Tuesday, June 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ---/ខ្នោះ៣ ដកហូតថ្នាំញៀន២០កញ្ចប់

វ៉ៃ—/ខ្នោះ៣ ដកហូតថ្នាំញៀន២០កញ្ចប់

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ១ក្រុម ជាមុខសញ្ញាជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន៣នាក់ ព្រមទាំងដកហូតបានវត្ថុតាង ថ្នាំញៀន ចំនួន២០កញ្ចប់។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងរក្សាទុកសារធាតុញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចខាងជើងភូមិត្រពាំងធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះភឿន រ៉ាម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទឹកឫស្សី ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ។ ទី២-ឈ្មោះចន្ថា ធូ ភេទប្រុស មុខរបរមិនពិតប្រាកដ រស់នៅភូមិទំនប់អង្គ ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ និងទី៣-ឈ្មោះភី រម្យ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្មិត ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយទទួលបានព័ត៌មាន និងគោលការណ៍ដឹកនាំបញ្ជាពី លោកឧត្តម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន ស្រុកសាមគ្គីមុនីជ័យ ដឹកនាំប្រតិបត្តិការដោយផ្ទាល់ ពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុក និងបានកិច្ចសហការពីកម្លាំងមូលដ្ឋានសម្ងាត់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចខាងជើងភូមិត្រពាំងធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ ឈ្មោះ ភឿន រ៉ាម និងឆែកឆេររកឃើញម្សៅក្រាមពណ៌ស សង្ស័យគ្រឿងញៀន ចំនួន១កញ្ចប់ ទូរស័ព្ទដៃ ចំនួន១គ្រឿង ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។

ក្រោយធ្វើការសាកសួរ ជនសង្ស័យឈ្មោះភឿន រ៉ាម បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀន ១កញ្ចប់នេះ ពីឈ្មោះចន្ថា ធូ ភេទប្រុស និងឈ្មោះភី រម្យ។

បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចបានបន្តឃាត់ខ្លួនមុខ សញ្ញាជន សង្ស័យ បានចំនួន២នាក់បន្ថែមទៀត (១-ឈ្មោះចន្ថា ធូ ២-ឈ្មោះភី រម្យ) និងឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន១៩កញ្ចប់ (១១កញ្ចប់ធំ ៤កញ្ចប់មធ្យម និង៤កញ្ចប់តូច) ជញ្ជីងអេឡិចត្រូនិក សម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១គ្រឿង ទូរស័ព្ទដៃ ចំនួន២គ្រឿង បង្កាន់ដៃប្រាក់ ចំនួន១០សន្លឹក លោហៈធាតុ ពណ៌ទង់ដែង (ខ្សែក) ចំនួន១ខ្សែ្ប ថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM -2552។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES