Wednesday, June 10, 2026
Homeព័ត៌មានជាតិអតីតសមាជិកសភា រិះគន់ក្រសួងកម្ពុជា ៣០ ទីប្រឹក្សាជិត៣ម៉ឺននាក់

អតីតសមាជិកសភា រិះគន់ក្រសួងកម្ពុជា ៣០ ទីប្រឹក្សាជិត៣ម៉ឺននាក់

ភ្នំពេញ ៖ ស្របពេលដែលការកំណត់ចំនួនទីប្រឹក្សា និងជំនួយការ របស់ក្រសួងមហាផ្ទៃ ត្រឹមចំនួន ៨២៥រូប ក្នុងឆ្នាំ២០២៦ នេះ កំពុងក្លាយជាប្រធានបទដ៏ចម្រូងចម្រាសមួយនោះ អតីតសមាជិកសភា នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានរិះគន់ចំនួនក្រសួង និងទីប្រឹក្សា ជំនួយការ នៅតាមក្រសួងនីមួយៗ នៅក្នុងរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ មជ្ឈដ្ឋានប្រឆាំង បានលើកឡើងថា កម្ពុជា ជាប្រទេសតូច ទាំងផ្ទៃដី តិចទាំងចំនួនប្រជាជន តែមានក្រសួង ដល់ទៅ៣០ និងមានទីប្រឹក្សា ជំនួយការ ជិត ៣ម៉ឺននាក់ ដែលដេកស៊ីប្រាក់ខែរាស្រ្តដែលខំបង់ពន្ធ ។

លោក សួន សូរីដា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្រ្គោះជាតិ បច្ចុប្បន្នជាអនុប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ថា “អនិច្ចារាស្ត្រដែលខំប្រឹងបង់ពន្ធជូនរដ្ឋ! គ្រាន់តែក្រសួងមហាផ្ទៃ មានទីប្រឹក្សា ៨២៥រូប ដែលស៊ីប្រាក់ខែរាស្ត្រដែលខំបង់ពន្ធ ចុះបើសរុប ៣០ក្រសួង តើមានទីប្រឹក្សាប៉ុន្មានម៉ឺននាក់ទៅ? ទោះបីយ៉ាងណាក៏ដោយ ក៏រាស្ត្រខ្មែរ សប្បាយចិត្ត ហើយនៅតែគាំទ្រនិងបោះឆ្នោតជូនរហូតលុះក្ស័យ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក សួន សូរីដា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ថា ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលមានការឈ្លាពានពីទាហានសៀម គួរណាស់រដ្ឋសន្សំសំចៃថវិការដ្ឋ ដើម្បីយកទៅពង្រឹងលើវិស័យការពារជាតិ ដោយធ្វើទំនើបកម្មយោធា ទិញយុទ្ធោបករណ៍ទំនើប ទិញដ្រូន និងកាំជ្រូចការពារដែនអាកាស មិនមែនតែងតាំងទីប្រឹក្សាច្រើន បង្ហិនថវិកាជាតិ ដែលពលរដ្ឋខិតខំបង់ពន្ធជូនរដ្ឋ បែបនេះទេ ។ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យជឿនលឿន លោកទទូចហើយទទូចទៀត ស្នើទៅរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត ត្រូវតែចាត់វិធានការកែទម្រង់ការដឹកនាំរបស់ខ្លួន ជាបន្ទាន់ ក្នុងស្ថានភាពបច្ចុប្បន្ន ដោយកាត់បន្ថយទីប្រក្សា ជំនួយការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងបំបាត់អំពើពុករលួយ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក សួន សូរីដា បានមានប្រសាសន៍ថា “ខ្ញុំមានការភ្ញាក់ផ្អើលមែនទែន នៅពេលឃើញក្រសួងមហាផ្ទៃ មានទីប្រឹក្សា ៨២៥រូប ដែលស៊ីប្រាក់ខែរដ្ឋ និងមានបន្តតែងតាំងទីប្រឹក្សានិងជំនួយការ បន្ថែមទៀត ដែលមិនស៊ីប្រាក់ខែ។ ត្រង់ចំណុចនេះ វាបានបង្ហាញ ៖ ១. ថ្នាក់ដឹកនាំក្រសួង ខ្វះសមត្ថភាពក្នុងការដឹកនាំ ហើយបែរជាត្រូវការទីប្រឹក្សាច្រើនសម្បើមបែបនេះ។ ២. ជាការបង្ហិនថវិកាជាតិដែលពលរដ្ឋខិតខំបង់ពន្ធជូនរដ្ឋ។ ក្នុងកាលៈទេសៈបច្ចុប្បន្នដែលមានការឈ្លាពានពីទាហានសៀម គួរណាស់រដ្ឋសន្សំសំចៃថវិការដ្ឋ ដើម្បីយកទៅពង្រឹងលើវិស័យការពារជាតិ ដោយធ្វើទំនើបកម្មយោធា ទិញយុទ្ធោបករណ៍ទំនើប ទិញដ្រូន និងកាំជ្រូចការពារដែនអាកាស។ ៣. ការមានទីប្រឹក្សាច្រើន ទោះបីអត់ស៊ីប្រាក់ខែរដ្ឋ ក៏ដោយ ក៏មានបុគ្គលខ្លះ អាចយកងារនេះទៅប្រើប្រាស់សម្រាប់កាងការពារលើជំនួញមិនស្របច្បាប់ណាមួយ ដែលមានឧទាហរណ៍កន្លងមក មានឧកញ៉ា ទីប្រឹក្សា ដើរបោកគេ ប្រព្រឹត្តបទល្មើស online scams ជាដើម ដែលធ្វើឱ្យខូចដល់មុខមាត់រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិ ផងដែរ” ។

លោកសួន សូរីដា បានមានប្រសាសន៍បន្តថា “ខ្ញុំសង្កេតឃើញមិនមែនតែក្រសួងមហាផ្ទៃ មួយប៉ុណ្ណោះទេ ដែលមានទីប្រឹក្សា ជិត១ពាន់នាក់ នៅមានក្រសួងដទៃ ក៏មានច្រើនពាន់នាក់ផងដែរ ដូចជាក្រសួងព័ត៌មាន និងទីស្តីការគណរដ្ឋមន្ត្រី មានទីប្រឹក្សានិងជំនួយការជិតៗ ២០០០នាក់ ចុះបើក្រសួង មានដល់៣០ នោះច្បាស់ជាមានទីប្រឹក្សា ជំនួយការ លើសពី៥០០០នាក់មិនខាន ហើយបើទីប្រឹក្សាម្នាក់ បើកប្រាក់ខែ ៥០០ដុល្លារ នោះរដ្ឋ ត្រូវចាយថវិកាជាតិ អស់ ២.៥ ទៅ៣លានដុល្លារ ក្នុង១ខែ អស់ជាង ៣០លានដុល្លារ ក្នុង១ឆ្នាំ អស់ជាង ១៥០លាន ក្នុង១អាណត្តិ ៥ឆ្នាំ ។ បើរដ្ឋ កាត់បន្ថយទីប្រឹក្សា ជំនួយការ កាត់បន្ថយមន្ត្រីក្បាលធំ នៅក្នុងក្រសួងនានា បន្ថែមទៀត រួមទាំងលុបបំបាត់អំពើពុករលួយ ឱ្យបាន នោះរដ្ឋ អាចសល់លុយ ក្បែរ ១ពាន់លានដុល្លារ ដើម្បីយកលុយនេះ ទៅធ្វើទំនើបកម្មលើវិស័យយោធា បានយ៉ាងងាយ ហើយសត្រូវជិតខាង មិនហ៊ានប្រមាថ ឈ្លានពានយើងបែបនេះឡើយ។ ជាចុងក្រោយ ក្នុងនាមខ្ញុំ ជាថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យជឿនលឿន ទទូចហើយទទូចទៀត ស្នើទៅរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ត្រូវតែចាត់វិធានការកែទម្រង់ការដឹកនាំរបស់ខ្លួន ជាបន្ទាន់ ក្នុងស្ថានភាពបច្ចុប្បន្ន ដោយកាត់បន្ថយទីប្រក្សា ជំនួយការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងបំបាត់អំពើពុករលួយ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការលើកឡើងរបស់ពួកយើងខ្ញុំ មិនមែនដើម្បីបន្ទាបបន្ថោកនូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងទាញយកប្រជាប្រិយភាពនោះទេ តែវាជាការចូលរួមកែលម្អ ក្នុងនាមជាអ្នកនយោបាយ ចង់ឃើញកម្ពុជា ខ្លាំង ចង់ឃើញសង្គមកម្ពុជាទំនើប ស្អាតស្អំ ស៊ីវិល័យ និងពលរដ្ឋខ្មែរ រស់នៅក្នុងជីវភាពថ្លៃថ្នូរ សមរម្យតែប៉ុណ្ណោះ“ ។

ស្រដៀងគ្នានេះដែរ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ និងបច្ចុប្បន្នជាប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានទីប្រឹក្សា និងជំនួយការ ច្រើនជាងគេបំផុត លំដាប់លេខ១ លើពភពលោក ប៉ុន្តែទីប្រឹក្សាទាំងនោះ ដេកស៊ីប្រាក់ខែ ដែលជាលុយពន្ធរបស់រាស្រ្ត ដោយឲ្យរាស្រ្តចិញ្ចឹម រាល់ខែ ហើយមិនបានផ្តល់យោបល់នាយករដ្ឋមន្រ្តី ច្បាំងឈ្នះថៃ ឬទាមទារទឹកដីពីថៃ បានមកវិញនោះទេ ។

លោក អ៊ុំ សំអាន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ថា “សម្រាប់ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ មានទីប្រឹក្សា និងជំនួយការ ចំនួន៨២៥រូប។ លោក អឺង សម្បត្តិ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។ ប្រសិនបើយើងគិតត្រឹមតែពាក់កណ្តាលនៃទីប្រឹក្សា និងជំនួយការ ចំនួន៨២៥រូប របស់ក្រសួងមហាផ្ទៃ រួចគុណនឹង ៣០ក្រសួង និងរដ្ឋលេខាធិការដ្ឋាន នោះយើងឃើញថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានទីប្រឹក្សា និងជំនួយការ ចំនួន ២៤៧៥០នាក់ ។ រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត មានទីប្រឹក្សានិងជំនួយការ ច្រើនជាងគេបំផុត លំដាប់លេខ១ លើពិភពលោក ប៉ុន្តែទីប្រឹក្សាទាំងនោះ ដេកស៊ីប្រាក់ខែ ដែលជាលុយពន្ធរបស់រាស្រ្ត ដោយឲ្យរាស្រ្តចិញ្ចឹម រាល់ខែ ហើយមិនបានផ្តល់យោបល់ឲ្យលោក ហ៊ុន ម៉ាណែត ច្បាំងឈ្នះថៃ ឬទាមទារទឹកដីពីថៃ បានមកវិញនោះទេ “ ។

លោកអ៊ុំ សំអាន បានសរសេរបន្ថែម នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ថា “ទីស្តីការគណៈរដ្ឋមន្រ្តីមានរដ្ឋលេខាធិការ៦៩នាក់និងអនុរដ្ឋលេខាធិការ ៤៨នាក់។ ទីស្តីការគណៈរដ្ឋមន្រ្តីមានរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការចំនួន ១១៧នាក់។ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឡើងដល់ប្រមាណជាង២២០០នាក់ហើយ។ រដ្ឋាភិបាលកម្ពុជា ឆ្នាំ១៩៩៣ មានរដ្ឋលេខាធិការ២នាក់ និងអនុរដ្ឋលេខាធិការ២នាក់ ក្នុងមួយក្រសួង។ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានក្រសួងនិងរដ្ឋលេខាធិការដ្ឋានចំនួន៣០ ដែលខុសពីប្រទេសវៀតណាម ដែលមានប្រជាជន១០១លាននាក់ មានក្រសួងចំនួន១៤។ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានទីប្រឹក្សានិងជំនួយការឡើងដល់ជិត១ម៉ឺននាក់ហើយ គឺតែងតាំងបន្ថែមសឹងរាល់ថ្ងៃ។ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ទីប្រឹក្សានិងជំនួយការច្រើនជាងបំផុតលំដាប់លេខ១លើពិភពលោក ប៉ុន្តែភាគច្រើនបំផុតនៃរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សានិងជំនួយការទាំងនោះ ដេកស៊ីប្រាក់ខែ ដែលជាលុយពន្ធរបស់រាស្រ្ត ដោយឲ្យរាស្រ្តចិញ្ចឹមរាល់ខែ ដែលជាការចំណាយថវិកាជាតិខ្ជះខ្ជាយ ដែលហេតុធ្វើឲ្យគ្មានលុយពង្រឹងវិស័យយោធា និងអភិវឌ្ឍជាតិ ព្រមទាំងធ្វើឲ្យកម្ពុជា នៅតែជាប្រទេសក្រីក្រ ហើយរដ្ឋត្រូវខ្ចីបំណុលបរទេស ប្រមាណជាង២ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ដើម្បីបង្រ្គប់ថវិកាជាតិ។ ភាគច្រើនបំផុតនៃមន្រ្តីជាន់ខ្ពស់ទាំងនេះជាឈ្លើងជញ្ជក់ឈាមរាស្រ្តនិងប្រព្រឹត្តិអំពើពុករលួយ “ ។

