ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បានខ្ចីម៉ូតូ ១គ្រឿង របស់ស្ត្រីម្នាក់ ដែលជាមនុស្សស្គាល់គ្នា ជិះរួច បានយកទៅដាក់បញ្ចាំបានលុយ ដើរស៊ីចាយអស់ ទីបំផុតត្រូវជនរងគ្រោះដាក់ពាក្យបណ្តឹង ឱ្យកម្លាំងជំនាញអាវុធហត្ថចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចកាស៊ីណូ ដឹសេន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ រហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ទើបកម្លាំងជំនាញអាវុធហត្ថ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចបន្ទប់ជួល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុង សេងលី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ចំណែកម៉ូតូដែលជនសង្ស័យយកទៅបញ្ចាំ ម៉ាកហុងដា Zoomer-X ពណ៌សលាយពណ៌ក្រហម ផលិតឆ្នាំ២០១៨ ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះណាក់ ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះណាក់ ស្រីមុំ ភេទស្រី បានប្តឹងចោទប្រកាន់ទៅលើឈ្មោះសុង សេងលី ភេទប្រុស ករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចកាស៊ីណូ ដឹសេន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយជនសង្ស័យបានយកម៉ូតូម៉ាកហុងដា ហ៊្សូមឺរអ៊ិច ពណ៌សលាយពណ៌ក្រហម ផលិតឆ្នាំ២០១៨ រួចយកទៅដាក់បញ្ចាំយកប្រាក់ដើរស៊ីចាយអស់។
បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅចំណុចបន្ទប់ជួល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ហើយនាំមកមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរតាមនីតិវិធី។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធី៕