Thursday, April 23, 2026
Homeព័ត៌មានជាតិអ្នកនយោបាយខ្មែរ ប្រតិកម្មនឹងពាក្យ “Scambodia”

អ្នកនយោបាយខ្មែរ ប្រតិកម្មនឹងពាក្យ “Scambodia”

ភ្នំពេញ ៖ អ្នកនយោបាយខ្មែរ ដែលជាអតីតសហការីលោក កឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) រួមទាំងប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រជាពលរដ្ឋខ្មែរ បានចេញសេចក្ដីថ្លែងការណ៍ ប្រតិកម្មទៅនឹងកាសែតអាមេរិក ដែលដាក់ឈ្មោះប្រទេសកម្ពុជា ថា “Scambodia” ដែលមានន័យថាជាប្រទេសឆបោកអនឡាញ (Online Scam) ។

គួរបញ្ជាក់ថា ថ្មីៗនេះ កាសែត The Wall Street Journal  ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសរសេរពីការឆបោក ចាប់ជំរិតតាមប្រពន្ធ័អនឡាញ (Online Scams) ហើយដាក់ឈ្មោះប្រទេសកម្ពុជា ថា “Scambodia” ។

កាសែតខាងលើ បានផ្សាយថា អគារខ្ពស់កប់ពពកដែលមានដំបូលមាស កំពុងហក់ឡើងពីលើផ្លូវដែលស្ទះចរាចរណ៍នៃរាជធានី តាមដងទន្លេមេគង្គ។ អគារនេះ ជាសំណង់ខ្ពស់ជាងគេរបស់កម្ពុជា និងជាបូជនីយដ្ឋាននៃទ្រព្យសម្បត្តិដែលបង្កើតដោយឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិតឆ្លងដែន ដែលបានលួចប្រាក់រាប់ពាន់លានដុល្លារ ពីជនជាតិអាមេរិក ដែលមិនគោរពអ្នកដទៃទៀត នៅទូទាំងពិភពលោក។ អគារខ្ពស់កប់ពពកនេះ កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនមួយ ក្រោមការដាក់ទណ្ឌកម្មដោយក្រសួងរតនាគារសហរដ្ឋអាមេរិក ចំពោះការចោទប្រកាន់របស់ខ្លួន ចំពោះប្រតិបត្តិការឆបោកមួយក្នុងចំណោមប្រតិបត្តិការឆបោករាប់រយ ដែលបានកើតឡើងនៅទូទាំងប្រទេសកម្ពុជា ។ បណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិតខ្នាតធំ ដែលត្រូវបានគេជឿថា គ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនដែលមានទំនាក់ទំនងជាមួយចិន ដែលប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា បានពង្រីកវិសាលភាពយ៉ាងធំក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ពួកគេ បានធ្វើឱ្យអ្នកនយោបាយបរទេសមួយចំនួន ឈ្លោះប្រកែកគ្នាអំពីប្រទេស “កម្ពុជា ១៨លាននាក់” ។

កាសែតខាងលើ បានបញ្ជាក់ថា យោងតាមទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជនជាតិអាមេរិក តែម្នាក់ បានខាតបង់ប្រាក់ប្រហែល ១០ពាន់លានដុល្លារ ចំពោះការឆបោកតាមអ៊ីនធឺរណិត ដែលមានប្រភពមកពីអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៤ ដែលជាការកើនឡើងយ៉ាងខ្លាំងប្រហែល ៦៦% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការកើនឡើងនៃទំនាក់ទំនងរវាងបណ្តាញក្លែងបន្លំបែបនេះ និងប្រទេសកម្ពុជា ក៏បានចាប់ផ្តើមជះឥទ្ធិពលដល់សេដ្ឋកិច្ចផ្លូវការរបស់ប្រទេសផងដែរ។ ប្រាក់ចំណូលប្រចាំឆ្នាំ បានពីប្រតិបត្តិការបែបនេះ គឺខ្ពស់រហូតដល់ ១៩ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ជិត ៤០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា ដែលបង្ហាញពីទំហំសេដ្ឋកិច្ចក្រោមដី។ ការស៊ើបអង្កេត និងការដាក់ទណ្ឌកម្មដោយក្រសួងរតនាគារសហរដ្ឋអាមេរិក បានភ្ជាប់អង្គភាពអាជីវកម្ម និងបុគ្គលមួយចំនួន ទៅនឹងប្រតិបត្តិការទាំងនេះ។ ក្នុងចំណោមនោះ មានបុគ្គលល្បីៗ រួមមានសមាជិកព្រឹទ្ធសភាកម្ពុជា ពីររូប និងទីប្រឹក្សាចិន របស់នាយករដ្ឋមន្ត្រីកម្ពុជា ជាបន្តបន្ទាប់។ អំពើជួញដូរមនុស្ស និងការចោទប្រកាន់ការងារដោយបង្ខំ…។

ក្រោយបានឃើញការផ្សាយអត្ថបទរបស់ Wall Street Journal ខាងលើនេះ ពលរដ្ឋកម្ពុជា បានចេញមកប្រតិកម្មស្រដៀងគ្នាថា “ឈប់ហៅយើងថា Scambodia” ខណៈដែលគណបក្សនយោបាយមួយចំនួន បានចេញសេចក្ដីថ្លែងការណ៍ និងមតិយោបល់ (comment) នៅលើបណ្ដាញសង្គម ជុំវិញការហៅកម្ពុជា ថា “Scambodia” នេះ ។

គណបក្សជំនាន់ថ្មី ដែលមានលោកមាជ សុវណ្ណារ៉ា ជាប្រធាន បានចេញសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ស្ដីពី ការការពារកិត្តិយសជាតិ និងការគាំទ្រវិធានការបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន ជម្រាបជូនសាធារណមតិជាតិនិងអន្តរជាតិ នូវជំហរផ្លូវការដូចខាងក្រោម ៖

១. ការថ្កោលទោសចំពោះការប្រើប្រាស់ពាក្យ “Scambodia” ៖ យើងខ្ញុំសូមសម្តែងនូវការមិនពេញចិត្តជាខ្លាំង និងថ្កោលទោសចំពោះសារព័ត៌មាន Wall Street Journal (WSJ) ដែលបានប្រើប្រាស់ពាក្យ “Scambodia” ក្នុងខ្លឹមសារផ្សព្វផ្សាយរបស់ខ្លួន។ ការលេងពាក្យបែបអគតិ និងគ្មានវិជ្ជាជីវៈនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍ខ្មែរ ទាំងមូល ទោះបីកម្ពុជា កំពុងប្រឈមនឹងបញ្ហាឧក្រិដ្ឋកម្មអនឡាញ ដែលជាបញ្ហាសកល ក៏ពុំមានបុគ្គលឬស្ថាប័នព័ត៌មានណាមួយ មានសិទ្ធិមកបង្អាប់បង្អោនឈ្មោះប្រទេសជារដ្ឋអធិបតេយ្យមួយ ឱ្យក្លាយជាឈ្មោះមជ្ឈមណ្ឌលបោកប្រាស់ឡើយ។

២. ភាពស្មោះត្រង់ចំពោះបញ្ហាប្រឈម ៖ កម្ពុជា ទទួលស្គាល់នូវអត្ថិភាពនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្កឡើងដោយពួកឧក្រិដ្ឋជនឆ្លងដែន និងការគប់គិតពីមន្ត្រីអគតិមួយចំនួនតូច ដែលលក់ឧត្តមគតិខ្លួនឯង។ ទង្វើរបស់បុគ្គលពុករលួយទាំងនោះ មិនតំណាងឱ្យឆន្ទៈរបស់រដ្ឋាភិបាល ឬប្រជាពលរដ្ឋខ្មែរ ទាំងមូលនោះទេ។

៣. ការគាំទ្រវិធានការច្បាប់ និងការបង្ក្រាប ៖ យើងខ្ញុំសូមសម្តែងការគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងនគរបាល និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដើម្បីបង្ក្រាបនិងលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញ ឱ្យអស់ពីទឹកដីកម្ពុជា ហើយយើងខ្ញុំក៏ទាមទារឱ្យមានការកម្ចាត់ចោលនូវរាល់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងផ្តន្ទាទោសដល់មន្ត្រីពាក់ព័ន្ធដែលផ្តល់ជម្រកដល់បទល្មើសទាំងនេះ ប្រយោជន៍ដើម្បីបោសសម្អាត និងស្តារមុខមាត់កម្ពុជា លើឆាកអន្តរជាតិ។

