ប៉ៃលិន ៖ ប្រជាពលរដ្ឋប្រមាណជិត ១០០នាក់ កាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ បាននាំគ្នាយកវិក្កយ បត្រភ្លើងអគ្គិសនី ក្រោយដែលពួកគាត់ពិនិត្យឃើញគីឡូភ្លើងអគ្គិសនីឡើងខ្ពស់កប់ពពក ទៅឱ្យអាជ្ញាធរខេត្ត ពិនិត្យ នៅក្នុងបរិវេណមណ្ឌលសុខភាពផ្សារព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខណៈដែលម្នាក់ ៗកើតទុក្ខមិនសុខចិត្ត ដោយអះអាងថា ថ្លៃភ្លើងពួកគាត់ ខ្លះឡើងគីឡូគុណនឹង២ ខ្លះគុណនឹង៣ ហើយបើ បែប នេះ រកលុយបង់ឱ្យតែថ្លៃភ្លើង មិនបាច់រស់ទេ។

តាមសម្តីបុរសម្នាក់ ឈ្មោះជុំ វិសាល រស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានរៀបរាប់ថា កាលពីខែមុន ការប្រើភ្លើងអគ្គិសនីរបស់គាត់ អស់ត្រឹមតែជាង៣លានរៀលប៉ុណ្ណោះ។ តែរហូតមកដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ក្រោយទទួលបានវិក្កយបត្រ ពីក្រុមហ៊ុនអគ្គិសនីភ្លាម ស្ទើរតែគាំងបេះដូង ដោយត្រូវបង់ ប្រាក់ចំនួនជាង ៦លានរៀលឯណោះ ខណៈដែលគាត់ប្រើឧបករណ៍ក្នុងផ្ទះ ដូចសព្វមួយដង មិនបន្ថែមបន្ថយ អ្វីនោះឡើយ។

ចំណែកអ្នកស្រី ផៃ ហ៊ូស៊ីវៃ បានឱ្យដឹងដែរថា ជារៀងរាល់ខែ ការបង់ថ្លៃភ្លើងអគ្គិសនីប្រើប្រាស់របស់គាត់អស់ ត្រឹមតែ ៥០ ទៅ៦០ម៉ឺនរៀលប៉ុណ្ណោះ។ ប៉ុន្តែនៅដើមខែឧសភានេះ តម្លៃភ្លើងអគ្គិសនី ដែលត្រូវបង់ ឡើងរហូត ដល់ជាង ១លានរៀល។ នេះពិតជាធ្វើឱ្យគាត់លំបាកក្នុងការរស់នៅយ៉ាងខ្លាំង ព្រោះតែថ្លៃ ភ្លើងឡើងខ្ពស់ខ្លាំង ពេក ទ្វេជាពីរតែម្តង។

ចំណែកប្រជាពលរដ្ឋផ្សេងៗទៀត បានឱ្យដឹងថា ថ្លៃភ្លើងអគ្គិសនី ខែមុនៗ អស់ត្រឹមតែ ៤ទៅ៥លានរៀល ក្នុង១ខែ។ ប៉ុន្តែចូលមកដល់ដើមខែឧសភា ឆ្នាំ២០២៣ នេះ ភ្លើងអគ្គិសនីឡើងរហូតដល់ជាង ១០លានរៀល ឯណោះ ដែលជាការលំបាករកលុយបង់ឱ្យថ្លៃភ្លើងខ្លាំងណាស់។ ដូច្នេះពួកគាត់សំណូមពរឱ្យអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ជួយចុះត្រួតពិនិត្យមើលកុងទ័រភ្លើងអគ្គិសនី ឱ្យបានត្រឹមត្រូវ ដើម្បីស្វែងរកមូលហេតុនៃ ការឡើងគីឡូវ៉ាត់ខ្ពស់បែបនេះ។

អ្នកខ្លះទៀត រស់នៅក្នុងក្រុងប៉ៃលិន បានបង្ហោះសារកើតទុក្ខមិនសុខចិត្តនឹងបញ្ហាភ្លើងអគ្គិសនីឡើងខ្ពស់ កប់ពពក ហើយហួសចិត្តយ៉ាងខ្លាំង ព្រោះការប្រើប្រាស់ប្រចាំថ្ងៃ មិនមានអ្វីលើសពីសម្ភារៈដែលធ្លាប់ប្រើ កាលពីមុននោះឡើយ។ បើភ្លើងអគ្គិសនីឡើងក្រឹតៗ ដូចទឹកជំនន់បែបនេះ មើលទៅមិនអាចរស់បានឡើយ ពិតជាមានការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

ចំណែកលោកសុខ សួន ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តប៉ៃលិន បានឱ្យដឹងថា មូលហេតុ ដែលគីឡូវ៉ាត់ភ្លើង អគ្គិសនីឡើងខ្ពស់បែបនេះ គឺដោយសារតែអាកាសធាតុប្រែប្រួល ក្តៅខ្លាំង ធ្វើឱ្យទូទឹកកក ដំណើរការខ្លាំង ទាញយកចរន្តអគ្គិសនីច្រើន ទី២- ដោយសារតែមានការបន្ថែមការប្រើប្រាស់សម្ភារៈនៅក្នុងផ្ទះច្រើន ទី៣-អាច មកពីការឆ្លងចរន្តអគ្គិសនីតាមខ្សែបណ្តាញ ចាប់តាំងពីកុងទ័រភ្លើង រហូតដល់ក្នុងផ្ទះ ហើយដោយសារ តែខ្សែ ភ្លើងប៉ះនឹងដើមឈើ ឬមែកឈើ ក៏អាចឱ្យបាត់បង់នូវថាមពលអគ្គិសនីដែរ ទី៤- ដោយសារតែប្រជាពល រដ្ឋប្រើប្រាស់ភ្លើងអគ្គិសនីច្រើន នារដូវក្តៅ ទើបធ្វើឱ្យភ្លើងអគ្គិសនីឡើងខ្ពស់បែបនេះ។

ទោះបីជាមានការបកស្រាយយ៉ាងណា ក៏ប្រជាពលរដ្ឋ នៅតែកើតទុក្ខមិនសុខចិត្ត ចង់ឱ្យអាជ្ញាធរអគ្គិសនី ចុះមកពិនិត្យ និងថ្លឹងកុងទ័រភ្លើងអគ្គិសនី សាជាថ្មីឡើងវិញ ហើយជួយសម្របសម្រួលតម្លៃដែលត្រូវបង់ ឱ្យថ្លៃភ្លើងកើនឡើងជាពីរជាបី ដែលមិនអាចទទួលយកបាន។

ចំណែកលោកហុក សុផល អភិបាលរងខេត្ត បានសម្របសម្រួល និងយកវិក្កយបត្រភ្លើងអគ្គិសនីទាំងអស់ប្រ មូលទុកពិនិត្យមើលពេលក្រោយ ដោយមានខាងអាជ្ញាធរអគ្គិសនីជាតិ ចុះមកវាស់វែងមើលកុងទ័រ និងគីឡូវ៉ាត់ ផងដែរ តែសុំឱ្យប្រជាពលរដ្ឋផ្តិតមេដៃចូលរួមវាស់កុងទ័រ ដែលឡើងខ្ពស់ទាំងអស់គ្នា ដើម្បីស្វែងរកមូល ហេតុ ដែលភ្លើងអគ្គិសនីឡើងខ្ពស់បែបនេះ៕
