ភ្នំពេញ ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញ ទស្សន កិច្ចផ្លូវការ នៅប្រទេសបារាំង នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក អេម៉ានុយ អែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ នេះបើតាមការបញ្ជាក់ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្លូវការរបស់ សម្តេច នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

ជាមួយនេះ ទំព័រហ្វេសប៊ុក ផ្លូវការ របស់សម្តេចនាយករដ្ឋមន្ត្រី ក៏បានភ្ជាប់សារលិខិតរបស់លោកប្រធានាធិបតី ម៉ាក្រុង ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ផ្ញើជូនសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា (បកប្រែក្រៅផ្លូវការ) ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖
ឯកឧត្តមនាយករដ្ឋមន្ត្រី ជាទីស្រឡាញ់, មិត្តជាទីស្រឡាញ់!

ខណៈដែលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ នៅប៉ារីស កាលពីខែមុន បានរំឭកឡើងវិញនូវថាមពលនៃ មិត្តភាពរវាងប្រទេសយើងទាំងពីរ និងរវាងប្រជាជនយើង ខ្ញុំមានកិត្តិយសអញ្ជើញឯកឧត្តម មកបំពេញទស្សន កិច្ចផ្លូវការ នៅប្រទេសបារាំង នៅថ្ងៃ១៨-១៩ មករា ខាងមុខ។

ទស្សនកិច្ចជាលើកទីមួយនេះ នៅប្រទេសបារាំង តាំងពីឯកឧត្តមឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នឹងអនុញ្ញាត ឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។

ខ្ញុំប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះ បើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កាន់តែស៊ី ជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលយើងកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យយើងពិនិត្យមើលមធ្យោបាយនានាដែល យើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោក ផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។
សូមឯកឧត្តមនាយករដ្ឋមន្ត្រី ទទួលនូវក្តីគោរពពីខ្ញុំ។

“សូមមេត្តាពាំនាំនូវក្តីគោរពនឹករលឹករបស់ខ្ញុំ ជូនចំពោះលោកឪពុករបស់ឯកឧត្តម, មិត្តសម្លាញ់របស់ខ្ញុំ”…៕