ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា មួយរយៈចុងក្រោយនេះ ខណៈដែលភាគីកម្ពុជា តែងបានដកស្រង់នូវសំណេរមួយចំនួនរបស់បញ្ញវន្ត អ្នកជំនាញវិភាគនយោបាយថៃ លើករណីទំនាស់កម្ពុជា-ថៃ យកមកបកស្រាយ និងផ្សព្វផ្សាយនោះ សម្រាប់ខាងបញ្ញវន្តកម្ពុជា ដែលជាប្រទេសរងគ្រោះ ហាក់ដូចជាបន្តស្ងាត់ស្ងៀម ស្ងាត់សំឡេង ដែលចំណុចនេះ ក្រៅពីកត់សម្គាល់ឃើញ អ្នកវិភាគក៏លើកទឹកចិត្តបញ្ញវន្តកម្ពុជា គួរតែបញ្ចេញសំ ឡេងឲ្យបានច្រើន ប្រសើរជាងនៅស្ងាត់ស្ងៀម ជុំវិញរឿងថៃ បង្កទំនាស់ព្រំដែន និងឈ្លានពានកម្ពុជា នេះ ។

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាសង្គមដើម្បីអភិវឌ្ឍន៍ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ថា “មួយអាទិត្យ កន្លងទៅ យើងឃើញភាគីកម្ពុជា តែងបានដកស្រង់នូវសំណេរមួយចំនួន របស់អ្នកជំនាញវិភាគនយោបាយថៃ និងអាស៊ាន លើករ ណីទំនាស់កម្ពុជា-ថៃ លើកយកមកបកស្រាយ និងចាក់ផ្សាយ តែអ្វីដែលគួរឲ្យកត់សម្គាល់ យើងហាក់ដូចខ្វះសំឡេងពីខាងបញ្ញវន្តកម្ពុជា ដែលជាប្រទេសរងគ្រោះ ដែលហាក់ដូចជាបន្តនូវភាពស្ងាត់ស្ងៀម ដូចប្រក្រតី ។ តើយើងខ្វះធនធានមនុស្ស? ឬមានតែមនុស្ស មិនហ៊ាននិយាយ? ឬយើងមានតែអ្នកចេះតែខឹង ចេះជេរ តែខ្វះអ្នកជួយគិត?“ ។
ជុំវិញការលើកឡើងរបស់លោកបណ្ឌិត មាស នី ដូចខាងលើនេះ អ្នកជំនាញ នៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលស្គាល់ថា បញ្ញវន្តកម្ពុជា មានចំនួនតិចជាងបញ្ញវន្តថៃ ដែលជាប្រទេសធំជាងកម្ពុជា ទាំងទំហំផ្ទៃដី និងចំនួនប្រជាជន ។ យ៉ាងណា អ្នកជំនាញ លើកទឹកចិត្តបញ្ញវន្តកម្ពុជា និយាយ វិភាគឲ្យបានច្រើន តែជាការនិយាយបែបផ្ដល់ធាតុចូលដល់រដ្ឋាភិបាល កុំនិយាយជេរប្រទេច មួលបង្កាច់ ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ថា “ហេតុអ្វីស្រុកគេ ត្រូវការបញ្ញវន្តច្រើន ? ឆ្លើយនឹងសំណួរនេះ ខ្ញុំតែងទាញឧទាហរណ៍បញ្ជាក់ងាយយល់ ពីការដឹកនាំរបស់ប៉ុល ពត ដែលបានសម្លាប់អ្នកចេះដឹង និងបញ្ញវន្ត ចោលអស់ ។ ប៉ុល ពត