Thursday, June 26, 2025
Homeព័ត៌មានជាតិឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យវឌ្ឍនភាពគម្រោងសាង សង់ច្រាំងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យវឌ្ឍនភាពគម្រោងសាង សង់ច្រាំងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្ដាល៖នៅថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យ​វឌ្ឍន​ភាពគម្រោងសាងសង់ច្រាំងទន្លេបាសាក់ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។

សូមជម្រាបថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារសាងសង់សំណង់ការពារច្រាំងទន្លេបាសាក់​បរិវេណ​បង្គោលព្រំដែនលេខ២៤៥/៤(១) ប្រវែង១២០០ម៉ែត្រ  សម្រេចបានប្រមាណ ៦២% ដែលក្នុងនោះរួមមាន៖ ទី១)ការងាររៀបបាវការពារចរន្តទឹកបុក ហូរច្រោះដីផ្នែកខាងក្រោមសម្រេចបាន១០០% ទី២)ការងារបុកស្បាន់​ផាយ (Spun Pile) សម្រេចបាន ១០០% ទី៣)ការងារបុកស៊ីផាយសម្រេចបាន ៥០% ទី៤)ការងារបេតុងអា​មេសម្រេចបាន ១៥% និងទី៥)ការងារបំពេញដីសម្រេចបាន ៥%។ តាមគម្រោងការងារនេះនឹងបញ្ចប់ក្នុង​ដំណាច់ខែសីហា ឆ្នាំ២០២៤ ខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ​ដែល​សម្រេចបាន និងបានណែនាំបន្ថែមដល់លោកប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេសឱ្យបន្តនូវកិច្ចសហការ​ល្អជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអាចសម្រេចកិច្ចការការពារច្រាំងទន្លេបាសាក់នេះតាម​ផែនការដែលបានគ្រោងទុកប្រកបដោយគុណភាពខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានជលសាស្ត្រ និងការងារ​ទន្លេ សិក្សាច្រាំងទន្លេបាសាក់នេះនៅផ្នែកខាងក្រោមការដ្ឋានដែលមានប្រវែងប្រមាណ ៣០០០ម៉ែត្រ គួរមានការ​សាងសង់បន្ត ដើម្បីទប់ស្កាត់ការហូរច្រោះនៃច្រាំងទន្លេបន្ថែមទៀត។

គួរបញ្ជាក់ថា ច្រាំងទន្លេបាសាក់បរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១) ត្រូវបានហូរច្រោះដោយ​ចរន្តទឹក​ទន្លេបាសាក់ហូរបុក ជាដំណោះស្រាយបន្ទាន់ ក្រសួងធនធានទឹក និងឧតុនិយមបានធ្វើការការពារ​បណ្តោះអា​សន្ន​ក្នុងប្រវែង ១៥០ម៉ែត្រ ក្នុងកំឡុងខែសីហា ឆ្នាំ២០១៩។ ជាបន្ត ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋាន​ជល​សាស្ត្រ និងការងារទន្លេបានធ្វើការសិក្សាបច្ចេកទេសលំអិតបន្ថែមរហូតដល់ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ និងបានបន្តសាងសង់សំណង់ច្រាំងទន្លេបាសាក់ បរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១) ស្ថិតក្នុងភូមិសាស្ត្រ​សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាលនេះ ប្រវែង ១២០០ម៉ែត្រ ជាសំណង់រឹងតែម្តង៕

RELATED ARTICLES