 បន្ថែមលើសំណេរខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ “បាទ! រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត គឺជារដ្ឋាភិបាលក្បាលធំជាងគេ ហើយមានទីប្រឹក្សា និងជំនួយការហ្នឹង ច្រើនជាងគេ លំដាប់ទីមួយ លើពិភពលោក ហើយបើគិតរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ប្រហែលជា ១៦០០នាក់ ច្រើនណាស់ ក៏ច្រើនជាងគេលើពិភពលោកដែរ ដោយគ្រាន់តែក្រសួងមហាផ្ទៃ មួយ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ១១៤នាក់ ហើយកាលឆ្នាំ១៩៩៣ រដ្ឋលេខាធិការ មួយក្រសួង តែពីរនាក់ទេ ។ វៀតណាម អ៊ីចឹងដែរ មួយក្រសួង ២នាក់ ទៅ៤នាក់ គេហៅថា អនុរដ្ឋមន្ត្រី តែបួននាក់ទេ ។ នៅប្រទេសជប៉ុន តែពីរនាក់ទេ អនុរដ្ឋមន្រ្តី  ។ ស្រុកខ្មែរយើង ច្រើនណាស់ ហើយយើងមើលក្រសួងយើង ម្ភៃប្រាំបី ប៉ុន្តែរដ្ឋលេខាធិការដ្ឋាន ២ទៀត វាសាមសិបក្រសួង ។ នៅវៀតណាម តែដប់បួនក្រសួងទេ ពលរដ្ឋគេ មួយរយមួយលាននាក់ យើងតែ ១៧លាននាក់ នៅជប៉ុន មួយរយម្ភៃលាននាក់ ក្រសួងមានតែ ១១ក្រសួងទេ ។ ដូច្នេះយើងច្រើនណាស់ ទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រដ្ឋមន្ត្រី ទីប្រឹក្សា ជំនួយការ ហើយបើយើងមើលទេសរដ្ឋមន្រ្តី ដូចជាម្ហៃមួយនាក់ ហើយរដ្ឋមន្ត្រីអមនាយករដ្ឋមន្រ្តី ២៩នាក់ នៅប្រទេសដទៃ នៅលើពិភពលោក អត់មានទេ ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី មានតែស្រុកខ្មែរទេ ។ ដូច្នេះវាចំណាយថវិកាជាតិខ្ជះខ្ជាយ ។ បើយើងកាត់បន្ថយមកនៅត្រឹមដប់ក្រសួង រដ្ឋលេខាធិការ ពីរនាក់ មួយក្រសួង អនុរដ្ឋលេខាធិការ ២នាក់ មួយក្រសួង វាគិតទៅ កាត់បន្ថយពី ១៦០០នាក់ មកសល់តែសែសិបនាក់   ទីប្រឹក្សាប្រហែលជាជិត ១ម៉ឺននាក់ហ្នឹង យើងយកតែ ១០០នាក់បានហើយ យកតែ ១០០នាក់ទៅ ក៏ល្អដែរ ចំណាយថវិកាច្រើនណាស់ ហើយយើងដឹងហើយ ទីប្រឹក្សា ជំនួយការ ដេកស៊ីប្រាក់ខែតើ! ពួកហ្នឹងមានធ្វើការអី? គេហៅថា ការងារខ្យល់ ចុះពង្រឹងបក្សអីតិចតួចហ្នឹង មួយឆ្នាំ មិនដែលទៅអើតកន្លែងផង អត់មានកន្លែងអង្គុយ អត់មានប៊ុយរ៉ូអង្គុយផងហ្នឹង ខ្ញុំធ្លាប់ធ្វើការដែរតើ! មិនដឹង? ហើយមួយចំនួន ដូចជាខេត្តតូចៗ ខេត្តកែប ខេត្តប៉ៃលិន ហ្នឹង កាត់បន្ថយទៅ ស្នងការរង ដប់នាក់ នៅតាមខេត្តហ្នឹង កាត់ត្រឹមតែពីរនាក់ទៅ អភិបាលរងខេត្ត ១០នាក់ជាងហ្នឹង យកតែពីរនាក់បានហើយ អគ្គស្នងការនគរបាលជាតិ រងហ្នឹង ដូចហាហុកសិបនាក់ហ្នឹង យកតែពីរនាក់ បានហើយ ឧត្តមសេនីយ៍ ប្រហែលជារាប់ពាន់នាក់ហ្នឹង យកតែមួយរយនាក់ បានហើយ យើងប្រាកដជាសន្សំលុយបានមួយឆ្នាំ បើយើងកាត់បន្ថយអ៊ីចឹង ហើយនិងមួយទៀត អនុប្រធានការិយាល័យ ឬអនុប្រធាននាយកដ្ឋាន ដប់នាក់ជាង ទុកតែពីរនាក់ បានហើយ អគ្គនាយករង ប្រហែលដប់ម្ភៃនាក់ហ្នឹង ទុកតែពីរនាក់ បានហើយ“ ។

