២ដួង បានស្ងប់ស្ងាត់ព្រមគ្នាតែម្តងនោះ គឺណុប បាយ៉ារិទ្ធ និងឆន សុវណ្ណរាជ។

ដោយឡែក មាស សុខសោភា វិញ ត្រូវបានគេមើលឃើញថា នាងជាអ្នកចម្រៀងជើងខ្លាំងម្នាក់ ដែលទៅដល់ណាក៏ល្បី ហើយមកដល់ពេលនេះសម្រាប់ការច្រៀងបទស្លូវនៅមិនទាន់ឃើញមានតារាណាមានទឹកដមសំឡេងល្អជាងមាស សុខសោភា ឡើយ។

លោកនូ ស៊ិប ទទួលស្គាល់ចំណុចនេះ ដោយលោកអះអាងថា សមត្ថភាពដូចមាស សុខសោភា ពិតជាទៅដល់ណា ក៏គេទទួលយកមែន ហើយទៅណាក៏ល្បីដែរ ប៉ុន្តែលោកថា ពេជ្រ សោភា ក៏ជាអ្នកចម្រៀងអាជីពដ៏ល្អម្នាក់ផងដែរ។

ពេជ្រ សោភា និងមាស សុខសោភា មានតម្លៃខ្លួនប្រហាក់ប្រហែលគ្នា គឺស៊ីថ្លៃ១កម្មវិធី ៣០០០ដុល្លារ។ ទោះជាយ៉ាងណា នៅពេលដែលពេជ្រ សោភា និងមាស សុខសោភា ប៉ះគ្នានៅទ្រនំតែ១នោះ ច្បាស់ជាមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងជាមិនខាន ខណៈដែលឱក សុគន្ធកញ្ញា ជាប្អូនថ្លៃថៅកែហង្សមាស ត្រូវបានគេចាត់ទុកថា អំណាចរបស់នាងប្រៀបដូចជាថៅកែផលិតកម្មទៅហើយ៕

RELATED ARTICLES