កំពត ៖ ក្រុមការងារល្បាតរបស់ខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានប្រទះឃើញវត្តមានហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ ក្បាលនៅតំបន់ឆ្នេរ នៃក្រុងបូកគោ ខេត្តកំពត។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ថា ក្រោម កិច្ចសហការរវាងក្រុមការងារល្បាតខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) ដោយធ្វើការតាមដានយ៉ាងដិតដល់ចំពោះសត្វផ្សោតសមុទ្រ ដោយតាមដាននិងពិនិត្យតាមហ្វូងផ្សោត រយៈពេលបីខែ កន្លងមក សង្កេតឃើញថាចំនួនសត្វផ្សោតសមុទ្រ មានការកើនឡើងគួរឱ្យកត់សម្គាល់។ដោយឡែកនៅថ្ងៃទី២២ ខែធ្នូ ក្រុមការងារបានរកឃើញហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ក្បាល នៅខេត្តកំពត ដោយមេហ្វូងផ្សោតទាំងអស់នេះ មានអាយុប្រមាណ២០ឆ្នាំ។
លោកនាយខណ្ឌ បានបន្ថែមថា ហ្វូងសត្វផ្សោតសមុទ្រ ដែលមានវត្តមានក្នុងខេត្តកំពត មិនត្រឹមតែហ្វូង ផ្សោតពណ៌ផ្កាឈូក (Pink Dolphin) នោះទេ គឺមានទាំងហ្វូងផ្សោតប្រភេទផ្សេងទៀត ប្រមាណពី ២០ ទៅ ៣០ក្បាល ដែលបានរស់នៅជាអចិន្ត្រៃយ៍នៅក្នុងតំបន់សហគមន៍នេសាទត្រពាំងរពៅ សហគមន៍នេសាទ ព្រែកត្នោត និងសហគមន៍នេសាទចង្ហោន។

លោកនាយខណ្ឌ បានឱ្យដឹងបន្ថែមថាថា ខេត្តកំពត មានផែនការយុទ្ធសាស្ត្រក្នុងការបង្កើតជា តំបន់គ្រប់ គ្រងជលផលថ្មីមួយ ដែលមាន ទំហំ៧០០០ហិកតារ ស្ថិតនៅតំបន់ឆ្នេរក្នុងភូមិសាស្ត្រក្រុងបូកគោ ដើម្បីរក្ស ភិរក្សព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ សត្វកម្រ ពិសេសអភិរក្ស ផ្សោតសមុទ្រ ដែលជាប្រភេទសត្វ កម្រជិតផុតពូជ។
ជាមួយគ្នានេះដែរ ក្រោយរកឃើញចំពោះការកើនឡើងនៃចំនួនសត្វផ្សោតសមុទ្រនេះ លោកនាយខណ្ឌ ក៏បានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធ ពិសេសបងប្អូនប្រជានេសាទ ចូលរួមថែរក្សាការពារសត្វផ្សោតសមុទ្រ ដ៏កម្រ និងជិតផុតពូជនេះ ទាំងអស់គ្នា។

យោងតាមអនុក្រឹត្យលេខ១២៣ បានកំណត់សត្វងាយរងគ្រោះកំពុងរងគ្រោះ និងប្រភេទសត្វកម្រជិតផុតពូជ មានដូចជា ជ្រូកទឹក អណ្តើកសមុទ្រ សេះសមុទ្រ ឆ្លាមប្រភេទខ្លះ និងសត្វជាច្រើនទៀត សរុបចំនួន ២៥ប្រភេទ ដែលត្រូវអភិរក្ស។ ចំពោះសត្វផ្សោតសមុទ្រ ក៏ស្ថិតនៅក្នុងចំណោមសត្វទាំង ២៥ប្រភេទនោះដែរ៕