ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ រយៈពេល ៣ថ្ងៃ (ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣) នេះ បានប្រព្រឹត្តទៅប្រកបដោយភាពរីករាយ អធិកអធម ដោយមានបង ប្អូនប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេស មកទស្សនាការប្រណាំងទូក ការបណ្តែតប្រទីប និងដើរលេងកម្សាន្ត យ៉ាងច្រើនកុះករ ដែលមានចំនួនសរុបប្រមាណជាង ១លាននាក់ ។

សូមបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ មានការប្រ ណាំងទូកង ចំនួនដល់ទៅ ១៦៦គូ ដោយមានបងប្អូនប្រជាពលរដ្ឋ និងទេសចរបរទេសចម្រុះជាតិសាសន៍ បានអញ្ជើញមកទស្សនា និងដើរកម្សាន្ត ទិញទំនិញតាមស្តង់ពិព័រណ៍ទំនិញជាច្រើន ហើយនៅពេលល្ងាច មានការបណ្តែតប្រទីប ចំនួន ៣០ រំលេចដោយក្បាច់រចនា ភ្លើងពណ៌ដ៏ស្រស់ស្អាត ព្រមទាំងទស្សនាការប្រ គំតន្ត្រី តាមទម្រង់សិល្បៈបុរាណនិងសម័យ ដែលមានប្រគំជូននៅតាមសួនសាធារណៈផងដែរ។

សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ សម្តេច នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៣ ថា បន្ទាប់ពីខកខានប្រារព្ធធ្វើព្រះរាជពិធីនេះអស់រយៈពេល ៣ឆ្នាំកន្លងទៅ ព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ ឃើញថាកីឡាករអុំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានមកទស្សនាកម្សាន្ត ការប្រណាំងទូកងនៅមាត់ទន្លេ មុខព្រះបរមរាជវាំង ដើរទិញទំនិញតាម ស្តង់តាំងពិព័រណ៍ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗ ក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការ ប្រគំតន្ត្រី តាមទម្រង់សិល្បៈបុរាណ និងសម័យ ដែលមានប្រគំជូននៅតាមសួនសាធារណៈប្រកប ដោយភាពសប្បាយ រីករាយ។

សម្តេចហ៊ុន សែន បន្តថា ទន្ទឹមនឹងការកម្សាន្តសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត ទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយ តាមរយៈព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះផងដែរ ដោយខេត្តមួយចំនួនបានរៀប ចំការប្រ ណាំងទូកថ្នាក់ខេត្ត ដូចជាខេត្តសៀមរាប ជាដើម។

សម្តេចហ៊ុន សែន បន្តថា ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិ ធំបែបនេះបាន បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូក ថ្ងៃនេះដែរ។

សម្តេចហ៊ុន សែន បានជូនពរកីឡាករអុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិទាំងអស់ ទទួលបានភាពសប្បាយ រីករាយ និងសុខសុវត្ថិភាព ក្នុងការត្រឡប់ទៅកាន់ទីស្នាក់អាស្រ័យ និងភូមិកំណើតវិញ៕ ខៀវទុំ
