Wednesday, June 10, 2026
Homeព័ត៌មានជាតិព្រះបដិមាចម្លងថ្មី កប់ដី បន្លំវត្ថុបុរាណ

ព្រះបដិមាចម្លងថ្មី កប់ដី បន្លំវត្ថុបុរាណ

ខេត្តកំពង់ធំ ៖ បន្ទាប់ពីមានព័ត៌មានស្តីពីការប្រទះឃើញរូបចម្លាក់ ព្រះបដិមា ចំនួន ៤អង្គ ធ្វើអំពីលោហៈ កប់ដី ក្នុងចម្ការចន្ទី នៅស្រុកសណ្តាន់ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នោះមក មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ បានធ្វើរបាយការណ៍ គោរពជូនលោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិ ល្បៈ ដោយសន្និដ្ឋានបឋមថា វត្ថុសិល្បៈ ទាំងនេះ ទំនងជាវត្ថុចម្លងថ្មី ក្នុងទម្រង់ត្រាប់តាមសិល្បៈបុរាណ មានអាយុកាលប្រមាណ ១០-២០ឆ្នាំ ហើយអាចត្រូវបានយកមកកប់ដី ដើម្បីបន្លំជាវត្ថុបុរាណ ត្រូវបានមន្ត្រីជំនាញរបស់មន្ទីរ ដឹកជញ្ជូនយកមករក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំ ក្នុងគោលបំណងសិក្សាស្រាវជ្រាវបន្ថែម នៅពេលក្រោយ។

របាយការណ៍ របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ លេខ ១០.ប.ក.ស.វ.ស.ក.ព. ក្នុងកម្មវត្ថុ ៖ របាយការណ៍ស្តីពីការប្រទះឃើញវត្ថុសិល្បៈ (ប្រតិមា) ចំនួន ៤ដុំ/អង្គ ធ្វើអំពីលោហៈ នៅស្រុកសណ្តាន់ គោរពជូនលោកស្រីបណ្ឌិត រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស .២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយលោក ហ៊ុន សោភ័ណ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ មានខ្លឹមសារទាំងស្រុងថា «សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយស សូមគោរពជម្រាបជូនលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី មេត្តាជ្រាបថា ៖ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរ បានទទួលដំណឹងតាមរយៈទូរស័ព្ទ ពីលោក ទី ថាវី អភិបាលរង នៃគណៈអភិបាល ស្រុកសណ្តាន់ ស្តីពី “ករណីប្រជាពលរដ្ឋនៅស្រុកសណ្តាន់បានប្រទះឃើញព្រះប្រតិមា ចំនួន ៤ដុំ/អង្គ ។ បន្ទាប់ពីទទួលដំណឹងនេះ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីជំនាញរបស់មន្ទីរ ដឹកនាំដោយលោក ម៉ង់ វ៉ាលី អនុប្រធានមន្ទីរ សហការជាមួយការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងរដ្ឋបាលស្រុកសណ្តាន់ បានចុះពិនិត្យនិងទទួលយកវត្ថុសិល្បៈ (ប្រតិមា) ចំនួន ៤ដុំ/អង្គ ស្ថិតនៅរដ្ឋបាលស្រុកសណ្តាន់ ដែលជាលទ្ធផលមានដូចខាងក្រោម ៖

១. បរិបទទូទៅ

វត្ថុសិល្បៈចំនួន ៤ដុំ/អង្គនេះ រកឃើញនៅក្នុងដីចម្ការស្វាយចន្ទី របស់ឈ្មោះ ពន ប៉ែត (ភេទប្រុស) ស្ថិតនៅ ក្នុងតំបន់អូរអង្កាម ភូមិលែង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០ព្រឹក ក្នុងអំឡុងពេលទៅតែងមែកស្វាយចន្ទី ហើយវត្ថុដែលប្រទះឃើញនោះ គឺលេចចេញ ដោយសារការភ្ជួរដីចម្ការ ដោយប្រើប្រាស់ត្រាក់ទ័រ កាលពីប៉ុន្មានថ្ងៃ មុនការប្រទះឃើញ។ អ្នកប្រទះឃើញវត្ថុសិល្បៈ មានសមាជិក ចំនួន ៤នាក់ រួមមាន ៖

