Friday, June 27, 2025
Homeព័ត៌មានជាតិរដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងបញ្ចៀសចរា ចរណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងបញ្ចៀសចរា ចរណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលចុះហត្ថលេខា ដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានខ្លឹមសារទាំងស្រុងថា «រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ងត៍ ម្ចាស់ រថយន្ត ដឹកទំនិញគ្រប់ប្រភេទ រថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ ប្រភេទ ឱ្យបានជ្រាបថា ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំដូចខាងក្រោម ៖

១- រថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្តោងរ៉ឺម៉ក មិនអនុញ្ញាតឱ្យចរាចរចូល តំបន់រៀបចំព្រះរាជពិធីបុណ្យ និងរង្វង់បរិវេណជុំវិញទីតាំងប្រារព្ធពិធី ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១០ៈ០០នាទី រហូតដល់ម៉ោង ២២ៈ០០នាទី ដែលគោលដៅហាមឃាត់មាន សមត្ថកិច្ច ឈរជើងចាំណែនាំ ប៉ុន្តែអាចចរាចរបានចាប់ពីម៉ោង ២២ៈ០០នាទី រហូតដល់ម៉ោង ១០ៈ០០នាទី។

២- ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាថ្ងៃឈប់សម្រាក ដូច្នេះការដ្ឋានសំណង់ទាំងអស់ ត្រូវផ្អាកដំណើរការ ចំពោះរថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តក្រឡុកស៊ីម៉ងត៍ មិនអនុញ្ញាតឱ្យចរាចរ ចូលក្នុងតំបន់ទីប្រជុំជនក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌចម្ការមន ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌ បឹងកេងកង។

៣- គ្រប់យានយន្តធ្វើដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មិនអនុញ្ញាតឱ្យចរាចរលើវិថីខេមរភូមិន្ទ (ផ្លូវលេខ១៣០) ផ្លូវលេខ៥ វិថីតេជោដំឌិន (ផ្លូវលេខ១៥៤) វិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ផ្លូវលេខ២៩៤ កំណាត់មហាវិថីសម្តេចសុធារស ចាប់ពីផ្លូវលេខ២៤០ រហូតដ់ល់ ផ្លូវខាងជើងស្ពានទូតរុស្ស៊ី វិថីរដ្ឋសភា ផ្លូវលេខ៧៨ ផ្លូវសប៊ិត មហាវិថីព្រះសុរាម្រិត និងកំណាត់តីរវិថី ព្រះស៊ី សុវត្ថិ ចាប់ពីរង្វង់សម្តេចសង្ឃ ជួន ណាត រហូតដល់ផ្លូវលេខ១៣០។

៤- នៅផ្លូវជាតិលេខ១ ៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញដែលឆ្លងកាត់រាជធានីភ្នំពេញ ត្រូវចូលចតនៅក្នុង បរិវេណវត្តនិរោធរង្សី ចំណតរថយន្តច្បារអំពៅ (ចំណតបេនរថយន្ត ស៊ុយ សុផាន) និងត្រូវបញ្ចៀសចរា ចររថយន្តធុនធំ ចំណុចផ្លូវជាតិលេខ១ កែងផ្លូវរោងចក្រថៃហ្គ័រ។ ចំពោះរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវចូលចតក្នុងបរិវេណវត្តនិរោធរង្សី និងតាមបណ្តោយផ្លូវលេខ៣៦៩ (ខាងត្បូងវត្តព្រែក ប្រា)។

៥- នៅផ្លូវជាតិលេខ២ ៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញ ត្រូវចូលចតនៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។ ចំពោះរថយន្តធុនធំដែលចរាចរលើផ្លូវលេខ២១៧ ត្រូវឈប់ចតនៅខាងជើងរង្វង់មូលកួរស្រូវ និងត្រូវបញ្ចៀសចរាចរណ៍រថយន្តធុនធំ ៤គោលដៅ រួមមាន ៖ រង្វង់មូលកួរស្រូវ មុខវត្តស្លែង មុខវត្តចាក់អង្រែ ក្រោម និងគល់ស្ពានអាកាសក្បាលថ្នល់ខាងត្បូង។