ខ្លាំងខាងគ្រប់គ្រង/ដឹកនាំមនុស្សទន់ខ្សោយ ជាលទ្ធផលចុងក្រោយ ជាតិស្ទើរសូន្យ។ ការគ្រប់គ្រងបញ្ញវន្ត ពិបាក ប៉ុន្តែលទ្ធផលត្រចះត្រចង់សម្រាប់ជាតិ…។ ខ្ញុំ យង់ ពៅ តែងនិយាយប្រាប់សិស្សគណថា «យើងត្រូវខ្លាំង គ្រប់គ្រង/ដឹកនាំអ្នកខ្លាំង ទើបជាតិខ្លាំងពិតប្រាកដ» ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ថា អំណឹះតទៅ យើងគួរតែបើកលំហឲ្យបញ្ញវន្ត ឲ្យកាន់តែច្រើន ចូលរួមនៅក្នុងការងារសង្គម នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាគរុសភាផ្សេងទៀត ប៉ុន្តែបញ្ញវន្ត ត្រូវបកស្រាយមានអំណះអំណាងច្បាស់លាស់ ផ្អែកលើកត្តាសត្យានុម័ត កុំបកស្រាយតាមអារម្មណ៍ តាមទំនោរសង្គម តាមអារ ម្មណ៍អ្នកនយោបាយ និងនិន្នាការនយោបាយ ។
លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា “បាទ! ទី១ ដូចដែលខ្ញុំបានលើកឡើងនៅក្នុងសំណេរទំព័រហ្វេសប៊ុក របស់ខ្ញុំ គឺប្រទេសថៃ មានបញ្ញវន្តច្រើន កត់សម្គាល់ថា ប្រទេសថៃ មានបញ្ញវន្តច្រើន ចម្រុះគ្រប់ជំនាញទាំងអស់ ទាំងច្បាប់ ទាំងនយោបាយ ទាំងសេដ្ឋកិច្ច ទាំងសង្គម ទាំងពាណិជ្ជកម្ម ពោលគឺមានបញ្ញវន្តច្រើន អាហ្នឹងយើងកត់សម្គាល់ទី១ ។ កត់សម្គាល់ទី២ ទម្លាប់បញ្ញវន្តថៃ តែងតែចេញមកបកស្រាយរឿងប្រ ទេសជាតិរបស់គេ សង្គមរបស់គេ ។ កត់សម្គាល់ទី៣ បញ្ញវន្តថៃ បកស្រាយចម្រុះ មិនប្រកាន់និន្នាការនយោ បាយទេ ហើយសារព័ត៌មានគេ ក៏ផ្សាយចម្រុះដែរ ទោះជាការបកស្រាយនោះ មិនស្របនឹងទស្សនៈនយោបាយរបស់រដ្ឋាភិបាល ក៏គេបកស្រាយដែរ បង្ហាញពីភាពរស់រវើកនៃបញ្ញវន្តសង្គមថៃហ្នឹង ។ អានេះយើងមើលឃើញអ៊ីចឹង ។ រីឯបញ្ញវន្តនៅក្នុងសង្គមកម្ពុជាយើង ដោយសារតែផ្នត់គំនិតនយោបាយ ទស្សនៈសង្គមនយោបាយ និងឥរិយាបថក្នុងសង្គម ក៏ដូចជាបុគ្គលផង បញ្ញវន្តយើង ទី១ មានចំនួនមិនច្រើនដូចថៃ ទេ ទី២ មិនមានទម្លាប់បកស្រាយ មានតែអ្នកមួយចំនួន ។ អ៊ីចឹងទៅ ទាំងទម្លាប់ ទាំងឥរិយាបថសង្គម ទាំងការភ័យខ្លាចផ្សេងៗទៅលើបញ្ហាផ្ទាល់ខ្លួន ក៏មិនសូវមានបញ្ញវន្តបកស្រាយនៅក្នុងជំហរនៃប្រទេសជាតិទេ ។ ខ្ញុំគិតថា អំណឹះតទៅ យើងគួរតែបើកលំហឲ្យបញ្ញវន្ត ឲ្យកាន់តែច្រើន ចូលរួមនៅក្នុងការងារសង្គម នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាគរុសភាផ្សេងទៀត ចូលរួមជាមួយសង្គមរបស់យើង ។ កាលណាបញ្ញវន្ត បកស្រាយ គឺមានអំណះអំ ណាងច្បាស់លាស់ តាមបែបគរុសភា ដែលហៅតាមភាសាបារាំងថា Academic ហើយក្នុងនាមផ្អែកទៅលើកត្តាសត្យានុម័តនៃច្បាប់សង្គម អីជាដើម ។ រីឯការបកស្រាយដែលតាមរយៈអ្នករកស៊ី តាមរយៈ MMO តាមរយៈអ្នកដែលមិនសូវបានរៀនសូត្រចេះដឹង អាហ្នឹងគាត់បកស្រាយតាមអារម្មណ៍ តាមទំនោរសង្គម តាមអារម្មណ៍អ្នកនយោបាយ ដោយមិនផ្អែកលើកត្តាសត្យានុម័តនៃច្បាប់ និងប្រជាសាស្រ្តនោះទេ“ ។
ជាមួយគ្នានោះដែរ លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ថា បញ្ញវន្តក្នុងស្រុក ក្រៅស្រុក គួរចេញមកធ្វើការវិភាគ ឲ្យបានសកម្ម ដូចបញ្ញវន្តថៃ ដែលមានមតិស្រប មតិផ្ទុយនឹងរដ្ឋាភិបាល និងការលើកជម្រើសដល់រដ្ឋាភិបាល ។ ប៉ុន្តែកុំវិភាគបែបជេរប្រទេចគ្នា ហើយបើយល់ថា មានរឿងអីដែលវាសំខាន់ចាំបាច់ខ្លាំង អាចសរសេរលិខិតទៅប្រមុខរាជរដ្ឋាភិបាល ទៅប្រមុខរដ្ឋ ទៅអាជ្ញាធរសំខាន់ៗ ដើម្បីផ្ដល់គំនិត ធាតុចូល បើសិនជាល្អ រដ្ឋាភិបាល នឹងទទួលយក ។
លោកបណ្ឌិត ឈត ប៊ុនថង បានមានប្រសាសន៍ថា “បាទ! យើងពិនិត្យឃើញជារួមថា នៅប្រទេសថៃ ហ្នឹង ទី១ គឺប្រជាជនគេច្រើន ប្រព័ន្ធផ្សព្វផ្សាយគេក៏ច្រើន អ៊ីចឹងមានបញ្ញវន្ត មានអីនៅក្នុងហ្នឹងក៏ច្រើន ដែលគេឈឺឆ្អាលរឿងទំនាស់ព្រំដែនកម្ពុជា-ថៃ ហើយគេលើកជជែកវែកញែកយ៉ាងទូលំទូលាយ ហើយករណីខ្លះទៀត យើងឃើញថា មានអ្នកស្របជាមួយនឹងរដ្ឋាភិបាលថៃ ហើយមានអ្នកជំទាស់ជាមួយរដ្ឋាភិបាលថៃ ហើយមានអ្នកដែលអាចនិយាយបានថា គេមិនស្របឬជំទាស់ទេ ប៉ុន្តែគេលើកថា ប្រសិនជារដ្ឋាភិបាលថៃ ជ្រើសរើសយកជម្រើសទី១ ទី២ ទី៣ អ៊ីចឹងទៅ វាមានបញ្ហាអី? វិជ្ជមាន អវិជ្ជមាន? អានេះជាគំរូមួយ ដែលយើងគួរឲ្យចាប់ អារម្មណ៍ គួរឲ្យតាមដានដែរ គេហ៊ានលើកយកហេតុ យកផលមក យកចំណុចខ្លាំង ចំណុចខ្សោយ នៃយន្តការ ឬក៏ជាជម្រើសដែលរាជរដ្ឋាភិបាលថៃ រើសយកមកប្រើប្រាស់ ថាវាល្អ មិនល្អ ដើម្បីឲ្យរដ្ឋាភិបាលហ្នឹង ពិនិត្យពិចារណា ហើយត្រូវដោះដូរ ផ្លាស់ប្ដូរឥរិយាបថ ពាក្យសម្ដី ឬក៏គោលជំហរយ៉ាងម៉េច នៅក្នុងគោលនយោបាយរបស់ប្រទេសថៃ ។ អានេះយើងឃើញនៅក្នុងប្រទេសថៃ ហ្នឹងមានការលើកឡើងច្រើន ហើយយើងដឹងថា យើងទទួលស្គាល់ថា ថៃ ជាប្រទេសដែលធំជាងយើង ទាំងទឹកដី ទាំងចំនួនប្រជាជនសរុប ហើយទាំងអ្នកចេះ ដឹង ទាំងយោធា សេដ្ឋកិច្ច ច្រើនជាងប្រទេសយើង ហើយប្រជាពលរដ្ឋគេ ក៏សកម្មគួរសម នៅក្នុងការវិភាគ តាមដាន និយាយរឿងប្រទេសជាតិ រឿងសង្គម ផ្ទៃក្នុងរបស់គេ ក៏ដូចជាទំនាក់ទំនងជាមួយប្រទេសជិតខាងដែរ ។ អានេះយើងឃើញច្រើន រហូតដល់មានគំនិតថា ដែលខាងកម្ពុជា យើងចាប់អារម្មណ៍ថា ការលើកហ្នឹង វាជាគំនិតដែលល្អ ដែលនាំឲ្យដំណោះស្រាយកម្ពុជា ថៃហ្នឹង វាអាចមានភាពល្អប្រសើរអី មានការលើកយកមកផ្សាយបន្ត ផុសបន្ត ក៏មានដែរ ដែលយើងឃើញអ៊ីចឹង ។ ដោយឡែក នៅកម្ពុជា យើងឃើញមានអ្នកលេងបណ្ដាញសង្គមផ្ទាល់ខ្លួនហ្នឹង ក៏មាននិយាយដែរ ប៉ុន្តែនិយាយជាមនោសញ្ចេតនា និយាយជាទស្សនៈ ជាការយល់ឃើញតូចៗ មិនសូវមានការនិយាយបែបវិភាគលម្អិតជំនាញអីច្រើនទេ ហើយវាគ្មិនមួយចំនួន យើងឃើញបាននិយាយហ្នឹង គឺគាត់និយាយដោយសារមានសារព័ត៌មាន និងអន្តរជាតិសម្ភាសន៍គាត់ទៅ ក៏គាត់និយាយទៅ តែក៏ជាឆាណែលផ្ទាល់ខ្លួន អាខោនផ្ទាល់ខ្លួន ឬក៏អត្ថបទផ្ទាល់ខ្លួនហ្នឹង យើងឃើញមានតិច ដោយសារប្រជាជនយើងវាតិចផង ហើយការនិយាយរបស់យើងក៏តិចដែរ គឺការនិយាយមានហេតុមានផល មានមូលដ្ឋាន មានជំនាញអីច្បាស់លាស់ ការងារជាឯកជនហ្នឹង គឺយើងឃើញមានតិច មានតែអ្នកដែលគេដកស្រង់សម្ដី ក៏គេមកសុំសម្ភាស ឬសុំយោបល់អីតាមបែបវិភាគ” ។
លោកបណ្ឌិត ឈត ប៊ុនថង បានមានប្រសាសន៍បន្តថា “ខ្ញុំគិតថា កម្ពុជាយើង បញ្ញវន្តនៅក្នុងប្រទេសយើង ឬបញ្ញវន្តនៅក្រៅប្រទេស គួរតែនិយាយឲ្យបានច្រើន មានហេតុ មានផល មានមូលដ្ឋាន ចៀសវាងប្រើពាក្យជេរប្រទេចខ្មែរគ្នាឯង ប៉ុន្តែយើងអាចលើកហេតុ លើកផល ជាមូលដ្ឋាន ឲ្យជាជម្រើស អាចវិភាគថា