១. លោក វន ខា អាយុ ៣៤ឆ្នាំ រស់នៅភូមិលែង ឃុំទំរីង ស្រុកសណ្តាន់

២. លោក ជឹម ស៊ីន អាយុ ៣៧ឆ្នាំ រស់នៅភូមិលែង ឃុំទំរីង ស្រុកសណ្តាន់

៣. លោក ពូជ ចាន់ អាយុ ២២ឆ្នាំ រស់នៅភូមិលែង ឃុំទំរីង ស្រុកសណ្តាន់

៤. លោក នឿន ណែត អាយុ ២៤ឆ្នាំ រស់នៅភូមិលែង ឃុំទំរីង ស្រុកសណ្តាន់។

តាមការរៀបរាប់របស់បុគ្គលទាំង ៤រូប ខាងលើ ដំបូងឡើយ គេប្រទះឃើញត្រឹមតែព្រះសិរព្រះពុទ្ធ នៅក្នុងជម្រៅដីប្រមាណ ១០ស.ម. ប៉ុណ្ណោះ ទើបនាំឱ្យមានការសង្ស័យថា អាចមានទេវរូបផ្សេងទៀត នៅខាងក្នុងដី ហើយក៏បានយកកាំបិតផ្គាក់ ជីកម្តងបន្តិចៗ រហូតដល់បានឃើញព្រះប្រតិមា ពេញលក្ខណៈ សរុបចំនួន ៤អង្គ រួមជាមួយកងដៃឬជើង ចំនួន៣ ផងដែរ។ ក្នុងអំឡុងពេលជីក ម្នាក់ក្នុងចំណោមបុគ្គលខាងលើ បានថតជាវីដេអូ ជាច្រើនឃ្លីបផងដែរ។ ក្នុងចំណោមព្រះប្រតិមាចំនួន ៤អង្គនេះ មានប្រតិមា ចំនួន ១អង្គ ពុំមានព្រះសិរ នោះទេ ពោលគឺព្រះពោធិសត្វអវលោកេស្វរ (សង់ត្រាប់សិល្បៈចិន)។ រហូតដល់ម៉ោង ១២:០០ ថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែ ល វីដេអូដែលបុគ្គលខាងលើបានថតនោះ បានផ្សព្វផ្សាយ និងល្បីល្បាញពេញបណ្តាញសង្គម ព្រមទាំងដឹងឮដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។ ក្រោយពីបានទទួលដំណឹងនេះ លោក អ៊ឹម ផល្លា ជាប្រជាពលរដ្ឋរស់ នៅក្នុងភូមិជាមួយគ្នា និងធ្លាប់ជាអតីតអ្នកធ្វើការនៅដីចម្ការស្វាយចន្ទី របស់លោក ពត ប៉ែត ផងនោះ បានយកព្រះសិរ ១ អង្គ ទៅសាកល្បងផ្គុំគ្នាជាមួយព្រះប្រតិមាដែលបានបាត់បង់ព្រះសិរនោះ (ព្រះពោធិសត្វអវលោកេ ស្វរ) ហើយជាលទ្ធផលបានបង្ហាញថា ព្រះសិរនោះ គឺពិតជាត្រូវគ្នាជាមួយព្រះកាយទេវរូប ប្រាកដមែន។ លោក អ៊ឹម ផល្លា បានបញ្ជាក់ថា ព្រះសិរនេះ លោកបានរកឃើញ កាលពីឆ្នាំ២០២៣ ក្នុងដីចម្ការស្វាយចន្ទី នេះដែរ ប៉ុន្តែលោកបានយកទៅរក្សាទុកនៅក្នុងផ្ទះ ដោយមិនបានប្រាប់អ្នកភូមិ និងអាជ្ញាធរមូលដ្ឋាន ឱ្យបានដឹងនោះឡើយ។

