ខេត្តកំពង់ឆ្នាំង ៖ ត្រីគល់រាំង ១ក្បាល មានទម្ងន់៨,៥គីឡូក្រាម និងមានប្រវែង០,៦៥ម៉ែត្រ ដែលជាប្រភេទត្រីកម្រ និងកំពុងរងគ្រោះថ្នាក់ ត្រូវបានសមត្ថកិច្ចជំនាញជលផល យកមកលែងចូលដែននេសាទវិញ បន្ទាប់ពីមាន សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនេសាទបាន។
លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុច វាលភក់ ក្នុងភូមិសាស្ត្រភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង មាន ប្រជានេសាទម្នាក់ ឈ្មោះសុខ ជ្រុយ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិក្រងផ្តឹល ឃុំប្រឡាយមាស ស្រុកកំពង់លែងបានជូនដំណឹងថា ខ្លួនបាននេសាទត្រីគល់រាំង បាន១ក្បាល ដោយប្រើឧបករណ៍លប។ បន្ទាប់ពីទទួលបានដំណឹងនេះ លោកបានរាយការណ៍មកជំនាញជលផល ដើម្បីយកត្រីនេះ លែងចូល ដែននេសាទវិញ។

គួរបញ្ជាក់ផងដែរថា ត្រីគល់រាំង ជាប្រភេទត្រីទឹកសាប មានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយត្រី ប្រភេទនេះ ត្រូវការពារដោយក្រឹត្យច្បាប់លេខ ៣៣ ក្រ.ច ស្តីពីការគ្រប់គ្រងវិស័យជលផល ក្នុងជំពូក ២ មាត្រា ១៨ ។ ទន្ទឹមនឹងនេះដែរ ក៏មានការបង្កើតតំបន់ការពារអន្លង់ត្រី ជាច្រើននៅតាមទន្លេមេគង្គ ដើម្បីអភិរក្ស ពូជត្រីជិតផុតពូជនេះ។
ពិសេសជាងនេះ ជាប្រភេទត្រីមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់ការផ្សព្វផ្សាយ ឱ្យប្រជាកសិករចិញ្ចឹម ព្រោះវាងាយស៊ីចំណីធម្មជាតិនិងឆាប់ធំ និងជាប្រភេទជិតផុតពូជ ដែលអង្គការអភិរក្សពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានា កំពុងមានចំណាប់អារម្មណ៍ជួយផ្តល់ជំនួយការពារ ថែរក្សាប្រភេទត្រីនេះ ឱ្យខាងតែបាន៕