Thursday, June 26, 2025
Homeព័ត៌មានជាតិក្រសួងសុខាភិបាល រកឃើញជំងឺអុតស្វា ២ករណី ទៀត

ក្រសួងសុខាភិបាល រកឃើញជំងឺអុតស្វា ២ករណី ទៀត

ភ្នំពេញ ៖ ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌ មានបន្ទាន់មួយ ស្តីពីការរកឃើញករណីជំងឺអុតស្វា ២ករណីបន្ថែមទៀត។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមលទ្ធផលទទួលបាន ពីវិទ្យា ស្ថានជាតិសុខភាពសាធារណៈ គិតត្រឹមថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានរកឃើញករណីជំងឺអុតស្វា ២ករណីបន្ថែមទៀត សរុបចំនួន ៣ករណី។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានវីរុសអុតស្វា អ្នកជំងឺត្រូវ បានដាក់ឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យ បានយ៉ាងត្រឹមត្រូវ។

ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាថ្មីទៀតថា សូម មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវ ការចម្លងជំងឺអុតស្វា ដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម ៖

១. របៀបចម្លង ៖

– វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺអុតស្វា និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ ស្លាបព្រាចាន កែវទឹក ៘

– វីរុសអុតស្វា ឆ្លងពីម្តាយទៅកូន តាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈការ ប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយ មានជំងឺអុតស្វា។

២. វិធានការបង្ការការចម្លងជំងឺអុតស្វា ៖

– អនុវត្តការរួមភេទដែលមានសុវត្ថិភាព ដោយប្រើប្រាស់ស្រោមអនាម័យ រាល់ពេលរួមភេទ និងចៀសវាង មានដៃគូរួមភេទច្រើន។

– ចៀសវាងការប៉ះពាល់ផ្ទាល់ ដូចជា ឱប ថើប ម៉ាស្សា និយាយជិតគ្នាជាមួយអ្នកដែលមាន ចេញរោគ សញ្ញាជំងឺអុតស្វា។

– ចៀសវាងការប៉ះពាល់ផ្ទាល់ ឬប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូក ខ្នើយ ឬកន្សែងពោះគោ ឬចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំងដែលអ្នកមានជំងឺអុតស្វា ប្រើប្រាស់។

– ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអុតស្វា។

– ពាក់ម៉ាស ប្រសិនអ្នកនៅជិតអ្នកដែលមានរោគសញ្ញាជំងឺអុតស្វា។

– រក្សាអនាម័យផ្លូវដង្ហើម និងអនុវត្តអនាម័យដៃ ដោយលាងសម្អាតដៃ ជាមួយទឹកនិងសាប៊ូ ជែលលាងដៃ ឬអាល់កុលលាងដៃ។

– បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអុតស្វា ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែក រហូតដល់ក្រមរជ្រុះអស់។

– បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអុតស្វា ត្រូវតែប្រើប្រាស់វិធានការការពារខ្លួនឱ្យបានសមស្រប។

– បុគ្គលមានរោគសញ្ញា ដូចជា កន្ទួលរមាស់ ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបានប៉ះ ពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វា ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ត្រូវទៅពិគ្រោះយោ បល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្តរកជំងឺអុតស្វា ឬទូរស័ព្ទ មកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់។

៣. ចំពោះបុគ្គលិកសុខាភិបាល ៖

– លើកកម្ពស់ការយល់ដឹង និងការអប់រំអ្នកកំដរជំងឺ ព្រមទាំងអនុវត្តការបង្ការនិងត្រួតពិនិត្យការចម្លងរោគ នៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ស្របតាមលក្ខណៈបច្ចេកទេស ជាពិសេស មានការប្រុងប្រយ័ត្ន ចំពោះការប៉ះពាល់នឹងតំណក់ទឹកតូចៗ ដោយប្រកាន់ខ្ជាប់ខ្ជួនចំពោះអនាម័យដៃ ឧបករណ៍ការពារផ្ទាល់ខ្លួន ការចាប់កាន់បរិក្ខារវេជ្ជសាស្ត្រដែលមានមេរោគ ការបោកគក់ កាកសំណល់ដែលឆ្លងមេរោគ ឱ្យបានត្រឹមត្រូវ ព្រមទាំងការសម្អាតនិងសម្លាប់មេរោគ លើផ្ទៃបរិស្ថានផងដែរ។

– គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវប្រុងប្រយ័ត្ន និងតាមដានយ៉ាងហ្មត់ចត់ ចំពោះអ្នកជំងឺដែល មានចេញកន្ទួលពងរមាស់លើស្បែក ឬពងទឹកខុសពីធម្មតា មានគ្រុនក្តៅ និងមានរោគសញ្ញ ដូចបានរៀប រាប់ខាងលើនេះ សូមរាយការណ៍ឱ្យបានឆាប់បំផុត ដើម្បីបង្ការការចម្លងបន្តគ្នា នៅក្នុងក្រុមគ្រួសារ និង សហគមន៍។

– អនុវត្តវិធានការការពារការឆ្លង ពេលពិគ្រោះជំងឺ និងដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ នូវករណីសង្ស័យ ឬករណីបញ្ជាក់ថា មានជំងឺអុតស្វា នៅក្នុងបន្ទប់ដាច់ដោយឡែកដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និង បន្ទប់ទឹកដាច់ដោយឡែក។

ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាព សាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រ ហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។គួររំលឹកថា ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរកឃើញករណីជំងឺអុតស្វា លើកដំបូង លើបុរសអាយុ ២៨ឆ្នាំ រស់នៅភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣៕

RELATED ARTICLES