សូមបញ្ជាក់ផងដែរថា ទីតាំងដែលបានរកឃើញព្រះប្រតិមា ទាំង ៤អង្គនេះ មិនមានស្លាកស្នាមសំណល់វប្បធម៌ ឬតឹកតាងណាមួយដែលអាចបញ្ជាក់បានថា ជាបុរាណដ្ឋាននោះឡើយ។ ក្រោយពីបានទទួលដំណឹងនៃការរកឃើញព្រះប្រតិមាទាំង ៤អង្គនេះ លោក ទី ថាវី អភិបាលរង នៃគណៈអភិបាលស្រុកសណ្តាន់ និងក្រុមការងារ បានចុះទៅពិនិត្យមើល និងទទួលយកព្រះប្រតិមាខាងលើ មករក្សាទុកជាបណ្តោះអាសន្ន នៅសាលាស្រុកសណ្តាន់ វេលាម៉ោង ៥:០០រសៀល ដើម្បីសុវត្ថិភាព និងរង់ចាំអ្នកជំនាញមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ចុះពិនិត្យ និងមានចំណាត់ការបន្ត។

២. សមាសភាពចូលរួម

ការចុះពិនិត្យនិងវាយតម្លៃវត្ថុសិល្បៈ រកឃើញថ្មី ចំនួន ៤អង្គនេះ មានសមាសភាពចូលរួម ដូចខាងក្រោម ៖

១. លោក ទី ថាវី អភិបាលរងនៃគណៈអភិបាលស្រុកសណ្តាន់

២. លោក ម៉ង់ វ៉ាលី អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត

៣. លោក អ៊ុន ចាន់បុល នាយករងរដ្ឋបាល នៃរដ្ឋបាលស្រុកសណ្តាន់

៤. លោក ផាច ប៉ុន នាយរងការិ.នប.ការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត

៥. លោក គុំ រតនៈពិសិដ្ឋ ប្រធានការិយាល័យបេតិកភណ្ឌ

៦. លោកស្រី ធន់ សុភ័ក្ត្រា ប្រធានការិយាល័យសារមន្ទីរ

៧. លោក ជា ធារិន អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសណ្តាន់

៨. លោក ឡាច សុខា ប្រធានការិយាល័យផែនការគាំទ្រឃុំ នៃរដ្ឋបាលស្រុកសណ្តាន់

៩. លោក លោកស្រី អនុប្រធានការិយាល័យបេតិកភណ្ឌ និងសារមន្ទីរ។

៣. លទ្ធផល

បន្ទាប់ពីបានពិនិត្យនិងវាយតម្លៃវត្ថុសិល្បៈ ទាំង ៤ដុំ/អង្គ គ្រប់ជ្រុងជ្រោយរួចមក លទ្ធផល មានដូចខាងក្រោម ៖

ក. វត្ថុសិល្បៈទី១

វត្ថុសិល្បៈ ដុំឬអង្គទី១ ជារូបតំណាងព្រះប្រតិមា “ព្រះពុទ្ធភូមិស្បស៌មុទ្រា” ឬហៅថា “ព្រះពុទ្ធផ្ចាញ់មារ” គឺជាវត្ថុសិល្បៈ ផលិតអំពីលោហៈ គង់នៅលើបល្ល័ង្កខ្ពស់ មានរាងជាទម្រង់ផ្កាឈូក ព្រះហស្តស្តាំ ផ្កាប់លើព្រះជានុ (ជង្គង់) ចង្អុលម្រាមចុះក្រោមទៅដី និងព្រះហស្តឆ្វេង  ដាក់ផ្កាប់នៅលើព្រះភ្នែន (ភ្លៅ)។

