ភ្នំពេញ ៖ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ តាមរយៈមេធាវីការពារក្ដី បានដាក់បណ្ដឹងសាទុក ទៅនឹងសាលដីកា របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលបានតម្កល់សាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល លើកលែងតែចំណុចទី២ នៃសាលក្រមនេះដែលផ្តន្ទាទោសបន្ថែម ដោយដកហូតជាស្ថាពរនូវសិទ្ធិធ្វើសកម្មភាពនយោបាយ តាមមាត្រា ៤៩៨ នៃក្រមព្រហ្មទណ្ឌ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។

ពាក្យបណ្ដឹងសាទុក្ខ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយលោកជូង ជូងី មេធាវីការពារក្ដីលោក រ៉ុង ឈុន មានខ្លឹមសារថា “ខ្ញុំបាទ មេធាវី ជូង ជូងី អត្តលេខ៣០០ ជាសមាជិកគណៈមេធាវី នៃព្រះរាជា ណាចក្រកម្ពុជា ប្រចាំការិយាល័យច្បាប់សីលា ជាមេធាវីការពារសិទ្ធិលោក រ៉ុង ឈុន ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ១១២៧ ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ របស់សាលាឧទ្ធរណ៍ភ្នំពេញ។
សូមគោរពជូន ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
កម្មវត្ថុ ៖ ប្តឹងសាទុក្ខ នឹងសាលដីកាលេខ ៦០៥ ក្រvII”អ.ធ” ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។
យោង ៖ លិខិតប្រគល់សិទ្ធិប្តឹងសាទុក្ខ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ របស់លោក រ៉ុង ឈុន
អាស្រ័យហេតុនេះ សូមឯកឧត្តមប្រធាន ទទួលយកនូវពាក្យបណ្ដឹងសាទុក្ខ របស់ខ្ញុំបាទ តាមកម្មវត្ថុនៃពាក្យបណ្តឹង ដោយសេចក្ដីអនុគ្រោះ។
សូមឯកឧត្តម ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ ពីខ្ញុំបាទ“ ។
ទាក់ទងនឹងការដាក់បណ្ដឹងសាទុក្ខ ប្រឆាំងសាលដីកាសាលាឧទ្ធរណ៍ភ្នំពេញ ខាងលើនេះ តុលាការកំពូល ក៏បានចេញលិខិតជូនឲ្យដាក់សារណាការពារ ចុះថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយប្រាប់មកលោក រ៉ុង ឈុន ជាអ្នកប្តឹងសាទុក្ខ ឱ្យដាក់សារណាជូនមកប្រធានសភាព្រហ្មទណ្ឌ/សភាពេញអង្គ តុលាការកំពូល ដោយរៀបរាប់អំពីមូលហេតុនិងមធ្យោបាយខាងផ្លូវច្បាប់ ដែលខ្លួនប្តឹងសាទុក្ខ ពីសាលដីកាព្រហ្មទណ្ឌ លេខ ៦០៥ក្រ “អ.ធ” ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ សភាស៊ើបសួរ/សភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ ក្នុងរយៈពេល ២០ថ្ងៃ ជាកំណត់ គិតចាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹងនេះតទៅ តាមមាត្រា ៤២៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
បន្ថែលើខ្លឹមសារបណ្ដឹងរបស់មេធាវី ក៏ដូចជាការឆ្លើយតបនឹងលិខិតជូនដំណឹងឲ្យដាក់សារណា របស់តុលា កំពូល ដូចខាងលើនេះ លោក រ៉ុង ឈុន បានបញ្ជាក់ប្រាប់ “នគរធំ” នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ថា ចំពោះបណ្ដឹងសាទុក្ខ មេធាវីរបស់លោក បានដាក់រួចរាល់ហើយ ដែលក្នុងនោះ គោលបំណងសំខាន់នៃការទាមទារ គឺសុំឲ្យតុលាការកំពូល ពិនិត្យមើលឡើងវិញ ការសម្រេចសាលដីកា របស់សាលាឧទ្ធរណ៍ ព្រោះមិនយុត្តិធម៌សម្រាប់លោកជាជនជាប់ចោទ ។ ចំណែកការសរសេរសារណា ត្រូវការចំណាយពេលយូរ មិនមែនសរសេរ ១ថ្ងៃ ឬពីរថ្ងៃ រួចទេ ប៉ុន្តែយ៉ាងណា លោកនឹងដាក់ឲ្យទាន់តាមកាលកំណត់របស់តុលាការកំពូល ក្នុងរយៈពេល ២០ថ្ងៃ ។