៤. ការអំពាវនាវដល់សហគមន៍អន្តរជាតិ ៖ សូមអំពាវនាវដល់ស្ថាប័នព័ត៌មានអន្តរជាតិ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយចៀសវាងការប្រើប្រាស់ភាសាបំបែកបំបាក់ និងមាក់ងាយជាតិសាសន៍ ។ ជាមួយគ្នានេះ យើងខ្ញុំសូមស្វាគមន៍កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធានាថា ទឹកដីកម្ពុជា ជាតំបន់វិនិយោគដ៏ស្អាតស្អំ និងមានសុវត្ថិភាពសម្រាប់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេស ក៏ដូចអ្នកវិយោគិនបរទេសផងដែរ ។ កម្ពុជា គឺជាប្រទេសអធិបតេយ្យ រដ្ឋឯករាជ្យមួយ ដែលប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ មានកិត្តិយសស្មើមុខមាត់ជាមួយកិត្យានុភាព សេចក្តីថ្លៃថ្នូរ និងការគោរពជាភាតរភាព នៅលើឆាកអន្តរជាតិ ដែលមិនមែនជាទីជម្រករបស់ឧក្រិដ្ឋជនឆ្លងដែន ឬរបស់ជនទុច្ចរិតគប់គិតក្នុងស្រុកឡើយ ។

លោក សួន សូរីដា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្រ្គោះជាតិ បច្ចុប្បន្នជាប្រធានក្រុមការងាររាជធានីភ្នំពេញ នៃគណបក្សប្រជាធិបតេយ្យជឿនលឿន បានលើកឡើងតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា ក្នុងនាមជាពលរដ្ឋខ្មែរ ជាអ្នកនយោបាយ លោកមិនសប្បាយចិត្តនឹងការដាក់ចំណងជើងនៃកាសែតអាមេរិក នេះថា «Scambodia» ព្រោះវាហាក់ដូចបន្ទាបន្ថោកដល់ជាតិសាសន៍ខ្មែរ ទាំងមូល និងប៉ះពាល់ដល់កិត្តិយសប្រជាពលរដ្ឋ ១៧លាននាក់ផងដែរ។ លោកថា ប្រទេសកម្ពុជា មាន Online Scam ក៏ពិតមែន តែរដ្ឋាភិបាលកម្ពុជា ក៏បានសន្យាកម្ចាត់ ។ វិធានកម្ចាត់របស់រដ្ឋាភិបាលកម្ពុជា បានឬមិនបានជោគជ័យ នោះជាសមត្ថភាពរបស់រដ្ឋាភិបាល តែកាសែតនេះ មិនគួរដាក់ឈ្មោះកម្ពុជា ថា Scambodia នោះទេ។ ជាមួយនេះ ក្នុងនាមគណបក្សប្រជាធិបតេយ្យជឿនលឿន លោកសូមស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ២ចំណុច គឺ១. ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ប្រកបដោយឆន្ទៈមុតស្រួច ក្នុងការកម្ចាត់ឧក្រិដ្ឋកម្មជួញដូរ ឆបោក ចាប់ជំរិតមនុស្ស តាមប្រពន្ធ័អនឡាញ (Online Scams) និង ២. ក្រសួងពត៌មាន ក្រសួងការបរទេស មេត្តាធ្វើលិខិតស្នើឱ្យកាសែត The Wall Street Journal ដកឬផ្លាស់ប្តូរចំណងជើងអត្ថបទរបស់ខ្លួន «Scambodia» ។

ស្រដៀងគ្នានេះដែរ លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៃអតីតគណបក្សសង្រ្គោះជាតិ បច្ចុប្បន្នជាប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោកថា «សង្វេគជាតិយើង! មិនគួរគេប្រើពាក្យ Scambodia ហាក់ដូចជាការប្រមាថមកលើកម្ពុជា។ ថ្នាក់ដឹកនាំជាតិ ធ្លាប់លើកឡើងពីបញ្ហាឧក្រិដ្ឋកម្ម ជួញដូរ ឆបោក ចាប់ជំរិតតាមប្រព័ន្ធអនឡាញ Online Scams ជាបញ្ហាតំបន់-សកល និងព្យាយាមកម្ចាត់» ។

