Thursday, April 23, 2026
Homeនយោបាយថ្ងៃ ៣០មេសា ប្រកាសសាលដីកា សហការីសង្ឃឹម កឹម សុខា មានសេរីភាពពេញលេញ

ថ្ងៃ ៣០មេសា ប្រកាសសាលដីកា សហការីសង្ឃឹម កឹម សុខា មានសេរីភាពពេញលេញ

ភ្នំពេញ ៖ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចេញដីកាកោះហៅជនជាប់ចោទ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ និងចេញលិខិតអញ្ជើញសហមេធាវីរបស់លោក ឲ្យចូលសវនាការនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍ ជំទាស់នឹងសាល ក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោស លោក កឹម សុខា ឲ្យជាប់គុក ២៧ឆ្នាំ (ជាប់ឃុំក្នុងផ្ទះ) និងដកសិទ្ធិគ្រប់បែបយ៉ាង ពីបទក្បត់ជាតិ “សន្និដ្ឋភាពជាមួយបរទេស”។

ជាមួយការប្រកាសកាលបរិច្ឆេទនៃការប្រកាសសាលដីកានេះ សហមេធាវីនិងសហការីលោក កឹម សុខា សង្ឃឹមថា លោក កឹម សុខា នឹងត្រូវបានដោះលែងឲ្យមានសេរីភាពពេញលេញឡើងវិញ បន្ទាប់ពីលោកបានបញ្ជាក់ជំហរនិងសំណូមពរសាលាឧទ្ធរណ៍ភ្នំពេញ ផ្តល់យុត្តិធម៌ដល់រូបលោក ឲ្យរួចផុតពីការចោទប្រកាន់និងផ្តន្ទាទោស ឲ្យមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ដោយលោកនឹងមិនមានការគុំកួនសងសឹក មិនចូលរួមធ្វើអ្វីដែលនាំឲ្យខ្មែរ បែកបាក់ នាំឲ្យគ្រោះថ្នាក់ដល់ប្រទេសជាតិឡើយ ពីព្រោះលោកយល់ថា ខ្មែរត្រូវតែពង្រឹងនិងពង្រីកនូវស្មារតីមហាសាមគ្គីភាពជាតិ ឲ្យកាន់តែរឹងមាំ ដើម្បីរួបរួមគ្នាការពារនិងកសាងប្រទេសជាតិ ទប់ទល់នឹងបរទេសឈ្លានពានទឹកដី។

 ដីកាកោះជនជាប់ចោទ ឲ្យចូលសវនាការ របស់មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ក្នុងសំណុំរឿងសភាព្រហ្មទណ្ឌ លេខ ៥៥៦/០៥.០៥.២០២៣ ចុះថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា “ យើង ស៊ឹម សុផាន ជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអម សាលាឧទ្ធរណ៍ភ្នំពេញ បង្គាប់មកឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឲ្យចូលមកកាន់ សាលាឧទ្ធរណ៍ភ្នំពេញ នៅបន្ទប់សវនាការទី១ ជាកំណត់ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទីព្រឹក។ ដើម្បីប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍ ពីបទ «សន្និដ្ឋភាពជាមួយបរទេស» ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ“ ។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះទី១១ នេះ រួមមាន ៖ ១. លោក ស៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សា ២. លោក ឃុន សូណា ចៅក្រមប្រឹក្សា ៣. លោកឌុច សុខសារិន ចៅក្រមប្រឹក្សា ៤. តំណាងមហាអយ្យការ លោក មាស សុភក្ដិ អគ្គព្រះរាជអាជ្ញារង ៥. លោក ស៊ឹម សុផាន អគ្គព្រះរាជអាជ្ញារង ៦. ក្រឡាបញ្ជីសវនាការ លោកស្រី ណាត ស្រីនុច ៧. លោក យឹម ទិវា និង ៨. កញ្ញាវ៉ា ដានីត ។