លោក អ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “ធ្វើអ៊ីចឹងបានយើងគិតទៅ សន្សំលុយក្នុងមួយឆ្នាំ បានពីបីពាន់លានដុល្លារ ទៅប្រាំពាន់លានដុល្លារ យើងអាចទិញយន្តហោះចម្បាំង ហាសិបគ្រឿង ទៅ១០០គ្រឿង ក្នុង១ឆ្នាំ យន្តហោះចម្បាំងអាមេរិក ទៀត F16 យើងគិតមើល ៥ឆ្នាំ យ៉ាងហោចណាស់ក៏ប្រាំរយគ្រឿង ទៅ១ពាន់គ្រឿងដែរ ហើយថៃ មាន១រយគ្រឿងជាងហ្នឹង យើងអាចពង្រឹងវិស័យយោធា ទិញសព្វាវុធ សំណាញ់មេឃ អាចទិញយន្តហោះចម្បាំងទំនើបៗហើយ ទៅទិញសំណាញ់មេឃហើយ កាំភ្លើងបាញ់ដូ្រន ដ្រូនចម្បាំង សម្ភារៈទំនើបៗ យើងអាចការពារទឹកដីខ្មែរយើងបាន ហើយប្រាក់ខែទាហាន អាចដំឡើងដល់មួយពាន់ដុល្លារអាមេរិក យើងអាចដំឡើងគុណនឹងពីរ ហើយហេតុបានយើងមិនធ្វើ? ដោយសារអី? យកទីប្រឹក្សាច្រើន ជំនួយការច្រើន រដ្ឋលេខាធិការច្រើន អនុរដ្ឋលេខាធិការច្រើនហ្នឹង ដើម្បីអី? ការពារអំណាច ឲ្យបក្ខពួកខ្លួនហ្នឹងមានអំណាចទៅ ដើម្បីការពារអំណាចត្រកូលហ៊ុន  ។ ចុះបើអត់តែងតាំងពួកហ្នឹង? ពួកហ្នឹងអន់ចិត្ត មិនរិះគន់រដ្ឋាភិបាល ទៅចូលបក្សប្រឆាំង? ហើយដើម្បីមួយទៀត ទិញក្បាលពីគណបក្សប្រឆាំងទៅ តែងតាំងទីប្រឹក្សា ជាជំនួយការអីអ៊ីចឹងទៅ អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការអ៊ីចឹងទៅ អាហ្នឹងជាការពង្រឹងអំណាចទេ មិនមែនដើម្បីផលប្រយោជន៍ជាតិទេ  ។ ដល់ប្រជាពលរដ្ឋខំបង់ពន្ធជូនរដ្ឋហ្នឹង ទៅចិញ្ចឹមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលហ្នឹង“។

លោក អ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “នៅស្រុកគេ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ចិញ្ចឹមរាស្រ្ត ស្រុកខ្មែរយើង រាស្រ្តចិញ្ចឹមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលទៅស៊ីប្រាក់ខែ តាមរយៈការបង់ពន្ធហ្នឹង រាស្រ្តបង់ពន្ធហ្នឹង យកទៅឲ្យពួកហ្នឹងចំណាយ ។ អ៊ីចឹងបានមួយឆ្នាំៗ ខ្វះថវិកា ជាងពីរពាន់លានដុល្លារជាង ទៅបីពាន់លានដុល្លារជាង ត្រូវខ្ចីបន្ថែម ។ ឆ្នាំហ្នឹង ឆ្នាំ២០២៧ នេះ ថវិកាជាតិ ប្រហែលជិតម៉ឺនលានដុល្លារហ្នឹង ទៅខ្ចីគេ យ៉ាងតិច បីពាន់លានដុល្លារ ទៅខ្ចីគេយ៉ាងតិច ជិត៣ពាន់លានដុល្លារ ។ ដោយសារអី? ខ្វះអី ខ្វះច្រើនម៉្លេះ? ដោយសារមន្ត្រីអស់ហ្នឹងពុករលួយ ហើយមន្រ្តីអស់ហ្នឹង ស៊ីប្រាក់ខែរដ្ឋ ចាប់ពី៧០០ ទៅ១០០០ដុល្លារជាងហ្នឹង មិនមែនចាយប៉ុណ្ណឹងគ្រប់ទេ ពួកហ្នឹងចាយធំណាស់ ។ ដូច្នេះវាត្រូវពុករលួយ ត្រូវរឹបអូសយកដីប្រជាពលរដ្ឋ ត្រូវកាប់ព្រៃឈើ អ្នកខ្លះទៅជួញដូរគ្រឿងញៀន អ្នកខ្លះគប់គិតបទល្មើសឆបោកតាមអនឡាញ ។ ដូច្នេះតម្លៃហ្នឹង យកទៅរកស៊ី ដើម្បីកេងចំណេញឬក៏ហុតឈាមរាស្រ្ត មិនមែនយកទៅបម្រើជាតិទេ ។ ហើយតាមពិត ទីប្រឹក្សានៅក្រសួងមហាផ្ទៃហ្នឹង មានប្រាំបីរយម្ភៃប្រាំនាក់ ប៉ុន្តែក្រសួងផ្សេងទៀត អត់ដល់ហ្នឹងទេ មានតែជាងរយនាក់ បីរយនាក់ទេ ។ អ៊ីចឹងយើងគិតទៅទីប្រឹក្សា ជំនួយការ ប្រហែលជា ១ម៉ឺននាក់ ជាង១ម៉ឺននាក់ទេ មិនដល់បីម៉ឺននាក់ទេ ក្រសួងខ្លះ មានទីប្រឹក្សាតិចជាងក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការហ្នឹង ក៏តិចជាងដែរ ។ មានតែ ៣ក្រសួង ដែលមានទីប្រឹក្សា ជំនួយការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ច្រើនជាងគេហ្នឹង គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងទីស្ដីការគណៈរដ្ឋមន្ត្រី ឯក្រសួងដទៃទៀត មានតិចជាងហ្នឹងទេ“ ។

