Friday, November 28, 2025
Homeតារាខ្មែរស្រីស្អាត ណាណា ហួសចិត្តចោរលួចនំកំប៉ុង និងស្ករគ្រាប់ជំនាងផ្ទះ

ស្រីស្អាត ណាណា ហួសចិត្តចោរលួចនំកំប៉ុង និងស្ករគ្រាប់ជំនាងផ្ទះ

ភ្នំពេញ ៖ អតីតតារាសម្តែងស្រីរូបស្រស់ដែលបាត់មុខពីវិស័យសិល្បៈជាច្រើនឆ្នាំ និងកំពុងសម្ងំកើបប្រជាប្រិយភាពតាមបណ្តាញសង្គមហ្វេសប៊ុក តាមរយៈការលក់ផលិតផលថែសម្រស់ ស្រីស្អាតណាណា ត្រូវបានចោរមួយក្រុមធ្វើសកម្មភាពគាស់ចូលហាង ប្រមូលយកសម្ភារៈអស់ជាច្រើនដែលសុទ្ធសឹងតែជារបស់របរប្រើប្រាស់របស់មនុសស្រី។

ករណីចោរគាស់ហាងលួចទ្រព្យសម្បត្តិខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ប៉ុន្តែទើបនឹងបែកធ្លាយ បង្កការភ្ញាក់ផ្អើលឡើង បន្ទាប់ពីស្រីស្អាតណាណា បានបង្ហោះទាំងរូបភាពនិងវីដេអូបង្ហាញពីសកម្មភាពរបស់ក្រុមចោរដែលបានចូលលួចរបស់របរនៅក្នុងហាងរបស់នាង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តាញសង្គមហ្វេសប៊ុក។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ស្រីស្អាត ណាណា ដែលមានឈ្មោះ Nana Boutique Shop បានបង្ហោះសារមួយ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ថា “គ្រោះអាក្រក់ សូមឱ្យទៅតាមអាចោរចង្រៃហ្នឹងឱ្យអស់ចុះ ចាត់ទុកថា លាងស៊យទៅតាមអីវ៉ាន់ដែលវាយកទៅចុះ វាបានគាស់ហាងខ្ញុំ ខ្ញុំបានដាក់ពាក្យបណ្តឹងរួចហើយ បងប្អូនសូមប្រុងប្រយ័ត្នផងណា សំខាន់វាយកឡេ យកគ្រឿងផាត់មុខស្រីៗ ទៅធ្វើអី?

អីវ៉ាន់ដែលវាយកសុទ្ធតែរបស់ស្រីៗ ស្ទីមសែលពងត្រី លេក្លៀក សំឡីជូតមុខ ទឹកអប់ខ្ញុំ រោមភ្នែក គូល័រភ្នែក សាប៊ូកក់សក់ ដែលខ្ញុំប្រើហើយ នៅមានចិបចុបច្រើនទៀត។ រាល់ដងមានអ្នកដេកចាំកន្លែង ចង្រៃអីថ្ងៃនឹងអត់មាន នៅមានវីដេអូច្បាស់ឃើញមុខហែងទៀត…”។

ស្រីស្អាតណាណា បានបន្តថា “ម៉ោងជិត៤ភ្លឺ ថ្ងៃទី១៣,០៧,២០២០ ដំបូងថាអត់ចង់ផុសទេ តែផុសក៏ល្អឱ្យបងប្អូនប្រុងប្រយ័ត្ន ព្រោះរាល់ដងមានមនុស្សនៅដេកនឹង ស្រាប់ថ្ងៃនឹងចង្រៃអីអត់អ្នកដេកយាមក្នុងហាងខ្ញុំគ្មានរបស់មានតម្លៃថ្លៃអីទេ មានតែឡេ គ្រឿងផាត់មុខ Makeup ហើយសុទ្ធតែរបស់ស្រីៗ នៅថ្ងៃបន្ទាប់សង្ស័យគ្នាវាដែរ ជិះមកពេលល្ងាច ជិះចង់៥-៦ដងទៅមកៗ ហើយមើលមកហាង រហូត…”។

ស្រីស្អាតណាណា បានបន្ថែមថា “ឯងលក់ឡេទេ មិនមែនលក់ទូរស័ព្ទ មាស ពេជ្រទេ បងចោរអើយ កំពុងក្រផង សំខាន់នំ HANAMI កំប៉ុងឯងញ៉ាំហើយ និងស្ករគ្រាប់សែនជំនាងហាង ក៏យកទៅដែរ អាចោរនេះវើយ…”។

យ៉ាងណាមិញ នៅក្នុងសកម្មភាពចោរដែលបានចូលនៅក្នុងហាង អតីតតារាសម្តែងរូបនេះមិនមានបាត់បង់ទ្រព្យសម្បត្តិ និងរបស់មានតម្លៃមួយចំនួនដូចជា គ្រឿងអលង្ការ ឬលុយកាក់អ្វីនោះទេ ប៉ុន្តែបែរជាបាត់របស់ប្រើប្រាស់ស្រីទៅវិញ ដូចជា ឡេ គ្រឿងផាត់មុខ សំឡីជូតមុខ ទឹកអប់ រោមភ្នែក គូល័រភ្នែក និងសាប៊ូកក់ជាដើម៕

RELATED ARTICLES