នៅខែកក្កដា ឆ្នាំ២០២០នេះ គេឃើញមានតារាប្រុសស្រីល្បីៗជាច្រើនដួងប្រជែងគ្នាលេងម៉ូដរថយន្ដទំនើបៗ ក្នុងនោះ មានតារាស្រីដល់ទៅ១១ដួង ជិះ Lexus LX 570 និងតារាមួយចំនួនទៀតនិយមជិះ Range Rover , Porsche , Mazda , BMW , Lexus NX 200t , Audi និង Chevrolet ជាដើម។
ដោយឡែក សម្រាប់រថយន្ដ Rolls-Royce ដែលមានតម្លៃខ្ពស់កប់ពពកនោះវិញ គេឃើញមានតែតារាស្រី៤ដួងប៉ុណ្ណោះ ដែលកំពុងជិះរថយន្ដទំនើបលំដាប់សេដ្ឋីនេះ។
១. អ្នកនាងស្រីតូច ចំណាន ៖ ភរិយាលោកឧកញ៉ាមហាសេដ្ឋី គិត ម៉េង រូបនេះ បានជិះរថយន្ដ Rolls-Royce ប៉ុន្ដែអតីតពិធីការិនីនិងតារាសម្ដែងរូបនេះ ប្រើប្រាស់រថយន្ដជាច្រើនគ្រឿងទៀតឆ្លាស់គ្នា ដូចជា Lexus LX570 , BMW និង Mercedes ជាដើម។

ថ្វីត្បិតតែជិះរថយន្ដ១គ្រឿង តម្លៃដល់ទៅកន្លះលានដុល្លារមែន តែអ្នកនាងចំណាន ពេលខ្លះមិនសូវលេងគ្រឿងអលង្ការ មាស ពេជ្រ ជ្រែកខ្លួនឡើយ។ ស្រីតូច ចំណាន បានរួមរស់ជាមួយលោកឧកញ៉ាគិត ម៉េង ជាច្រើនឆ្នាំ រហូតដល់មានកូន៤នាក់ (ស្រី២) ទើបអ្នកនាងរៀបការជាមួយសេដ្ឋីរូបនេះ កាលពីថ្ងៃទី២០ខែមីនា ឆ្នាំ២០១៥ ហើយពេលនេះអ្នកនាងមិនទាន់ពពោះកូនទី៥ឡើយ។

២. លី យ៉ាណា ៖ ភរិយាលោកឧកញ៉ាហុង ពីវ រូបនេះ ក៏ជិះរថយន្ដ Rolls-Royce ដែរ ប៉ុន្តែនាងមានរថយន្ដទំនើបជាច្រើនគ្រឿងទៀត។ លី យ៉ាណា ជាអតីតម្ចាស់ជ័យលាភីលេខ២ ក្នុងកម្មវិធី “Super Model” របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ កាលពីឆ្នាំ២០១១។

ក្រោយភ្ជាប់ស្នេហ៍ជាមួយលោកឧកញ៉ាហុង ពីវ អ្នកនាងយ៉ាណា រស់នៅជាសេដ្ឋិនីលើគំនរទ្រព្យមហាសាល ហើយទទួលបានចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាត។

៣. ទេព បូព្រឹក្ស ៖ អតីតតារាចម្រៀងរស្មីស្ទឹងសង្កែ, TV Production និងហង្សមាស រូបនេះ បានយំខ្សឹបខ្សួលអួលដើមក នៅពេលដែលប្រុសស្នេហ៍ងួន ចាន់ដេវីត បានហុចកូនសោររថយន្ដទំនើប Rolls-Royce Ghost ក្នុងថ្ងៃខួបចំណងស្នេហ៍៤ឆ្នាំ កាលពីពេលថ្មីៗនេះ។

បូព្រឹក្ស និយាយផងជូតទឹកភ្នែកផងថា នាងធ្លាប់មានក្ដីស្រម៉ៃចង់ជិះរថយន្ដនេះ ហើយបើមិនអាចមានដូចគេ សូម្បីតែជិះ១ពេល ក៏អស់ចិត្តដែរ។ ប៉ុន្ដែពេលនេះ ដេវីត ធ្វើឲ្យនាងសម្រេចក្ដីស្រម៉ៃនេះហើយ ខណៈដែលនាងបានសួរទៅដេវីត ថា ពេលណាទើបរៀបការនោះ ម្ចាស់បទ”រាំញីកែងជើង” មិនហ៊ានកំណត់ថ្ងៃការឡើយ។
ប៉ុន្ដែមហាជនកត់សម្គាល់ថា ទាំងបូព្រឹក្ស និងដេវីត តាំងពីចេញពីហង្សមាស មកមិនសូវមានសកម្មភាពសិល្បៈដូចមុនទេ តែពេលនេះពួកគេបែរជាសម្បូរលុយដុល្លារ ជិះរថយន្ដលំដាប់សេដ្ឋីផ្អើលមេឃតែម្ដង។

រថយន្ដRolls-Royce ជារថយន្ដប្រណីតដែលមានជាច្រើនម៉ាកនៅលើពិភពលោក ហើយរថយន្ដនេះត្រូវបានបែងចែកជាច្រើនស៊េរី ដូចជា Rolls-Royce Phantom, Rolls-Royce Dawn, Rolls-Royce Collinan, Rolls-Royce Wraith និង Rolls-Royce Ghost ជាដើម។
ក្នុងចំណោមរថយន្ដ Rolls-Royce ខាងលើ គឺមានតែ Rollls-Royce Ghost ទេ ដែលមានតម្លៃធូរថ្លៃជាងគេ គឺស៊េរីឆ្នាំ២០២០ ត្រូវបានគេដាក់លក់នៅសហរដ្ឋអាមេរិក តម្លៃ ៣១៥០០០ដុល្លារ៕ ហ៊ឹម វិចិត្រ