ភិនភាគ ៖ ព្រះប្រតិមានេះ ធ្វើអំពីលោហៈ មានកម្ពស់ ៤៥ស.ម., វិជ្ជមាត្រធំ ៣០ស.ម. និងវិជ្ជមាត្រតូច ៧ស.ម. ។ ទ្រង់មានព្រះភក្ត្រ (ទម្រង់មុខ) ជាលក្ខណៈមូលពងក្រពើ ព្រះឱស្ឋ (មាត់) ញញឹមបន្តិច និងមានព្រះនេត្រ (ភ្នែក) មើលចុះក្រោមបន្តិច ព្រះកេសា មានពកគូទខ្យងច្បាស់ៗ, ព្រះកាយមាំមួន ដោយមានទ្រូងរីកធំ និងគ្រងស្បង់ចីវរ មានលក្ខណៈបញ្ឆិតដោយមានជាយចីវរធ្លាក់ចុះមកលើស្មាខាងឆ្វេង។ តាមលក្ខណៈសិល្បៈជាទូទៅ របស់ព្រះប្រតិមានេះ គឺមានទម្រង់សិល្បៈ ដូចទៅនឹងសិល្បៈឡានណា (ស្រុកសៀម ប៉ែកខាងជើង) ចន្លោះស.វ.ទី១៤ ដល់១៨។

រង្វាយតម្លៃ ៖ ព្រះប្រតិមានេះ មានស្នាមប្រេះ នៅត្រង់ព្រះសូរង្ស (ក), ស្នាមពណ៌ខៀវនៅលើព្រះកាយ និងស្នាមពណ៌ក្រហម នៅលើព្រះហស្ត អាចជារូបមន្តគីមី ដែលគេលាបដើម្បីធ្វើឱ្យមើលទៅ “ចាស់” បូករួមផ្សំជាមួយស្នាមស្ចឹម និងទម្រង់មុខ នៅរឹង (ទឹកដៃមិនផ្ចិតផ្ចង់) យើងអាចសន្និដ្ឋានជាបឋមថា “រូបប្រតិមានេះ ជាវត្ថុសិល្បៈចម្លងថ្មី ដែលមានអាយុ កាលផលិត ប្រហែល ២០ទៅ៣០ឆ្នាំមុន សង់ត្រាប់តាមរចនាបទឡានណា នៃសិល្បៈសៀមភាគខាងជើង ហើយទីតាំងផលិត អាចនៅស្រុកខ្មែរ ឬស្រុកសៀម”។

ខ. វត្ថុសិល្បៈទី២

វត្ថុសិល្បៈ ដុំឬអង្គទី២ ជារូបតំណាង “ព្រះពោធិសត្វអវលោកេស្វរ” ឬហៅមួយបែបទៀតថា “ព្រះនាងគង់ស៊ីអ៊ីម” កំពុងអង្គុយទ្រង់ភ្នែន នៅលើបល្ល័ង្កផ្កាឈូក មានព្រះហស្តសរុបចំនួន១៨ (កាន់កេតនភណ្ឌផ្សេងៗ) ដែលគេស្គាល់ថា ជាព្រះពោធិសត្វ ដែលចុះមកជួយសង្គ្រោះសត្វលោក ដែលកំពុងរងទុក្ខ។

ភិនភាគ ៖ ព្រះប្រតិមានេះ ធ្វើអំពីលោហៈ មានកម្ពស់ ៤៥ស.ម., វិជ្ជមាត្រធំ ៤៣ស.ម. និងវិជ្ជមាត្រតូច ៤ស.ម. សង់ត្រាប់តាមសិល្បៈពុទ្ធសាសនាមហាយាន បែបចិន និងទីបេ រាជវង្សម៉េង ដល់រាជវង្សឈិង (ស.វ.ទី១៤ ដល់១៩)។