លោក អ៊ុំ សំអាន បានមានប្រសាសន៍បន្ថែមថា “តាមពិត ទីប្រឹក្សា ហើយនិងជំនួយការហ្នឹង មានប្រហែលតែជិតមួយម៉ឺននាក់ ជាង១ម៉ឺននាក់ វាមិនសមនឹងប្រទេសតូចប៉ុណ្ណឹងទេ នៅប្រទេសថៃ ប្រទេសវៀតណាម ប្រទេសជប៉ុនអី គេមានទីប្រឹក្សាច្រើន ជិត១រយនាក់ មិនដល់ផង ហើយយើងជិត ១ម៉ឺននាក់ ហើយប្រជាពលរដ្ឋ ត្រឹមតែ ១៧លាននាក់ហ្នឹង នៅជប៉ុន១រយម្ភៃពីរលាននាក់នោះ នៅថៃ ប្រហែលជាប៉ែតសិបលាននាក់ នៅវៀតណាម មួយរយលាននាក់ ។ អ៊ីចឹងប្រទេសតូចប៉ុណ្ណឹង ត្រូវការអីទីប្រឹក្សា ជំនួយការអីច្រើនអ៊ីចឹងទេ ដោយសារតែការពារអំណាច ។ ឥឡូវវៀតណាម គឺធ្វើកំណែទម្រង់ហើយ គេកាត់បន្ថយខេត្ត កាត់បន្ថយក្រសួង កាត់បន្ថយរដ្ឋបាលគេច្រើនណាស់ ដើម្បីសន្សំថវិកា អភិវឌ្ឍប្រទេសជាតិគេ ដល់យើងនេះ ដំឡើងក្រសួង ដំឡើងចៅហ្វាយខេត្តរង ដំឡើងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដើម្បីចែកកន្លែងគ្នាអង្គុយ ចែកតំណែងគ្នា ហើយមើលបើចៅហ្វាយខេត្ត ដែលចូលនិវត្តន៍ហ្នឹង មកតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អស់ហើយ អត់មានឲ្យចូលនិវត្តន៍ទេ  ដើម្បីអំណាចផ្ដាច់ការតពូជរបស់ត្រកូលហុន“ ។

គួរបញ្ជាក់ថា ការរិះគន់របស់អតីតសមាជិកសភា នៃអតីតគណបក្សប្រឆាំង ខាងលើនេះ បានធ្វើឡើង ក្រោយពេលបានឃើញសម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាស់របស់ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ត្រាស់បង្គាប់តែងតាំងលោក អឺង សម្បតិ្ត ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ដោយពុំទទួលប្រាក់បំណាច់មុខងារ ។

តាមប្រភពថា លោកអឺង សម្បត្តិ ជាទីប្រឹក្សាលេខរៀងទី៨២៥ របស់ក្រសួងមហាផ្ទៃ ដែលត្រូវបានត្រាស់បង្គាប់តែងតាំង ហើយបើប្រៀបធៀបជាមួយក្រសួងធំៗផ្សេងទៀត ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី ស សុខា គឺជាក្រសួងដែលមានចំនួនទីប្រឹក្សាច្រើនបំផុត ។ ហេតុដូច្នេះ ក្រៅពីអតីតតំណាងរាស្រ្តអតីតបក្សប្រឆាំង សម្រាប់អ្នកវិភាគ និងមជ្ឈដ្ឋានតាមដាន ក៏បានធ្វើការរិះគន់នឹងចំនួនក្រសួង និងទីប្រឹក្សាដ៏ច្រើនសន្ធឹកសន្ធាប់នេះដែរ ដោយបានលើកឡើងថា បើទោះបីជាគ្មានតួលេខផ្លូវការណាមួយបញ្ជាក់ថា មាន «ជិត៣ម៉ឺននាក់» ក៏ដោយ ក៏តួលេខនៃក្បាលម៉ាស៊ីនរដ្ឋាភិបាល (រួមទាំងទីប្រឹក្សា, ជំនួយការ, ប្រតិភូ, និងមន្ត្រីខុទ្ទកាល័យ) ត្រូវបានប៉ាន់ប្រមាណថា មានចំនួនរាប់ពាន់ ទៅជាង ១ម៉ឺននាក់។

ចំពោះផលវិបាក មតិរិះគន់ទាំងនោះភាគច្រើនផ្តោតទៅលើចំណុចសំខាន់ៗដូចខាងក្រោម ៖

-ការខ្ជះខ្ជាយថវិកាជាតិ ៖ អ្នករិះគន់លើកឡើងថា ទោះបីទីប្រឹក្សា និងជំនួយការខ្លះ មិនទទួលប្រាក់បំណាច់មុខងារ (មិនយកប្រាក់ខែរដ្ឋ) ប៉ុន្តែការតែងតាំងមន្ត្រីចំនួនដ៏ច្រើនលើសលប់បែបនេះ នៅតែធ្វើឱ្យខាតបង់ថវិកាជាតិ និងប៉ះពាល់ដល់ប្រសិទ្ធភាពការងារ។