៦- នៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ៖ រថយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់រាជធានីភ្នំពេញ ទៅ តាមបណ្តាខេត្តប៉ែកពាយ័ព្យ និងឦសាន ត្រូវធ្វើចរាចរតាមមហាវិថីឈ្នះ-ឈ្នះ ទៅតាមផ្លូវជាតិលេខ៥ ឬឆ្លងកាត់ស្ពានព្រែកព្នៅ និងត្រូវបញ្ចៀសចរាចរណ៍រថយន្តធុនធំ ៣គោលដៅ រួមមាន ៖ អតីតរង្វង់មូល ចោមចៅ ស្តុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងស្តុប២០០៤។ ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក ចូលទស្សនាព្រះរាជពិធី ត្រូវឈប់-ចត មិនឱ្យចូលហួសស្កុបណតប៊្រីដឡើយ។

៧- នៅផ្លូវជាតិលេខ៥ ៖ រថយន្តធុនធំ ត្រូវបង្វែរទិសធ្វើដំណើរតាមមហាវិថីឈ្នះ-ឈ្នះ ឬចូលចត នៅចំណត គីឡូម៉ែត្រលេខ៩។ ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក ចូលទស្សនាព្រះរាជពិធី ត្រូវឈប់-ចត មិនឱ្យចូលហួសផ្លូវលេខ៦៨ឡើយ។

៨- នៅផ្លូវជាតិលេខ៦ៈ រថយន្តធុនធំ ត្រូវបង្វែរទិសធ្វើដំណើរឆ្លងកាត់ស្ពានព្រែកព្នៅ តាមមហាវិថីឈ្នះ-ឈ្នះ។ ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវចូលចតនៅទីតាំងដីតំបន់អភិវឌ្ឍន៍ OCIC។

៩- នៅផ្លូវលេខ២៧១ និងផ្លូវលេខ៣៧១ៈ រថយន្តធុនធំ ត្រូវបញ្ចៀសចរាចរណ៍ ត្រង់ចំណុចផ្លូវលេខ៣៧១ កែងផ្លូវលេខ២៧១។ ចំពោះរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកអ្នកដំណើរចូលទស្សនាព្រះរាជពិធី ត្រូវឈប់ -ចតត្រឹមច្រមុះជ្រូកក្បាលថ្នល់។

១០- នៅផ្លូវចោមចៅ (ផ្លូវវេងស្រេង) ៖ រថយន្តធុនធំ ត្រូវបញ្ចៀសចរាចរណ៍ នៅត្រង់ចំណុចច្រមុះ ជ្រូកស្ទឹង មានជ័យ។

១១- ចំពោះរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកអ្នកដំណើរ មកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក តាមផ្លូវលេខ៥៩៨ និងមហាវិថីឧកញ៉ាម៉ុងឫទ្ធី ត្រូវបង្វែរចូលតាមផ្លូវតូចៗ មិនឱ្យចូលហួសមហាវិថីគីម ម៉ីលស៊ុង និងចតនៅបរិវេណតំបន់ អភិវឌ្ឍន៍បឹងកក់។ ចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ មិនឱ្យចូលក្នុងរាជធានីភ្នំពេញ។

១២- ចំពោះសាឡង់ដឹកខ្សាច់ ទូក និងកប៉ាល់គ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់មុខទីតាំងប្រារព្ធពិធី នៅមុខ ព្រះបរមរាជវាំង ត្រូវផ្អាកធ្វើនាវាចរក្នុង អំឡុងពេលប្រារព្ធពិធី នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លើកលែងតែកាណូតដឹកភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចចរាចរនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងអាច ចរាចរចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពិធីបណ្តែតប្រទីប ត្រូវបានបញ្ចប់តាម ថ្ងៃនីមួយ ៗ។

១៣- ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ ត្រូវផ្អាកធ្វើចរាចរ ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពី ម៉ោង១២ៈ០០នាទី រហូតដល់ម៉ោង ២២ៈ០០នាទី ប៉ុន្តែអាចចរាចរបាន ចាប់ពីម៉ោង ២២ៈ០០នាទី រហូតដល់ ម៉ោង ១០ៈ០០នាទី។

ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថរាជធានី ភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៣ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាព ព្រមទាំងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់»៕

RELATED ARTICLES