ចំណែកនៅក្នុងលិខិតជូនដំណឹងស្តីពីការប្រកាសសាលដីកា របស់ក្រុមប្រឹក្សាជំនុំជម្រះទី១១ នៃសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ភ្នំពេញ ចុះថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានជម្រាបជូនមកមេធាវីតំណាងឱ្យដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ កឹម សុខា ថា «ក្រុមប្រឹក្សាជំនុំជម្រះទី១១ នៃសភាព្រហ្មទណ្ឌ សូមជម្រាបជូនលោក-លោកស្រី ជាមេ ធាវីតំណាងឱ្យដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ឱ្យបានជ្រាបថា សំណុំរឿងព្រហ្ម ទណ្ឌ លេខ៥៥៦ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលមានជនជាប់ចោទ កឹម សុខា ជាប់ចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ក្រោយពីបានបញ្ចប់ការជំនុំជម្រះ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជំនុំជម្រះ កំណត់យកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅបន្ទប់សវនាការទី១ ដើម្បីប្រកាសសាលដីកា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក/លោកស្រី ជ្រាបជាដំណឹង»។

ឆ្លើយតបនឹងការអញ្ជើញ របស់មហាអយ្យការអមសាលាឧទ្ធរណ៍ ខាងលើនេះ លោកផែង ហេង សហមេធាវីការពារក្ដីលោក កឹម សុខា បានបញ្ជាក់ខ្លីតាមបណ្ដាញសង្គមថា “ទីបំផុត សាលាឧទ្ធរណ៍ភ្នំពេញ ដាក់ថ្ងៃប្រកាសសាលដីកា សម្រាប់សំណុំរឿងឯកឧត្តម កឹម សុខា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦“ ។

ជាមួយនេះដែរ ក្នុងអំឡុងពេលសវនាការនៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ សហមេធាវីការពារក្តីរបស់លោក កឹម សុខា ទាំងអស់ ក៏បានអំពាវនាវឱ្យតុលាការ លុបចោលការផ្តន្ទាទោសកូនក្តី ​កឹម សុខា ដោយអះអាងថា មិនមានភ័ស្តុតាងគ្រប់គ្រាន់ ហើយថា គ្មានប្រទេសបរទេសណាមួយ ត្រូវបានកំណត់អត្តសញ្ញាណថា បានគប់គិតជាមួយលោកកឹម សុខា នោះទេ ។

ការអំពាវនាវរបស់សហមេធាវី ខាងលើនេះ ស្របទៅនឹងជំហររបស់លោកកឹម សុខា ជាកូនក្ដី ដែលបានប្តឹងទាស់នឹងសាលាក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសលោក ឲ្យជាប់ពន្ធនាគារ រយៈពេល ២៧ឆ្នាំ ពីបទ «សន្ទិដ្ឋភាពជាមួយបរទេស» ដែលស្មើនឹងអំពើក្បត់ជាតិនេះ ដោយតែងតែបានច្រានចោលការចោទប្រកាន់នេះ ជាបន្តបន្ទាប់ និងបានស្នើឲ្យតុលាការ ទម្លាក់ចោលការចោទប្រកាន់។ លោក កឹម សុខា អះអាងកន្លងមកថា សកម្មភាពនយោបាយរបស់លោក គឺដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការពារផលប្រយោជន៍ជាតិ ដោយមិនបានគិតពីការប្រើអំពើហិង្សា ឬការធ្វើបដិវត្តន៍ មកផ្តួលរំលំរដ្ឋាភិបាលនោះទេ។

