ភ្នំពេញ ៖ បុរសជាអ្នករើសអេតចាយម្នាក់ កំពុងដើររើសអេតចាយ នៅតាមផ្លូវសុខៗ ឃើញមេឃធ្លាក់ភ្លៀង អូស រទេះអេតចាយ ចូលទៅជ្រកភ្លៀង ក្រោមដើមឈើធំ ១ដើម ស្រាប់តែអកុសលមានខ្យល់កន្ត្រាក់ខ្លាំង បណ្តាលឱ្យបាក់មែកឈើ សង្កត់ចំក បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុង ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ បានអូសរទេះដើររើសអេតចាយ តាមផ្លូវខាងលើ លុះបន្តិចក្រោយមក ស្រាប់តែមានភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ ខណៈនោះជនរងគ្រោះបានអូសរទេះអេតចាយរបស់ខ្លួន ចូលទៅជ្រកនៅក្រោមដើមឈើធំ ១ដើម ក្បែរនោះ ស្រាប់តែខ្យល់កន្ត្រាក់បានបោកបក់ ធ្វើឱ្យបាក់មែកឈើ សង្កត់ចំកជនរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ប្រភពដដែល បន្តថា ភ្លាមនោះ ប្រជាពលរដ្ឋនៅក្បែរនោះ បាននាំគ្នាស្ទុះទៅជួយលើកជនរងគ្រោះ តែពេលទៅដល់ ឃើញថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងមន្ត្រីជំនាញផ្នែកបច្ចេកទេស បានចុះមកពិនិត្យសព រួចធ្វើកំណត់ហេតុ ប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