ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ថា ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២៥ភាគរយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ព្យុះទី២ ក្នុងឆ្នាំ២០២៥ ឈ្មោះ សេផាត (Sepat) T2502 មានឥទ្ធិពលលើសម្ពាធទាប ដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេ មេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ព្យុះសេផាត នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា នោះទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ៖
១-តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រ ក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាបី កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២៥ភាគរយ។
២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០ភាគរយ។
៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីនិងទិសបស្ចិម មានល្បឿនមធ្យម ៣ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣៥ ភាគរយ។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