រង្វាយតម្លៃ ៖ ព្រះប្រតិមានេះ មានចុងព្រះហស្តបាក់បែកដោយចេតនា (ហាក់ដូចជាត្រូវគេកាត់ ឬវាយឱ្យបាក់ ដើម្បីបន្លំភ្នែក ឱ្យដូចបុរាណ) និងផ្ទៃលោហៈទាំងមូល ស្រោបដោយល្បាយដី ម្សៅពណ៌ និងទឹកថ្នាំគីមីពណ៌ប្រផេះ ឬពណ៌ខៀវក្រមៅ ដែលហាក់ដូចជាការបង្កើតច្រែះដីក្លែងក្លាយ ដើម្បីបិទបាំងសាច់លោហៈពិតនៅខាងក្នុង។ យើងសន្និដ្ឋានជាបឋមថា “រូបប្រតិមានេះ ជាវត្ថុសិល្បៈចម្លងថ្មី អាយុកាលផលិត ប្រហែល ២០ ទៅ៣០ឆ្នាំ មុន សង់ត្រាប់តាមរចនាបទសិល្បៈចិន ហើយអាចមានពុម្ភផលិតនៅស្រុកសៀម ឬនាំចូលពុម្ពមកផលិតនៅស្រុកខ្មែរ”។

គ. វត្ថុសិល្បៈទី៣

វត្ថុសិល្បៈ ដុំឬអង្គទី៣ ជារូបតំណាងព្រះប្រតិមា “ទេពស្រីអង្គុយបត់ជើង” ស្លៀកសំពត់វែង គ្រងមកុដរាងទាប ជារង្វង់ព័ទ្ធជុំវិញព្រះសិរ ដែលមានក្បាច់ផ្កាភ្ញី ឬក្បាច់ត្របកឈូកតម្រៀបគ្នា តាមលំនាំសិល្បៈខ្មែរ នាចុងសម័យអង្គរ (រវាងស.វ ទី១១ ដល់១៣)។ កាយវិការអង្គុយ មានទម្រង់ជាឥរិយាបទរបស់តួអង្គទេពអប្សរណាមួយ នៅស្ថានសួគ៌។

ភិនភាគ ៖ ព្រះប្រតិមានេះ ធ្វើអំពីលោហៈ មានកម្ពស់ ៤១ស.ម., វិជ្ជមាត្រធំ ២៧ស.ម. និងវិជ្ជមាត្រតូច ៤ ស.ម.។ ប្រតិមានេះ រកឃើញដោយមានភ្ជាប់ជាមួយនូវកងដៃ ឬកងជើងចំនួន៣ រួមមាន ៖ (១). កងទី១ មានវិជ្ជមាត្រធំ ៧,៥ស.ម., វិជ្ជមាត្រតូច ៥,៥ស.ម. (២). កងទី២ មានវិជ្ជមាត្រធំ ៧,៨ស.ម., វិជ្ជមាត្រតូច ៥,៨ស.ម. (៣). កងទី៣ មានវិជ្ជមាត្រធំ ៧,៨ស.ម., វិជ្ជមាត្រតូច ៥,៥ស.ម.។

រង្វាយតម្លៃ ៖ ព្រះប្រតិមានេះ មានកម្រិតថ្វីដៃនៅមានលក្ខណៈរឹងនៅឡើយ ពោលគឺព្រះនេត្របើកធំ ខុសពីទំហំសមាមាត្របុរាណ បបូរមាត់ ធ្វើឡើងមិនសូវមានភាពទន់ភ្លន់ បូករួមជាមួយសាច់លោហៈ មានស្នាមពណ៌ស និងស្នាមមាសក្រមៅ ដែលរេចរឹលនៅលើស្បែក ដែលជាបច្ចេកទេសធ្វើឱ្យចាស់ ដោយការលាបពណ៌ ឬទឹកថ្នាំគីមី ពីខាងក្រៅ ដើម្បីឱ្យមើល ទៅហាក់ដូចជាវត្ថុដែលទើបតែគាស់ចេញ ឬជារបស់បុរាណដែលខូចខា ត។ យើងសន្និដ្ឋានជាបឋមថា “រូបប្រតិមានេះ ជាវត្ថុសិល្បៈចម្លងថ្មី អាយុកាលផលិតប្រហែល ២០ ទៅ៣០ ឆ្នាំមុន សង់ត្រាប់តាមរចនាបទសិល្បៈខ្មែរ នាចុងសម័យអង្គរ ហើយអាចមានពុម្ពផលិតនៅស្រុកខ្មែរ ឬស្រុកសៀម ប៉ែកឦសាន”។