-ភាពត្រួតគ្នានៃតួនាទី ៖ មានការយល់ឃើញថា ចំនួនទីប្រឹក្សាដ៏ច្រើនលើសលប់នេះ អាចនាំឱ្យមានការជាន់គ្នានៃតួនាទីនិងភារកិច្ច ដែលធ្វើឱ្យស្ថាប័នមានភាពយឺតយ៉ាវ និងមិនអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលសាធារណៈ។

-ការផ្តល់ឋានៈ ៖ ការតែងតាំងនេះ ត្រូវបានគេមើលឃើញថា ជាការផ្តល់ឋានៈត្រឹមតែជា «ឯកឧត្តម» ឬ «លោកជំទាវ» ដើម្បីកិត្តិយសផ្ទាល់ខ្លួន ច្រើនជាងការផ្តល់ការប្រឹក្សាការងារជាក់ស្តែង។

ទោះបីយ៉ាងណា ក្នុងន័យផ្ទុយគ្នានឹងការរិះគន់ខាងលើនេះ មន្ត្រីរាជការ និងអ្នកគាំទ្ររាជរដ្ឋាភិបាល យល់ឃើញថា ការតែងតាំងទីប្រឹក្សាទាំងនោះ ភាគច្រើនធ្វើឡើងដោយពុំទទួលប្រាក់បំណាច់មុខងារ ដែលមានន័យថា មន្ត្រីទាំងនោះ ស្ម័គ្រចិត្តជួយការងាររដ្ឋ ដោយមិនអស់ថវិកា ។

លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ថា តាមទិន្នន័យនិងតួលេខដែលលោកមាន ទីប្រឹក្សារាជរដ្ឋាភិបាល និងទីប្រឹក្សាក្រសួង ស្ថាប័ន សរុបទាំងអស់ វាមានចំនួនមិនដល់បួនពាន់នាក់ផង ហើយក្នុងនោះទៀតសោត ទីប្រឹក្សាកិត្តិយស ដែលមិនទទួលប្រាក់បំណាច់មុខងារ មានប្រហែលជាសែសិបភាគរយ ។ ដូច្នេះការដែលយើងមានមន្ត្រី ជាទីប្រឹក្សាប៉ុណ្ណេះ គឺវាដូចជាមិនច្រើនប៉ុន្មានទេ ហើយក្រសួង ស្ថាប័ន៣០ វាអាចថាជាចំនួនច្រើនគួរសមសម្រាប់ប្រទេសរបស់យើង ក៏ប៉ុន្តែយើងត្រូវពិនិត្យមើលវិញថា យើងច្រើនក្រសួង តែមន្ត្រីយើងតិចទេ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ក្នុងនាមខ្ញុំជាគណបក្សសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច ហើយជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់  ខ្ញុំយល់ឃើញថា ការលើកឡើងនូវតួលេខទីប្រឹក្សាក្រសួងស្ថាប័ន រួមទាំងប្រឹក្សារាជរដ្ឋាភិបាល អាណត្តិទី៧ មានចំនួនដល់ទៅបីម៉ឺននាក់នេះ វាជាចំនួនមួយដែលបំផ្លើស ហើយបំប៉ោង ។ តាមទិន្នន័យហើយនិងតួលេខដែលខ្ញុំមាន គឺទីប្រឹក្សារាជរដ្ឋាភិបាល ហើយនិងទីប្រឹក្សាក្រសួងស្ថាប័ន សរុបទាំងអស់ វាមានចំនួនមិនដល់បួនពាន់នាក់ផង ហើយក្នុងនោះទៀតសោត ទីប្រឹក្សាកិត្តិយស ដែលមិនទទួលប្រាក់បំណាច់មុខងារហ្នឹង មានប្រហែលជាចូលសែសិបភាគរយ ។ អ៊ីចឹងខ្ញុំគិតថា រាជរដ្ឋាភិបាលជាមួយ ក្រសួងស្ថាប័នមួយ មានទីប្រឹក្សាក្នុងកម្រិតមួយប៉ុណ្ណេះ វាដូចជាមិនច្រើនពេកទេ ដោយសារអី? សង្គមរបស់យើងនេះ បង្រួបបង្រួមច្រើនក្រុមណាស់ យើងបង្រួបបង្រួមជាមួយអតីតខ្មែរក្រហម យើងបង្រួបបង្រួមជាមួយហ៊្វុនស៊ិនប៉ិច  យើងបង្រួបបង្រួមជាមួយលន់ នល់ យើងបង្រួបបង្រួមរហូត ។ អ៊ីចឹងការដែលយើងមានមន្ត្រីជាទីប្រឹក្សាប៉ុណ្ណេះ គឺវាដូចជាមិនច្រើនប៉ុន្មានទេ ហើយតួលេខខាងលើ ជាតួលេខបំប៉ោងទេ អាហ្នឹងមួយ ។ ទីពីរ រឿងក្រសួង ស្ថាប័ន ៣០ វាអាចថាជាចំនួនច្រើនគួរសមសម្រាប់ប្រទេសរបស់យើង ក៏ប៉ុន្តែយើងត្រូវពិនិត្យមើលអ៊ីចេះវិញថា យើងច្រើនក្រសួង តែមន្ត្រីយើងតិចទេ ។ ប្រទេសគេ ដែលគេមានចំនួនប្រជាជនច្រើន ក្រសួងគេតិច ប៉ុន្តែមន្ត្រីរាជការភាគច្រើនណាស់ ។ អ៊ីចឹងខ្ញុំសូមបញ្ជាក់វិញថា តួលេខដែលក្រុមប្រឆាំងដែលចេះតែបង្កើតខ្លួនឯងនេះ វាជាតួលេខមួយដែលបំផ្លើសពីការពិត មើលតែមួយជ្រុង ។ អ៊ីចឹងទិដ្ឋភាពបែបនេះ គឺមិនអាចយកជាសាច់ការបានទេ“ ។

