យូរី បានធ្វើឲ្យក្រុមអ្នកគាំទ្ររបស់នាងមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ព្រោះតែនាងបានប្រាប់អ្នកកាសែតនូវចម្លើយ២បញ្ច្រាស់គ្នា ដោយម្ដងថានៅជាតារាចម្រៀងសាន់ដេ និងម្ដងថា នាងចេញទៅហើយ ទើបធ្វើឲ្យគេពិបាកផ្ដល់ទំនុកចិត្តដល់អតីតតារា Rock រូបនេះ។

ទោះជាយ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទជាមួយអ្នកយកព័តមាន ”នគរធំ” កាលពីពេលថ្មីៗនេះ យូរី ថា នាងនៅតែជាអ្នកចម្រៀងរបស់ផលិតកម្មសាន់ដេ ដដែលទេ ខណៈដែលលោកគឹម ផល្លី ជំនួយការផលិតកម្មសាន់ដេ បានអះអាងថា ១០០% យូរី នៅតែជាតារាចម្រៀងរបស់សាន់ដេ។

ប៉ុន្ដែរអ្នកសារព័ត៌មានមួយចំនួនសួរ យូរី បែរជានិយាយថា នាងបាយ បាយ សាន់ដេ ទៅហើយ។
យូរី បានធ្វើឲ្យមានភាពស្រពេចស្រពិលថា នាងដើរចេញពីផលិតកម្មសាន់ដេ ក្រោយពីតារាចម្រៀងសិចស៊ីរូបនេះ បានចេញបទ ”Sexy 18៎” នៅលើយូធូប ដែលគ្មានឡូហ្គោផលិតកម្មសាន់ដេ។

យ៉ាងណា លោកផល្លី បញ្ជាក់ថា បទនេះ យូរី ធ្វើដោយខ្លួនឯង ហើយពិតជាមិនអាចចេញនៅលើសាន់ដេ បានមែន ហេតុនេះហើយបានជាយូរី ចេញដោយខ្លួនឯង។

មុនផ្ទុះរឿងយូរី ដើរចេញពីផលិតកម្មសាន់ដេ នេះ រឿងស្នេហារបស់អុ្នកចម្រៀងរូបនេះ ជាមួយលោកជា នី ដែលជាថៅកែហាងផឹកស៊ីមួយកន្លែង បានល្បីកក្រើកតែម្ដង ដោយសារតែទំនាក់ទំនងពួកគេខុសពីការរាប់អានគ្នាធម្មតា ដូចជាអ្នកទាំង២បានជិះរថយន្ដតែ២នាក់ និងបណ្ដើរគ្នាដូចគូសង្សារ ប៉ុន្ដែទាំងយូរី និងលោកនី បែរជាថា គ្មានអ្វីចម្លែកទៅវិញ។

ទោះជាយ៉ាងណា បើសិនជាយូរី ព្រមផ្សារភ្ជាប់ស្នេហ៍លោកថៅកែមែននោះ ច្បាស់ជានាងនឹងក្លាយទៅជាថៅកែស្រីជាមិនខាន ហើយពេលនោះមានកូនចៅរាប់រយនាក់ក្រោមឱវាទ ហើយមិនបាច់រាំច្រៀង ក៏លោកថៅកែអាចធ្វើឲ្យនាងមានសេចក្ដីសុខពេញ១ជីវិតបានដែរ។

ប៉ុន្ដែយូរី ធ្លាប់ប្រាប់ថា នាងមិនទាន់ចង់បានប្ដីទេ គឺចង់ពង្រឹងអាជីពចម្រៀង និងមុខជំនួញដោយនាំចូលគ្រឿងសម្អាងពីកូរ៉េ និងជប៉ុន ឲ្យរឹងមាំជាងនេះសិនទើបគិតរឿងស្នេហាតាមក្រោយ៕