Monday, June 23, 2025
Homeព័ត៌មានជាតិប្រទះឃើញបំណែកព្រះពុទ្ធប្បដិមាថ្មភក់ ជាង១០០បំណែក នៅប្រាសាទតាព្រហ្ម

ប្រទះឃើញបំណែកព្រះពុទ្ធប្បដិមាថ្មភក់ ជាង១០០បំណែក នៅប្រាសាទតាព្រហ្ម

ខេត្តសៀមរាប ៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះ ឃើញបំណែកព្រះពុទ្ធប្បដិមា ធ្វើពីថ្មភក់ ប្រមាណជាង ១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។

បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ សមាធិ រូបប្រាជ្ញាបារមិតា រូបព្រះសិរព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម កបល្ល័ង្ក និងបំណែកដៃជើងជាដើម។

បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅធ្វើការសម្អាតគំនរដីដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀម របស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួមរបស់ប្រាសាទ ឱ្យមានសណ្ដាប់ធ្នាប់ ដោយ សារតែនៅទីនោះ មានថ្មរាយប៉ាយច្រើន។ អំឡុងពេលសម្អាត ក្រុមការងារ បានប្រទះឃើញបំណែកព្រះបដិមាជាច្រើននៅទីនោះ។

លោកស្រី ស៊ីមន មានប្រសាសន៍ទៀតថា ដោយសារតែក្រុមការងារប្រទះឃើញបំណែកបដិមាកប់នៅក្នុងដី ជម្រៅពី១០ទៅ១៥សង់ទីម៉ែត្រ កាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែកបដិមាកាន់តែច្រើន សរុបប្រហែលជាង១០០បំណែក។

រហូតមកដល់ពេលនេះ ក្រុមការងារមិនទាន់ដឹងច្បាស់នៅឡើយទេថា តើក្នុងជម្រៅដីចុះទៅក្រោមទៀត អាចនៅតែមានបដិមាដែរឬក៏យ៉ាងណាឡើយ។ បច្ចុប្បន្នក្រុមការងារកំពុងតែលើកយកបំណែកបដិមាជាច្រើន ដែលបានប្រទះឃើញនោះ មកធ្វើការគូរប្លង់ បង់លេខ ព្រមទាំងវាស់វែងទំហំខ្នាត ជាបណ្តោះអាសន្ន។

ក្រុមអ្នកជំនាញបុរាណវិទ្យា បានសន្និដ្ឋានថា បំណែកព្រះពុទ្ធប្បដិមា ដែលប្រទះឃើញទាំងនោះ គឺស្ថិតក្នុងរចនាបថបាយ័ន។

បំណែកព្រះបដិមាដែលប្រទះឃើញ ខ្លះមានកម្ពស់ប្រហែលកន្លះម៉ែត្រ និងទំហំពី ៤០ទៅ៥០សង់ទីម៉ែត្រ៕ ខៀវទុំ

RELATED ARTICLES