សូមបញ្ជាក់ថា ក្រសួង ស្ថាប័នចំណុះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមមាន ៖ ១. ទីស្តីការគណៈរដ្ឋមន្ត្រី ២. ក្រសួងមហាផ្ទៃ ៣. ក្រសួងការពារជាតិ ៤. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៥. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៦. ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ៧. ក្រសួងអភិវឌ្ឍន៍ជនបទ ៨. ក្រសួងពាណិជ្ជកម្ម ៩.ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ១០. ក្រសួងរ៉ែនិងថាមពល ១១. ក្រសួងផែនការ ១២. ក្រសួងអប់រំ យុវជននិងកីឡា ១៣. ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ១៤. ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ១៥. ក្រសួងបរិស្ថាន ១៦. ក្រសួងធនធានទឹកនិងឧតុនិយម ១៧. ក្រសួងព័ត៌មាន ១៨. ក្រសួងយុត្តិធម៌ ១៩. ក្រសួងអធិការកិច្ច ២០. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ២១. ក្រសួងសុខាភិបាល ២២. ក្រសួងសាធារណការនិងដឹកជញ្ជូន ២៣. ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ២៤. ក្រសួងទេសចរណ៍ ២៥.ក្រសួងធម្មការនិងសាសនា ២៦. ក្រសួងកិច្ចការនារី ២៧. ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ២៨. ក្រសួងមុខងារសាធារណៈ ២៩ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង៣០. រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។

ក្នុងចំណោមក្រសួងទាំង៣០ ខាងលើនេះ ក្រសួងដែលមានចំនួនទីប្រឹក្សានិងមន្ត្រីជាន់ខ្ពស់ច្រើនជាងគេ រួមមាន ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ។ ក្រសួងទាំងនេះ និងក្រសួងមួយចំនួនទៀត មានតួនាទីជាថ្នាក់ដឹកនាំ និងទីប្រឹក្សាអមរាជរដ្ឋាភិបាលយ៉ាងច្រើន ដើម្បីសម្រួលដល់ការងាររដ្ឋបាល និងលើកទឹកចិត្តដល់មន្ត្រីជាន់ខ្ពស់។ ក្នុងនោះ ទីស្ដីការគណៈរដ្ឋមន្ត្រី  មានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ យ៉ាងច្រើន ព្រមទាំងមានទីប្រឹក្សា និងមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រាប់សិបនាក់។  ក្រសួងមហាផ្ទៃ ត្រូវបានគេកត់សម្គាល់ថា មានក្បាលម៉ាស៊ីនថ្នាក់ដឹកនាំ (រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ) ច្រើនជាងគេមួយ គឺមានជាង ១០០រូប ព្រមទាំងមានទីប្រឹក្សា និងជំនួយការ រាប់រយរូប ឬជិត ១ពាន់នាក់ ។ ក្រសួងការពារជាតិ  ក៏មានមន្ត្រីថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជិត ១០០រូប ព្រមទាំងមានទីប្រឹក្សាផ្ទាល់របស់រដ្ឋមន្ត្រី ជាច្រើនរូបផងដែរ។

ការមានមន្ត្រីជាន់ខ្ពស់ និងទីប្រឹក្សាច្រើនបែបនេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារជាក់ស្តែង ព្រមទាំងផ្តល់កិត្តិយស និងលើកទឹកចិត្តដល់មន្ត្រីជាន់ខ្ពស់ដែលត្រៀមចូលនិវត្តន៍។ ប៉ុន្តែស្ថាប័នសង្គមស៊ីវិល និងអ្នកវិភាគនយោបាយមួយចំនួន តែងតែលើកឡើងពីការព្រួយបារម្ភចំពោះបន្ទុកចំណាយថវិកាជាតិលើមន្ត្រីទាំងនោះ ៕ កុលបុត្រ

RELATED ARTICLES