លោក រ៉ុង ឈុន បានមានប្រសាសន៍ថា “វាអត់មានអីទេ យើងគ្រាន់តែដាក់ទៅ វាមិនទាន់មានលទ្ធផលអីយ៉ាងណាទេ ហើយការដាក់ហ្នឹង គោលបំណងសំខាន់ គឺយើងប្ដឹងជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់សា លាឧទ្ធរណ៍ ដែលវិនិច្ឆ័យ ហើយមើលទៅវាជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ ។ អ៊ីចឹងហើយ បានជាយើងប្ដឹងជំទាស់ទៅនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ ។ នៅក្នុងបណ្ដឹងហ្នឹង ដូចពាក្យដែលបានឃើញដែលខ្ញុំបង្ហោះទៅហ្នឹង វាអត់មានទាមទារអីទេ គឺយើងគ្រាន់តែប្ដឹងជំទាស់ទៅសាលាកំពូល ដើម្បីឲ្យកំពូលហ្នឹង ពិនិត្យមើលឡើងវិញ ទាក់ទងទៅនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ហ្នឹង ។ ចំពោះសារណា ធម្មតាយើងត្រូវចំណាយពេលវេលាសរសេរ យើងទើបទទួលបានថ្ងៃហ្នឹង យើងដាក់ទៅថ្ងៃហ្នឹងម៉េចនឹងទាន់ គឺនៅក្នុងរយៈពេល ២០ថ្ងៃហ្នឹង យើងនឹងដាក់ឲ្យទាន់ តាមការកំណត់របស់តុលាការកំពូល” ។
លោក រ៉ុង ឈុន បានមានប្រសាសន៍បន្តថា “ជាចុងក្រោយ គ្រាន់តែឲ្យតុលាការកំពូល ត្រូវតែធ្វើការសម្រេចទៅតាមវិជ្ជាជីវៈ ឈរនៅលើភាពឯករាជ្យ ហើយសម្រេចទៅតាមអ្វីដែលបានស្បថស្បែ ដែលអង្គុយកន្លែងតុ លាការកំពូល ហ្នឹង ។ ចំពោះការចោទប្រកាន់ វាមិនឆ្លុះបញ្ចាំងទៅនឹងសកម្មភាពជាក់ស្ដែងទេ ពីព្រោះចោទ ប្រកាន់រឿងញុះញង់ ប៉ុន្តែវាអត់មានអ្វីដែលកើតឡើងទេ ។ អ៊ីចឹងធម្មតាអ្នកនយោបាយ តែងតែចុះជួបប្រជា ពលរដ្ឋហើយ ប្រជាពលរដ្ឋតវ៉ា រងគ្រោះហ្នឹង ហើយបើយើងគ្រាន់តែទៅចុះជួប អត់បាន វាម៉េចហៅថាសង្គមប្រជាធិបតេយ្យ ហើយយើងធ្វើនយោបាយ ទៅជួបប្រជាពលរដ្ឋ ដើម្បីចង់ដឹងការពិត ហើយនិងជួយរកដំ ណោះស្រាយ អន្តរាគមន៍ជូនគាត់ ហើយដល់ចោទថា ញុះញង់ អាហ្នឹងវាអត់មានរឿងអីដែលត្រឹមត្រូវ ហើយយើងមិនអាចទទួលយកបាននូវការចោទប្រកាន់បែបអ៊ីចឹង មើលទៅ វាជារឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់“ ។
គួររំលឹកថា សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានបើកសវនាការជាសាធារណៈ ដោយមានសមាសភាពក្រុមប្រឹក្សាជំនុំជម្រះ លោកអ៊ិត សុធា ជាប្រធានក្រុមប្រឹក្សា លោកកេង រតនា ជាចៅក្រមប្រឹក្សា លោក ឌុច សុខសារិន ជាចៅក្រមប្រឹក្សា តំណាងមហាអយការ អ៊ឹម សុផាន ជាអគ្គព្រះរាជអាជ្ញារង ក្រឡាបញ្ជីសវនាការ លោកដាក សម្ជស្ស ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១១២៧ ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលមានជនជាប់ចោទ ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ជនជាតិខ្មែរ មុខរបរទីប្រឹក្សាគណបក្សកម្លាំងជាតិ ទីកន្លែងកំណើតនៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មានអាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ៨៨ ផ្លូវលេខ៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឪពុកឈ្មោះ ឡោ រ៉ុង “ស្លាប់” ម្តាយឈ្មោះ ជឿ ស្រី “ស្លាប់” នៅលីវ ប្រវត្តិផ្តន្ទាទោសដោយតុលាការ ធ្លាប់ជាប់ពន្ធនាគារ ចំនួន ១ឆ្នាំ ៣ខែ ១១ថ្ងៃ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។

លទ្ធផលវិនិច្ឆ័យសេចក្ដី សាលាឧទ្ធរណ៍ បានទទួលសេចក្តីចម្លងបណ្ដឹងឧទ្ធរណ៍ លេខ ៧០១ ចុះថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៥ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទុកត្រឹមត្រូវតាមទម្រង់និងគតិច្បាប់។ ទទួលសេចក្តីចម្លងបណ្ដឹងឧទ្ធរណ៍ លេខ ៧៥៩ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ របស់លោក ជូង ជូងី ជាមេធាវីទទួលសិទ្ធិពីជនជាប់ចោទឈ្មោះ រ៉ុង ឈុន ទុកត្រឹមត្រូវតាមទម្រង់ តែបដិសេធចោលដោយទាស់គតិច្បាប់។ តម្កល់សាលក្រមព្រហ្មទណ្ឌ លេខ ១៥៤៥ “រ” ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល លើកលែងតែចំណុចទី២ នៃសាលក្រមនេះ ត្រូវផ្តន្ទាទោសជនជាប់ចោទឈ្មោះ រ៉ុង ឈុន នូវទោសបន្ថែម ដោយដកហូតជាស្ថាពរនូវសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមមាត្រា ៤៩៨ នៃក្រមព្រហ្មទណ្ឌ។ ចំណុចផ្សេងទៀតនៃសាលក្រមនេះ ត្រូវរក្សាទុកជាបានការដដែល ៕ កុលបុត្រ