ឃ. វត្ថុសិល្បៈទី៤

វត្ថុសិល្បៈ ដុំឬអង្គទី៤ ជាព្រះប្រតិមា “គុហ្យសមាជ” កំពុងអង្គុយទ្រង់ភ្នែន នៅលើបល្ល័ង្ក ដោយមានព្រះភក្ត្រ៣, ព្រះហស្ត៦ ដែលក្នុងនោះ ព្រះហស្តខាងក្រោមទាំងពីរ កាន់យណ្ត (កណ្ដឹង) និងកាន់វជ្រ (គ្រាប់រន្ទះ) រីឯព្រះខាងឆ្វេងលើបង្អស់ កាន់ផ្កាឈូក, ព្រះហស្តឆ្វេងកណ្តាល កាន់ត្បូង, ព្រះហស្តស្តាំខាងលើបង្អស់ កាន់កងចក្រ (កង់ធម៌) និងព្រះហស្តស្តាំកណ្តាល កាន់អាវុធវែង (ដាវឬដំបង)។ ព្រះ “គុហ្យសមាជ” គឺជាព្រះពុទ្ធបរមគ្រូ ដ៏សំខាន់បំផុតមួយនៅក្នុងព្រះពុទ្ធសាសនា និកាយមហាយាន ឬវជ្រយាន បែបតន្ត្រី ជាពិសេស គឺច្រើនឃើញនៅក្នុងព្រះពុទ្ធសាសនាទីបេ។ ព្រះអង្គ មិនមែនជាមនុស្សសាមញ្ញ ដែលបានត្រាស់ដឹងនោះទេ តែទ្រង់គឺជា “យិទម” (ព្រះដែលគេយកធ្វើជាទីរំឭកក្នុងការតាំងសមាធិ) ដែលតំណាងឱ្យតួអង្គនៃបញ្ញា និងករុ ណាធម៌ និងជាអ្នកផ្លាស់ប្តូរថាមពល (បំប្លែងមោហៈ និងរោគៈ ទៅជាបញ្ញាស្មារតីដ៏បរិសុទ្ធ)។

ភិនភាគ ៖ ព្រះប្រតិមានេះ ធ្វើអំពីលោហៈ មានកម្ពស់ ៤៨ស.ម., វិជ្ជមាត្រធំ ៣២ស.ម. និងវិជ្ជមាត្រតូច ៧ស.ម.។ ប្រតិមានេះ មានទម្រង់ជាទូទៅ ដូចទៅនឹងសិល្បៈខ្មែរ នាចុងសម័យអង្គរ ជាពិសេស ចាប់ពីរចនាបទបាពួន ដល់រចនាបថបាយ័ន។

