Thursday, June 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជម្លៀសពលរដ្ឋនៅព្រំដែន ទៅទីសុវត្ថិភាព

ជម្លៀសពលរដ្ឋនៅព្រំដែន ទៅទីសុវត្ថិភាព

ខេត្តព្រះវិហារ ៖ ខណៈបញ្ហាព្រំដែនកម្ពុជា-ថៃ បាននិងកំពុងឡើងកម្តៅ អាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា បានជម្លៀសប្រជាពលរដ្ឋដែលមានលំនៅឋាននៅតំបន់មុំបី ខេត្តព្រះវិហារ ជាប់ព្រំប្រទល់តំបន់ចុងបូក ខេត្តឧប៊ុនរាជថានី ប្រទេសថៃ  ទៅកន្លែងសុវត្ថិភាព ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។

 យោងតាមរដ្ឋបាលខេត្តព្រះវិហារ បានឲ្យដឹងថា ពលរដ្ឋដែលត្រូវជម្លៀសនៅតំបន់មុំបី ក្នុងស្រុកជាំក្សាន្ត មានចំនួនជាង១ពាន់គ្រួសារ ត្រូវបានដឹកជញ្ជូនយកទៅស្នាក់នៅជាបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។ របាយការណ៍របស់អាជ្ញាធរខេត្តព្រះវិហារ បានឲ្យដឹងថា គិតពីថ្ងៃទី១៦ ដល់១៧ ខែមិថុនា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលបានមកស្នាក់នៅបណ្ដោះអាសន្ននៅតំបន់សុវត្ថិភាពនេះ មានជាង៣០០០នាក់ មកពី ៦ភូមិ ភាគច្រើនជាស្ត្រីនិងក្មេង បានចាក ចេញពីផ្ទះ ទៅរកទីកន្លែងមានសុវត្ថិភាព ក្នុងចម្ងាយជាង ១០០គីឡូម៉ែត្រ ពីតំបន់ប្រឈមមុខគ្នាដោយអាវុធ ។

 លោក គឹម ចាន់បញ្ញា អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ថា ពលរដ្ឋ ចំនួន ១០៤៧គ្រួសារ ស្មើនឹងចំនួន ៣ ០៩២នាក់ កំពុងស្នាក់នៅជម្រកសុវត្ថិភាពបណ្តោះអាសន្ន ដែលស្ថិតក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន។ ពលរដ្ឋទាំង នោះ ភាគច្រើនជាអ្នករស់នៅក្នុងឃុំមួយចំនួន នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងនៅក្បែរតំបន់ព្រំដែន ។

 លោក គឹម ចាន់បញ្ញា បញ្ជាក់ថា ចលនាជម្លៀសនេះ គឺជាជម្រើសស្ម័គ្រចិត្តរបស់ពលរដ្ឋ ដែលពួកគាត់ព្រួយ បារម្ភពីសុវត្ថិភាព ដោយសារតែផ្ទះរបស់ពួកគាត់ នៅក្បែរតំបន់ព្រំដែនដែលកំពុងមានជម្លោះ។ ដូច្នេះដើម្បីធានាដល់ការស្នាក់នៅបណ្តោះអាសន្នរបស់ពលរដ្ឋ មានភាពប្រសើរ រដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ បានសម្របសម្រួលកន្លែងស្នាក់នៅ គ្រឿងឧបភោគ បរិភោគ ថ្នាំសង្កូវ និងស្បៀងសង្គ្រោះផ្សេងៗ ។ យ៉ាងណា លោកស្នើឱ្យពលរដ្ឋដែលមានបំណងជម្លៀស ឱ្យបន្តស្នាក់នៅផ្ទះរៀងខ្លួនសិន ព្រោះស្ថានភាពបច្ចុប្បន្ន នៅមានលក្ខណៈស្ងប់ស្ងាត់ មិនទាន់ដល់កម្រិតដែលតម្រូវឱ្យពលរដ្ឋត្រូវជម្លៀសខ្លួននោះទេ ។

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនដែលបានជម្លៀសខ្លួនមកពីតំបន់ព្រំដែនទាំងនោះ និងចុះពិនិត្យស្ថានភាពជាក់ស្ដែង ហេដ្ឋារចនាសម្ព័ន្ធនានា នៅមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ន ដើម្បីធានាថា ប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវការរស់នៅប្រកបដោយផាសុកភាព និងសុវត្ថិភាព រហូតដល់ស្ថានភាពវិលត្រឡប់មកប្រក្រតីវិញ ។

 ជាមួយគ្នានោះដែរ នៅថ្ងៃដដែលនោះ លោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញអមដំណើរលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូនប្រជាពលរដ្ឋ ចំនួន ៤០០គ្រួសារ  ។

 ក្រៅពីចុះទៅជួបសំណេរសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រ ធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានបន្តចុះពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋក្នុងស្រុកបន្ទាយអម្ពិល ដែលបានជម្លៀសខ្លួនមកកាន់ទីសុវត្ថិភាព វត្តភ្នំបោ ឃុំបេង ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ផងដែរ៕

RELATED ARTICLES