ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចជំនាញកម្ពុជា បានចាប់ឃាត់ខ្លួនជនជាតិថៃ ចំនួន៤៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) នៅកម្ពុជា និងបានរៀបចំនីតិវិធីបណ្តេញចេញ ត្រឡប់ទៅស្រុកវិញ។

កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើការប្រគល់ជនជាតិថៃ ចំនួន ៤៩នាក់ ដែលត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្រោយរកឃើញថា មានពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ឲ្យទៅសមត្ថកិច្ចថៃ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ១០ព្រឹក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរ បាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការសហការយ៉ាងស្អិតល្មួតជាមួយកម្លាំងស្នាក់ការត្រៀមបណ្តេញចេញ ខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋាន ព្រមទាំងលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ជនជាតិថៃ ទាំង៤៩នាក់ (ស្រី ១៨នាក់) ដែលត្រូវបានបណ្តេញចេញ ត្រូវបានសមត្ថកិច្ចកម្ពុជាបំពេញនីតិវិធីប្រគល់ជូនទៅភាគីថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដើម្បីបន្តចាត់ការតាមច្បាប់៕