បើយើងជ្រើសរើសជម្រើសទី១ ទី២ យ៉ាងម៉េច ប៉ុន្តែកុំព្យាយាមនិយាយអត់ហេតុផល និយាយគ្រាន់តែមួលបង្កាច់ ចោទប្រកាន់ ជេរប្រទេចគ្នា ឲ្យនិយាយមានហេតុមានផល មានមូលដ្ឋានទៅ ខ្ញុំជឿថា រដ្ឋាភិបាល ក៏ស្ដាប់ដែរ ហើយបើមានជម្រើសណាមួយទៀត ឧទាហរណ៍ថា ជាជម្រើសមួយ អាចថាផ្ទុយឬក៏ខុសពីរដ្ឋាភិបាល ហើយចង់និយាយជាសាធារណៈ យើងពិបាកនិយាយ ក្រែងលោថា មានជម្រើសល្អ មានមូលដ្ឋានល្អ មានរបកគំហើញមក យើងនិយាយជាសាធារណៈទៅ អាចថាប្រទេសដែលគូទំនាស់របស់យើង គេអាចនឹងយកទៅប្រើហ្នឹង គេចំណេញខាងគេ ។ អ៊ីចឹងអាចសរសេរជាលិខិត ហើយយើងរកសេណារីយ៉ូ យើងរកទំនាក់ទំនង ហើយបញ្ជូនលិខិតទាំងអស់ហ្នឹង មកអាជ្ញាធរ មករដ្ឋាភិបាល ថាឥឡូវរឿងព្រំដែនគោក ធ្វើយ៉ាងម៉េច? រឿងព្រំដែនទឹក ធ្វើយ៉ាងម៉េច? រឿងនេះ ធ្វើយ៉ាងម៉េច? រឿងនោះ ធ្វើយ៉ាងម៉េច? ខ្ញុំជឿថា រដ្ឋាភិបាល លោកទទួលយកនូវមតិយោបល់អីផ្សេងៗ ប៉ុន្តែបើសិនជាយើងចេញមកជេរ បរិហារកេរ្តិ៍ហ្នឹង ធម្មតាអ្នកដឹកនាំ ទី១ នៅក្នុងកិច្ចសន្យាសង្គមហ្នឹង លោកមានសិទ្ធិ មានអំណាចដែរ ។ ទី២ មានបទពិសោធន៍ មានវ័យចាស់ហ្នឹង បើសិនជាយើងប្រមាថអីអ៊ីចឹង ខុសនឹងច្បាប់ ខុសនឹងសីលធម៌ទៅ ហើយជួនកាលអារម្មណ៍ផ្ទាល់ខ្លួនហ្នឹង អាចថា ទប់មិនបាន ក៏ឆេវឆាវ ក៏អាចនឹងមានន័យថា ឆ្លើយតបមកវិញទាំងទ្រគោះបោះបោក ។ អ៊ីចឹងហើយ ជាយោបល់ខ្ញុំ ថាឲ្យបញ្ញវន្តក្នុងស្រុក ក្រៅស្រុក យើងចេញមកធ្វើការវិភាគ ប៉ុន្តែយើងកុំជេរប្រទេចគ្នា យើងថាជាការជេរប្រទេចបែបស្ថាបនា ហើយបើយល់ថា មានរឿងអីដែលវាសំខាន់ចាំបាច់ខ្លាំង អាចសរសេរលិខិត ទៅប្រមុខរាជរដ្ឋាភិបាល ទៅប្រមុខរដ្ឋ ទៅអាជ្ញាធរសំខាន់ៗហ្នឹង យើងអាចសរសេរទៅគាត់ផ្ទាល់ ដើម្បីផ្ដល់គំនិតធាតុចូល បើសិនជាល្អ នឹងទទួលយក ខ្ញុំគិតថាជារឿងល្អ“ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិភាគ និងអ្នកជំនាញ នៃរាជបណ្ឌិត្យសភាកម្ពុជា ខាងលើនេះ បានធ្វើឡើង ស្របពេលដែលមជ្ឈដ្ឋានតាមដានសង្គមនិងនយោបាយនៅកម្ពុជា ព្រមទាំងព្រឹត្តិការណ៍អន្តរជាតិ បានធ្វើការកត់សម្គាល់ថា