លោកបណ្ឌិត សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ថា «កម្ពុជា ជាប្រទេសរងគ្រោះមួយ ក្នុងចំណោមប្រទេសជាច្រើនទៀតដែលពួកក្រុមឧក្រិដ្ឋកម្ម Scams Online បានលួចចូលមកប្រើប្រាសបច្ចេកវិជ្ជា លួចលុយជនរងគ្រោះ លើពិភពលោក…។ ក្រុមឧក្រិដ្ឋជន ចោរអន្តរជាតិ Scams Online ទាំងនោះ រួមមាន ជនជាតិចិន ជនជាតិសៀម (ថៃ ដែលនៅជាប់កម្ពុជា) ជនជាតិកូរ៉េ (កូរ៉េខាងត្បូង) ជនជាតិឥណ្ឌូនេស៊ី ជនជាតិហ្វីលីពីន ពួកស្បែកខ្មៅ មកពីអាហ្វ្រិក និងពួកអឺរ៉ុប មួយចំនួន…។ ពោលគឺក្នុងចំណោមពួកក្រុមឧក្រិដ្ឋជនអន្តរជាតិ Scams Online ទាំងនោះ គ្មានជនជាតិខ្មែរ ណាម្នាក់ទេ! តែជនជាតិខ្មែរ អាចជាកម្មករ អ្នកអ្វើការដែលពួកបរទេសទាំងនោះបោក ជួលឲ្យបម្រើការងារ និងជាម្ចាស់អគារដែលឧក្រិដ្ឋជនជួលអគារតែប៉ុណ្ណោះ ។ ដូច្នោះការនិយាយ សរសេរ ផ្សាយពីកម្ពុជា ដែលរហូតព្រហើនរំលោភវិជ្ជាជីវៈពីពួកកាសែត និងរំលោភច្បាប់ការទូត ពីសំណាក់ប្រទេសសៀម (ថៃ) ដែលយកពាក្យ «Scambidia» មកប្រើដាក់ជំនួសឈ្មោះផ្លូវការរបស់ Cambodia នេះវាត្រូវតែទទួលខុសត្រូវដោយសំណងជំងឺចិត្ត ដែលពួកគេបានប្រព្រឹត្តិ ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងឈ្មោះប្រទេស ជាផ្លូវការរបស់ Cambodia ។ អ្នកនយោបាយសៀម (ថៃ) អ្នកកាសែតសៀម និងអ្នកកាសែត WSJ ត្រូវតែទទួលខុសត្រូវលើវិជ្ជាជីវៈ និងពិការការទូតដែលខ្លួនមើលងាយកម្ពុជា» ។

ទោះយ៉ាងណា ជុំវិញបញ្ហាខាងលើនេះ គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia” ឲ្យលុបពាក្យ “Scambodia” នេះ ចេញពីអត្ថបទរបស់ខ្លួន ជាបន្ទាន់ ហើយត្រូវចេញការកែតម្រូវ ឬការបំភ្លឺ ដែលឆ្លុះបញ្ចាំងពីការរាយការណ៍ដែលត្រឹមត្រូវ និងមានតុល្យភាព ចៀសវាងការប្រើប្រាស់ពាក្យពេចន៍ប្រមាថនៅក្នុងការផ្សាយ នាពេលអនាគត ធ្វើការសុំទោសជាផ្លូវការ ចំពោះការប្រើប្រាស់ចំណងជើង និងជាពិសេស កែសម្រួលចំណងជើងឡើងវិញ ដើម្បីឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ មានតុល្យភាព និងមិនធ្វើឱ្យមានការរើសអើងនៅក្នុងបញ្ហានេះ ។

លោក កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ថា “គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia” ។ បញ្ហា Scam Online ជាបញ្ហាសាកលដែលប្រទេសទាំងអស់នៅក្នុងសកលលោក ក៏ដូចជានៅក្នុងតំបន់ រួមគ្នាប្រយុទ្ធទប់ស្កាត់។ ឧក្រិដ្ឋជន scam online និងមន្ត្រីគប់គិតប្រព្រឹត្តអំពើឆបោក គឺជារឿងមួយដាច់ដោយឡែកផ្សេងពីគ្នា តែអ្នកឯងដាក់ឈ្មោះបង្ខូចកេរ្តិ៍ឈ្មោះប្រទេសរបស់ខ្ញុំ ដែលមានប្រជាជនជិត ១៨លាននាក់ គឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ប្រទេស និងជាតិសាសន៍របស់ខ្ញុំ»។

