ខេត្តតាកែវ ៖ ជនសង្ស័យ ចំនួន៣នាក់ សុទ្ធតែជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារដូចគ្នា បានធ្វើសកម្មភាពគាស់ដំបូលស័ង្កសីតូបលក់ខោអាវ របស់លោក ឆលីហ៊ាង លួចខោអាវ អស់មួយចំនួនធំ ហើយនាំគ្នារត់គេចខ្លួនបាត់អស់។ លុះម្ចាស់តូបដាក់ពាក្យបណ្តឹង ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបានទាំង៣នាក់ នាំយកមកចាត់ការតាមច្បាប់។


ករណីគាស់តូបលួចខោអាវនេះ បានកើតឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅចំណុចតូបលក់ខោអាវ ១កន្លែង ស្ថិតក្នុងផ្សារទន្លាប់ (ផ្សារចាស់) ស្រុកគិរីវង់ ខេត្តតាកែវ។ លុះមកដល់វេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃដដែល កម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ បានចំនួន៣នាក់។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះសៀង សុខហឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខ សញ្ញាលួចសកម្ម ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ ពន្ធនាគារ ចំនួន១លើក ពាក់ព័ន្ធក្នុងករណីបទអំពើលួចកាត់ខ្សែភ្លើង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ជាប់គុក រយៈពេល៩ខែ)។ ទី២-ឈ្មោះសើ គឹមហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាលួចសកម្ម ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារ ចំនួន២លើក លើកទី១-ពាក់ព័ន្ធក្នុងករណីបទប្រើប្រាស់គ្រឿងញៀន ជាប់រយៈពេល២ឆ្នាំ នៅឯខេត្តព្រះសីហនុ និងលើកទី២-ពាក់ព័ន្ធក្នុងករណីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន ជាប់រយៈពេល ២ឆ្នាំ៦ខែ នៅឯខេត្តព្រះសីហនុ) និងទី៣-ឈ្មោះរ័ត្ន អូរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជា មុខសញ្ញាលួចសកម្ម ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារ ចំនួន១លើក ពាក់ព័ន្ធក្នុងករណីបទអំពើលួចកាត់ខ្សែភ្លើង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ជាប់គុក រយៈពេល៧ខែ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នគរបាលស្រុកគិរីវង់ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះសុទ្ធ ឆលីហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ខោអាវ រស់នៅភូមិកំពង់ថ្មី ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដោយបានប្តឹងទៅលើក្រុមជន សង្ស័យ មានស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់ដំបូលតូបស័ង្កសី ចូលលួចខោអាវ អស់មួយចំនួនធំ នៅចំណុចផ្សារទន្លាប់ (ផ្សារចាស់)។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានសុំយោបល់និងគោលការណ៍ណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវ បានបញ្ជាឱ្យកម្លាំងជំនាញនគ របាលយុត្តិធម៌ស្រុក ស្រាវជ្រាវ លុះមកដល់ម៉ោង ៤និង៣០នាទីរសៀល ថ្ងៃដដែល ក៏ឈានដល់ការឃាត់ ខ្លួនក្រុមជនសង្ស័យ បានចំនួន៣នាក់ (១-ឈ្មោះសៀង សុខហឿន ២-ឈ្មោះសើ គឹមហេង ៣-ឈ្មោះរ័ត្ន អូរ)។ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