រង្វាយតម្លៃ ៖ កន្លងមក គេមិនដែលប្រទះឃើញ “ព្រះគុហ្យសមាជ” ក្នុងទម្រង់ជាប្រតិមាទោល ធ្វើអំពីថ្ម ឬ លោហៈនោះឡើយ ពោលគឺធ្លាប់តែឃើញជាចម្លាក់នៅតាមផ្តែរ ឬជញ្ជាំងប្រាសាទ ជាដើម ឧទាហរណ៍ ប្រា សាទត្រពាំងសង្កែ ស្ថិតនៅតំបន់ភ្នំគូលែន ជាដើម។ ប្រតិមានេះ មានស្នាមប្រេះ នៅត្រង់ក ហាក់ដូចជាធ្វើឡើងដោយចេតនា ច្រើនជាងបាក់បែក តាមធម្មជាតិ និងមានស្នាមច្រែះពណ៌បៃតង ជាច្រើនកន្លែង ដែលហាក់ដូច ជាការលាបទឹកថ្នាំគីមី ឬចាក់អាស៊ីដលើលោហៈធាតុថ្មី។ បូករួមទាំងព្រះប្រតិមានេះ រកឃើញនៅក្នុងបណ្ដុំនៃប្រតិមាទាំងបី ខាងលើផងនោះ យើងសន្និដ្ឋានជាបឋមថា “រូបប្រតិមានេះ ជាវត្ថុសិល្បៈចម្លងថ្មី អាយុកាល ផលិតប្រហែល ២០ ទៅ៣០ឆ្នាំមុន សង់ត្រាប់តាមរចនាបទសិល្បៈខ្មែរ នាចុង សម័យអង្គរ រចនាបទបាពួន រហូតដល់បាយ័ន ហើយអាចមានពុម្ពផលិតនៅស្រុកខ្មែរ ឬស្រុកសៀម ប៉ែកឦសាន”។

៤. សេចក្តីសន្និដ្ឋាន និងរង្វាយតម្លៃសរុប

ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចមក បើទោះបីជាការសន្និដ្ឋាននិងរង្វាយតម្លៃបឋមថា វត្ថុសិល្បៈទាំងនេះ ទំនងជាវត្ថុចម្លងថ្មី ក្នុងទម្រង់ត្រាប់តាមសិល្បៈបុរាណ ក៏ដោយក្តី មន្ត្រីជំនាញរបស់មន្ទីរ បានដឹកជញ្ជូនយកវត្ថុសិល្បៈ ទាំង ៤ដុំ/អង្គ ខាងលើ មករក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំ ក្នុងគោលបំណងសិក្សាស្រាវជ្រាវបន្ថែមទៀត នៅពេលក្រោយ។

ស្របពេល ជាមួយគ្នានេះ ខ្ញុំបាទសូមគោរពជូនជម្រាបបន្ថែមផងដែរថា នៅតំបន់ដែលរកឃើញវត្ថុសិល្បៈ ខាងលើនេះ កាលពីខែមករា ឆ្នាំ២០១៦ ធ្លាប់មានករណីបុគ្គលទុច្ចរិត យកវត្ថុសិល្បៈចម្លងថ្មី ចំនួន ៧អង្គ (ធ្វើអំពីលោហៈ) ដើរប្រកាសប្រាប់អ្នកស្រុកថា ជាវត្ថុបុរាណ ក្នុងចេតនាស្វែងរកអតិថិជនទិញ ហើយធ្លាប់បានមន្ត្រីសមត្ថកិច្ច ចាប់ខ្លួន បញ្ជូនទៅកាន់តុលាការ និងចាត់ការតាមផ្លូវច្បាប់ ម្តងរួចមកហើយ។ ម៉្លោះហើយ ករណីប្រទះឃើញវត្ថុសិល្បៈ ទាំង៤ដុំ/អង្គ ខាងលើនេះ យើងអាចសន្និដ្ឋានថា វត្ថុសិល្បៈទាំងនេះ ប្រហែលត្រូវបានបុគ្គលណាម្នាក់ យកមកកប់ទុក ក្នុងគោលបំណងណាមួយ នៅរវាង ១ឬ២ទសវត្សរ៍មុន (ប្រហែល ១០ ទៅ២០ឆ្នាំមុន)។

អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មេត្តាជ្រាបជារបាយការណ៍ ដោយសេចក្ដីអនុគ្រោះ។

សូមគោរពជូនភ្ជាប់មកជាមួយនូវ ៖ រូបថត ចំនួន ៤ទំព័រ»។

សូមលោកជំទាវរដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ»៕ ខៀវទុំ

RELATED ARTICLES