លោក កែវ រ៉េមី បន្តថា “នៅក្នុងអត្ថបទមួយ របស់សារព័ត៌មាន The Wall Street Journal កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជាការបង្ហាញពីកង្វះវិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន ដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើង ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងកិត្តិយសប្រទេសនិងប្រជាជនកម្ពុជា ជិត១៨លាននាក់ ដែលត្រូវបានធានាការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ពិតជាមានតួនាទីសំខាន់ណាស់នៅក្នុងសង្គម ប៉ុន្តែសេរីភាពទាំងនេះ ត្រូវតែអនុវត្តដោយការទទួលខុសត្រូវ និងការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល ដូចមានចែងក្នុងសេចក្ដីប្រកាជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាដើម។ ចំណងជើងព័ត៌មាន ថ្វីដ្បិតតែដើម្បីទាក់ទាញការចាប់អារម្មណ៍ តែមិនគួរក្លាយទៅជាការលាបពណ៌ ការបំផ្លើស ការបំភ្លៃហួសពីការពិតនោះទេ ដែលការណ៍នេះ នឹងធ្វើឱ្យបាត់បង់ជំនឿជាក់និងគុណតម្លៃនៃសេរីភាពសារព័ត៌មាន ជាមិនខានឡើយ។ សិទ្ធិមនុស្ស ជាពិសេស សិទ្ធិមានកិត្តិយស សេចក្ដីថ្លៃថ្នូរ និងទទួលបាននូវការគោរព គឺជាសេចក្ដីប្រាថ្នារបស់បុគ្គលគ្រប់រូប ហើយមិនគួរទទួលរងនូវការប្រមាថមើលងាយក្នុងរូបភាពណាមួយឡើយ តួយ៉ាងដូចជាការប្រើប្រាស់ពេចន៍ផ្សេងៗនៅក្នុងអត្ថបទសារព័ត៌មាន ឬសេចក្ដីរាយការណ៍ណាមួយ។ ដោយមើលឃើញពីការរំលោភ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយស និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រទេសនិងប្រជាជនកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើទៅកាន់ The Wall Street Journal ដូចខាងក្រោម ៖

– លុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់

– ចេញការកែតម្រូវ ឬការបំភ្លឺ ដែលឆ្លុះបញ្ចាំងពីការរាយការណ៍ដែលត្រឹមត្រូវ និងមានតុល្យភាព

– ចៀសវាងការប្រើប្រាស់ពាក្យពេចន៍ប្រមាថនៅក្នុងការផ្សាយ នាពេលអនាគត

– ធ្វើការសុំទោសជាផ្លូវការ ចំពោះការប្រើប្រាស់ចំណងជើង

– កែសម្រួលចំណងជើងឡើងវិញ ដើម្បីឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ មានតុល្យភាព និងមិនធ្វើឱ្យមានការរើសអើងនៅក្នុងបញ្ហានេះ“ ។

គួររំលឹកថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សម្ដេចហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចុះហត្ថលេខាលើព្រះរាជក្រម ដាក់ឲ្យប្រើប្រាស់ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ច្បាប់នេះ ជាការបោះជំហានថ្មីមួយទៀតនៅក្នុងប្រតិបត្តិការរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំង Online Scam ។ ពោលគឺច្បាប់នេះ មានគោលដៅសំខាន់ចំនួនពីរ គឺទី១ គឺលើកកម្ពស់ប្រសិទ្ធភាពនៃការប្រឆាំង Online Scam ដោយរួមទាំងការគាំទ្រទៅដល់ប្រតិបត្តិការនៃការបោសសម្អាតដែលកំពុងអនុវត្តន៍ក្នុងទ្រង់ទ្រាយជាយុទ្ធនាការទូទាំងប្រទេស នាពេលបច្ចុប្បន្ន និងទី២ ធានាថា ដើម្បីរួមចំណែកក្នុងការធ្វើឱ្យច្បាស់លាស់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងទ្រង់ទ្រាយបែបនេះ នឹងមិនវិលត្រឡប់មកកម្ពុជា វិញទេ ក្រោយពីយុទ្ធនាការនេះ។ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន ៥ជំពូក និង២៤មាត្រា ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត អណ្តូងតាសី ក្រុងស្វាយរៀង និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងទាក់ទងនឹងន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជាបរិស្ថានទាក់ទាញនិងបង្កើនការវិនិយោគ និងការប្រយុទ្ធប្រឆាំងនិងបោសសម្អាតបទល្មើសឆបោក (SCAMS) ធានាបរិស្ថាន ឱ្យកម្ពុជា ក្លាយជាប្រទេសអភិវឌ្ឍ ដោយសម្ដេច បញ្ជាក់សង្កត់ធ្ងន់ថា យើងត្រូវរួមគ្នាធ្វើ ខណៈដែលកន្លងទៅ វាមានបញ្ហាមួយចំនួនដែលជះឥទ្ធិពលដល់កម្ពុជា របស់យើង។ ពោលគឺការឆរបោកអនឡាញនេះ មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជា ទេ វាជាបញ្ហាតំបន់។ ដូច្នេះដើម្បីបោសសម្អាតវាបាន ទាល់តែយើងម្ចាស់ការខ្លួនឯងក្នុងការងារនេះ…៕ កុលបុត្រ

RELATED ARTICLES