Saturday, June 20, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពន្ធនាគារខេត្តស្ទឹងត្រែង ធ្វើតេស្តមេរោគអេដស៍-ស្វាយ លើជនជាប់ឃុំចូលថ្មី ៤០នាក់

ពន្ធនាគារខេត្តស្ទឹងត្រែង ធ្វើតេស្តមេរោគអេដស៍-ស្វាយ លើជនជាប់ឃុំចូលថ្មី ៤០នាក់

ខេត្តស្ទឹងត្រែង ៖ ជនជាប់ឃុំ ដែលទើបចូលថ្មី ចំនួន ៤០នាក់ (ក្នុងនោះមានស្ត្រី ៣នាក់) នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវបានទទួលការពិនិត្យនិងធ្វើតេស្តឈាម រកមេរោគអេដស៍ និងជំងឺស្វាយ ដើម្បីគ្រប់គ្រងនិងថែទាំសុខភាព។ ប្រតិបត្តិការនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

សកម្មភាពមនុស្សធម៌ និងសុខាភិបាលនេះ ធ្វើឡើងក្រោមការអនុញ្ញាតនិងការណែនាំពី លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ លីម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។ ក្នុងនោះ លោកវរអគ្គានុរក្សថ្នាក់លេខ២ ម៉ា គឹមសៀង ប្រធានការិយាល័យអប់រំកែប្រែនិងស្តារនីតិសម្បទា បានដឹកនាំមន្ត្រីជំនាញ សហការយ៉ាងជិតស្និទ្ធជាមួយលោកវរអគ្គានុរក្សថ្នាក់លេខ៣ ជា វឌ្ឍនា ប្រធានផ្នែកសុខាភិបាលពន្ធនាគារ។

សកម្មភាពការងារនេះ ក៏មានការចូលរួមគាំទ្រផ្នែកបច្ចេកទេស ពីលោក ឃុន រតនៈ អ្នកផ្តល់ប្រឹក្សានិងធ្វើតេស្តរកមេរោគអេដស៍ នៃមណ្ឌលសុខភាពក្រុងស្ទឹងត្រែង និងលោកស្រីវេជ្ជបណ្ឌិត ហង្ស សុវណ្ណ បុគ្គលិកមូលដ្ឋានសុខាភិបាល នៃអង្គការមូលនិធិថែទាំអ្នកជំងឺអេដស៍ ផងដែរ។

ជាលទ្ធផលនៃការធ្វើតេស្តឈាមលើជនជាប់ឃុំ ចូលថ្មី ទាំង ៤០នាក់នោះ ក្រុមគ្រូពេទ្យជំនាញបានរកឃើញ ៖ មេរោគអេដស៍ (HIV) ៖ ចំនួន ០១ករណី (លើជនជាប់ឃុំជាស្ត្រី) ជំងឺស្វាយ (Syphilis) ៖ ចំនួន ០២ករណី (លើជនជាប់ឃុំជាបុរស) ។

ក្រោយទទួលបានលទ្ធផលនេះ ភាគីពាក់ព័ន្ធ និងផ្នែកសុខាភិបាលនៃពន្ធនាគារខេត្ត នឹងបន្តអនុវត្តនីតិវិធីថែទាំ ផ្តល់ប្រឹក្សា និងព្យាបាលទៅតាមស្តង់ដារវេជ្ជសាស្ត្រ ដើម្បីធានាថា ជនជាប់ឃុំ ដែលមានផ្ទុកជំងឺទាំងនេះ ទទួលបានសេវាសុខាភិបាលសមស្រប និងទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងពន្ធនាគារ៕

RELATED ARTICLES