គួរបញ្ជាក់ថា ការកំណត់យកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដើម្បីប្រកាសសាលដីកា របស់សាលាឧទ្ធរណ៍ភ្នំពេញ លើសំណុំរឿងអតីតមេបក្សប្រឆាំង លោក កឹម សុខា ខាងលើនេះ បានធ្វើឡើងស្របពេលដែលសហមេធាវី សហការី និងអ្នកគាំទ្រលោក កឹម សុខា បានលើកឡើងថា បើលោកកឹម សុខា មានសេរីភាព រួចផុតពីបទចោទប្រកាន់ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” ដែលតុលាការបានកាត់ទោសជាប់ពន្ធនាគារ ២៧ឆ្នាំ (ជាប់ឃុំក្នុងផ្ទះ)  និងដកសិទ្ធិគ្រប់បែបយ៉ាងនោះ នឹងជួយពង្រឹងឯកភាពជាតិ ប្រឆាំងបរទេសឈ្លាន ពាន ជាពិសេស លោក កឹម សុខា អាចជួយគៀងគរសហគមន៍អន្តរជាតិ មកជួយកម្ពុជា បានថែមទៀត ព្រោះលោក កឹម សុខា គឺជាឥស្សរជននយោបាយខ្មែរ មួយរូប ដែលមានការទទួលស្គាល់ និងមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសលោកសេរី និងអង្គការអន្តរជាតិធំៗ ដែលជាមិត្តកម្ពុជា ។ ដូច្នេះប្រសិនបើមានការសម្របសម្រួលនយោបាយ អនុញ្ញាតឲ្យលោកមានសេរីភាពឡើងវិញ ច្បាស់ណាស់ លោក កឹម សុខា នឹងអាចប្រើប្រាស់ឥទ្ធិពលនិងសំឡេងរបស់លោក ដើម្បីពន្យល់ទៅកាន់សហគមន៍អន្តរជាតិ អំពីស្ថានភាពពិតនៅតាមព្រំដែនកម្ពុជា-ថៃ​ដែលបានិងកំពុងទទួលរងការរំលោភបំពាន ឈ្លានពានពីប្រទេសថៃ ។ មិនតែប៉ុណ្ណោះ ជាតុល្យភាពការទូត នឹងជួយឲ្យកម្ពុជា ទទួលបានការចាប់អារម្មណ៍ និងការគាំទ្រផ្នែកច្បាប់ ឬបច្ចេកទេស ពីអន្តរជាតិ បន្ថែមទៀត ក្នុងករណីមានជម្លោះទឹកដី ។

 លោក ហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោក កឹម សុខា បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ថា “បាទ! ដូចជាកន្លងមក យើងបានដឹងហើយថា ករណីលោកកឹម សុខា យើងកុំមើលឃើញត្រឹមតែលោក កឹម សុខា ជារូបវន្តបុគ្គលមួយ ឬក៏ជាអតីតប្រធានគណបក្សប្រឆាំងមួយ យើងមើលឲ្យលើសពីហ្នឹង ។ មានន័យថា ករណីលោក កឹម សុខា គឺជាវាផ្សារភ្ជាប់ទៅនឹងបញ្ហាជាតិ ផលប្រយោជន៍ជាតិ ។ យើងមើលទៅលើអតីតអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងរដ្ឋ មន្រ្តីការបរទេស ឬក៏មន្រ្តីជាន់ខ្ពស់នានារបស់សហរដ្ឋអាមេរិក តែងតែទាញថា ករណីរបស់លោក កឹម សុខា បើសិនជាដោះលែងលោក កឹម សុខា ប្រទេសកម្ពុជា នឹងទទួលបានផលប្រយោជន៍ច្រើនជាងនេះ ពីសហ រដ្ឋអាមេរិក អាហ្នឹងមួយ ។ យើងកត់សម្គាល់មួយទៀត ទៅលើសហគមន៍អឺរ៉ុប ដែលគេកាត់ EBA ២០% នេះ គឺជាការផ្សារភ្ជាប់ទៅនឹងករណីលោក កឹម សុខា ដែរ ។ អ៊ីចឹងមានន័យថា ករណីលោកកឹម សុខា នេះ គឺជាករណីរឿងជាតិ បើសិនជាដោះលែងគាត់ យើងទទួលបានផលប្រយោជន៍អស់ទាំងហ្នឹង អាហ្នឹងរឿងទី១ ។ ទី២ នៅក្នុងកាលៈទេសៈដែលប្រទេសយើងកំពុងតែរងការឈ្លានពានពីបរទេស វាចាំបាច់ណាស់ ត្រូវតែឲ្យមានខ្មែរយើងសាមគ្គីគ្នា បើសិនជាខ្មែរយើង អត់មានសំឡេងតែមួយ យើងបែកបាក់សាមគ្គី មានន័យថា យើងពិ បាករភភាពខ្លាំង មានន័យថា សូម្បីតែក្នុងប្រទេសយើង អត់អាចសាមគ្គីគ្នាផង ធ្វើម៉េចយើងអាចទៅរកសំឡេងតែមួយបាន? ហើយយើងអត់អាចទៅប្រឆាំង ឬក៏តទល់ជាមួយបរទេសឈ្លានពានបានទេ ។ ដូច្នេះវាជាកាលៈ ទេសៈមួយ ដែលបង្ហាញថា ខ្មែរត្រូវតែរួមសាមគ្គីគ្នា ខ្មែរត្រូវតែមានការឯកភាពគ្នា ខ្មែរត្រូវតែមានសំឡេងតែមួយ ដើម្បីតតាំងជាមួយនឹងបរទេសឈ្លានពាន ហើយនៅពេលដែលលោកកឹម សុខា មានសេរីភាពពេញលេញឡើងវិញនោះ យើងឃើញថា សហគមន៍អន្តរជាតិ នឹងមើលមកកម្ពុជា ថា អូខេ! ពេលនេះ កម្ពុជា មានគណបក្សកាន់អំណាចមួយ មានគណបក្សប្រឆាំងមួយ ហើយគណបក្សទាំងពីរ គឺអាចធ្វើការរួមគ្នាបាន ស្វែង រកដំណោះស្រាយរួម មានការឯកភាពជាតិតែមួយ មានសំឡេងតែមួយ ហើយអាចស្នើទៅដល់សហគមន៍អន្តរជាតិទាំងអស់ ឲ្យមើលមកឃើញថា កម្ពុជា គឺជាជនរងគ្រោះ ដោយសារបរទេសឈ្លានពាន រំលោភលើបូរណភាពទឺកដីអី ។ល។ និង ។ល។ ដូច្នេះវាជារឿងចាំបាច់មែនទែន ហើយយើងនឹងរង់ចាំមើលបន្តទៀតថា តើយើងអាចមានលទ្ធភាពធ្វើអីខ្លះ? ព្រោះជួនកាលយើងអាចនិយាយអ៊ីចឹង ប៉ុន្តែជួនកាលការប្រកាសសាល ក្រម នៅថ្ងៃខាងមុខ (៣០មេសា) នេះ យើងមិនទាន់ដឹងថា គេមានការរឹតត្បិតកម្រិតសេរីភាពរបស់គាត់ ឬក៏ដោះលែងឲ្យគាត់មានសេរីភាពមួយរយភាគរយឡើងវិញ ដើម្បីឲ្យគាត់មានលទ្ធភាពធ្វើកិច្ចការមួយចំនួនទៀត ក្នុងនាមគាត់ជាប្រមុខបក្សប្រឆាំង“ ។

