Friday, June 27, 2025
Homeព័ត៌មានជាតិ កាយដំបូក ប៉ះវត្ថុបុរាណ ឧមាយោនី និងប្រអប់ ជើងបដិមា

 កាយដំបូក ប៉ះវត្ថុបុរាណ ឧមាយោនី និងប្រអប់ ជើងបដិមា

ខេត្តឧត្តរមានជ័យ ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ថា វត្ថុបុរាណចំនួន២ដុំ (បល្ល័ង្កយោនី និងប្រអប់ជើងបដិមា ធ្វើពីថ្មភក់) ត្រូវបានប្រទះឃើញអំឡុងពេលកសិករ បានប្រើអេស្កាវ៉ាទ័រ កាយដីដំបូក នៅក្បែរស្រែ ដើម្បីរៀបចំដាំដំណាំ នៅចំណុចភូមិត្រពាំងស្វាយ ឃុំបេង ស្រុក បន្ទាយអម្ពិល។

លោកហុង យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានបញ្ជាក់ប្រាប់ថា ទីតាំងដែល ប្រទះឃើញបល្ល័ង្កនិងប្រអប់ជើងបដិមា គឺស្ថិតនៅភូមិត្រពាំងស្វាយ ឃុំបេង ស្រុកបន្ទាយអម្ពិល ជាប់ព្រំប្រ ទល់ខេត្តបន្ទាយមានជ័យ។

ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់នូវព័ត៌មានខាងលើ លោកហុង យឿន ប្រធានមន្ទីរ បានចាត់លោកអ៊ីង ពៅ អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដឹកនាំមន្ត្រីការិយាល័យសារមន្ទីរ សហការជាមួយនគរបាលការ ពារបេតិកភណ្ឌ មន្ត្រីរដ្ឋបាលស្រុកបន្ទាយអម្ពិល និងមានការចូលរួមពីអនុប្រធានភូមិត្រពាំងស្វាយ ប្រជាការ ពារភូមិ និងម្ចាស់ដី ចុះទៅធ្វើការត្រួតពិនិត្យ វត្ថុបុរាណដែលប្រជាពលរដ្ឋបានប្រទះឃើញ មានចំនួន២ដុំ នោះ។

វត្ថុបុរាណទាំង២ដុំ ដែលត្រូវបានប្រទះឃើញ ទី១-ប្រអប់ជើងទេវរូប ធ្វើអំពីថ្មភក់ បណ្តោយ ១៩សង់ទីម៉ែត្រ ទទឹង ១៧សង់ទីម៉ែត្រ និងកម្ពស់ ២០សង់ទីម៉ែត្រ។ ទី២-បល្ល័ង្កយោនី ធ្វើអំពីថ្មភក់ បណ្តោយ ៦៤សង់ទីម៉ែត្រ ទទឹង៦៤សង់ទីម៉ែត្រ និងកម្ពស់៥១សង់ទីម៉ែត្រ។

ប្រអប់ជើងទេវរូប ត្រូវបានក្រុមការងារយកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។ ចំណែកបល្ល័ង្ក យោនី ត្រូវបានរក្សាទុកនៅទីតាំងដើមដដែលជាបណ្តោះអាសន្នសិន ដោយសារមានទំហំធំពេក៕

RELATED ARTICLES