ខេត្តកណ្តាល ៖ បុរសម្នាក់ តែងផឹកស្រាស្រវឹងជាប្រចាំ និងប្រើប្រាស់ថ្នាំញៀន រហូតដល់ក្លាយជាមនុស្សមានសតិមិនប្រក្រតី ចេះតែបង្ករឿងអុកឡុកក្រុមគ្រួសារជាប្រចាំ លុះចុងក្រោយ បន្ទាប់ពីផឹកស្រាថ្នាំ អស់កន្លះលីត្រ ស្រវឹងធ្លាក់ភ្នែក បានធ្វើសកម្មភាពវាយកម្ទេច របស់ទ្រព្យនៅក្នុងផ្ទះ បណ្តាលឱ្យខូចខាតអស់មួយចំនួនធំ ធ្វើឱ្យស្ត្រីជាម្តាយ ទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ឃាត់ខ្លួនកូនប្រុសកំណាច យកទៅចាត់ការតាម ច្បាប់។

ករណីហិង្សាក្នុងគ្រួសារនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះសួន ពិសាល អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះ ជាម្តាយ មានឈ្មោះសួន សុខឃឿន អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ។ ម្តាយកូនទាំងពីរ មានលំនៅ ក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ចំពោះសម្ភារៈខូចខាត រួមមាន កង្ហារ ១គ្រឿង បែកកញ្ចក់ទ្វាផ្ទះ ១ផ្ទាំង បែកកញ្ចក់បង្អួច ២ផ្ទាំង និងខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ មួយចំនួនទៀត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ ជាម្តាយ រស់នៅតែ២នាក់កូនប្រុសទោល (ជនសង្ស័យ) ប៉ុណ្ណោះ ហើយកន្លងមក ជនសង្ស័យធ្លាប់បានប្រើប្រាស់គ្រឿងញៀន និងផឹកស្រា រហូតដល់ក្លាយជាមនុស្សមានសតិមិនប្រក្រតី និយាយស្តីលែងសូវដឹងខុសត្រូវទៅហើយ និងថែមទាំងឧស្សាហ៍វាយបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះជាញឹកញាប់។ មិនតែប៉ុណ្ណោះ ជនសង្ស័យ ឈ្មោះសួន ពិសាល ធ្លាប់ជាប់មណ្ឌលកែប្រែ បន្សាបគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ ចំនួន១លើក ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន៣លើក (ពីបទហិង្សាក្នុងគ្រួសារ ១ដង អំពើលួច ១លើក និងហិង្សាដោយចេតនា ១លើក)។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជនសង្ស័យ ឈ្មោះសួន ពិសាល បានផឹកស្រាថ្នាំ អស់កន្លះលីត្រ លុះស្រវឹងធ្លាក់ភ្នែក ស្រាប់តែបង្ករឿងអុកឡុកពេញផ្ទះ ដោយបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឱ្យខូចខាតអស់។ លុះមកដល់ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ទើបស្ត្រីរងគ្រោះជាម្តាយ ដាច់ចិត្តប្តឹងនគរបាលប៉ុស្តិ៍ស្វាយរលំ ឱ្យជួយឃាត់ខ្លួនជនសង្ស័យជាកូនប្រុស យកទៅអនុវត្តតាមច្បាប់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ប្រាកដមែន មូលហេតុដោយសារតែស្រវឹងស្រាថ្នាំ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