ដូចគ្នានេះដែរ លោក មុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាជំនួយការលោកកឹម សុខា បានលើកឡើងតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ថា “ឯកឧត្តម កឹម សុខា ពិតជាអាចជួយពង្រឹងដល់ឯកភាពជាតិ ប្រឆាំងនឹងអំពើឈ្លាន ពានរបស់ចោរសៀម និងអាចគៀងគរសហគមន៍អន្តរជាតិ ដើម្បីផលប្រយោជន៍ជាតិសំខាន់ៗផ្សេងទៀត។ យើងយល់ថា នេះជាពេលវេលាដ៏សមស្របមួយ ដើម្បីជាតិខ្មែរ រួបរួមជាធ្លុងមួយ។ ដំណោះស្រាយខ្មែរឈ្នះទាំងអស់គ្នា និងមិនបាក់មុខមាត់ គឺអាចធ្វើទៅបាន រវាងខ្មែរនិងខ្មែរ។ ឯកឧត្តម កឹម សុខ បានថ្លែងនៅក្នុងសវនការ នាថ្ងៃទី៩ ខែមេសា កន្លងទៅថ្មីៗនេះថា លោកត្រៀមខ្លួនជួយដល់រាជរដ្ឋាភិបាល នៅពេលលោកទទួលបាននូវសេរីភាពពេញលេញ!“ ។

 សម្រាប់មជ្ឈដ្ឋានអ្នកនយោបាយ ដែលធ្លាប់ជាអតីតសហការីលោកកឹម សុខា សង្ឃឹមថា «ក្រោយភ្លៀង មេឃស្រឡះ» ក្រោមការផ្សះផ្សាជាតិខ្មែរ ។ ពោលគឺមានជំនឿថា លោកកឹម សុខា នឹងត្រូវដោះលែងឲ្យមានសេរី ភាពពេញលេញឡើងវិញ តាមសាលដីការបស់សាលាឧទ្ធរណ៍ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមស្មារតីបង្រួបបង្រួមជាតិ ៕ កុលបុត្រ

RELATED ARTICLES