ភាពស្ងៀមស្ងាត់របស់បញ្ញវន្ត និងអ្នកវិភាគខ្មែរ ជុំវិញបញ្ហាទំនាស់កម្ពុជា-ថៃ ជារឿយៗ ត្រូវបានលើកឡើងដោយសារការព្រួយបារម្ភលើសុវត្ថិភាពផ្ទាល់ខ្លួន ការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញ មតិ និងការភ័យខ្លាចចំពោះការចោទប្រកាន់ពីបទល្មើសផ្សេងៗ ក្រោមប្រព័ន្ធច្បាប់បច្ចុប្បន្ន ។ ទោះជាយ៉ាងណា មជ្ឈដ្ឋានតាមដានថា សំឡេងរបស់បញ្ញវន្ត និងអ្នកសង្កេតការណ៍នយោបាយមួយចំនួន ក៏ត្រូវបានគេមើល ឃើញថា តែងតែមានការប្រុងប្រយ័ត្នខ្ពស់ ឬមានការបែងចែកជាក្រុម ដោយសារកត្តាផ្សេងៗ ដូចជា ៖
-ការព្រួយបារម្ភច្បាប់និងសុវត្ថិភាព ៖ បញ្ញវន្ត និងអ្នកវិភាគឯករាជ្យមួយចំនួន ប្រឈមនឹងហានិភ័យផ្លូវច្បាប់ នៅពេលដែលពួកគេធ្វើការវិភាគ ឬរិះគន់លើចំណុចខ្វះខាតរបស់រាជរដ្ឋាភិបាលទាក់ទងនឹងយុទ្ធសាស្ត្រការពារបូរណភាពទឹកដី ។
-ទស្សនៈចម្រុះលើការដោះស្រាយ ៖ អ្នកវិភាគខ្លះ លើកឡើងថា បញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាបញ្ហាស្មុគស្មាញ និងទាមទារឱ្យមានការចរចាការទូតរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ឬតាមរយៈយន្តការតុលាការអន្តរជាតិ។
-សកម្មភាពតវ៉ានៃសង្គមស៊ីវិល ៖ ជាក់ស្តែង កន្លងមកធ្លាប់មានក្រុមបញ្ញវន្ត និងសង្គមស៊ីវិល (ដូចជាក្រុមបញ្ញវន្តជាង ១២០នាក់) បានរួមគ្នាធ្វើការអំពាវនាវ និងស្នើឱ្យភាគីទាំងពីរ (កម្ពុជា-ថៃ) ដោះស្រាយវិបត្តិដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ជាការសន្និដ្ឋាន មជ្ឈដ្ឋានតាមដាន មើលឃើញថា ទាក់ទងនឹងស្ថានការណ៍ទំនាស់កម្ពុជា-ថៃ ដែលបានអូសបន្លាយកន្លងមក ជាពិសេសការប៉ះទង្គិចគ្នាដោយអាវុធនៅតាមបណ្តោយព្រំដែន ដូចជានៅតំបន់មុំបី ជាដើម ប្រទេសទាំងពីរ បានព្យាយាមរក្សាការចរចា និងដោះស្រាយទំនាស់។ ទំនាស់ទាំងនេះ មិនត្រឹមតែប៉ះពាល់ដល់សន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យមានការផ្លាស់ប្តូរទំហំពាណិជ្ជកម្ម និងសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនផងដែរ ៕ កុលបុត្រ