ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនអគ្គនាយករងអន្តោប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញម្នាក់ ព្រមទាំងជនសង្ស័យ ២នាក់ទៀត សរុបចំនួន៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីស៊ីសំណូកពីក្រុមឆបោកអនឡាញ (Online Scams) និងសម្អាតប្រាក់។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និងឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ ២នាក់ទៀត ទៅតុលាការ នៅវេលាម៉ោង ៤និង៣០ រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់ ។
បើតាមលោកទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថាមនុស្ស ២នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ មាន អ្នកស្រី អស កូ ពិសី ជាប្រពន្ធលោកសរ សំណាង និងម្នាក់ទៀត ឈ្មោះយ៉ាត កុសល ដែលពួកគេជាប់សង្ស័យរឿងស៊ីសំណូកពីក្រុម Online Scams និងសម្អាតប្រាក់។ លោកទេសរដ្ឋមន្ត្រី បានលើក ឡើងថា ការចាប់ខ្លួននាយនគរបាលជាន់ខ្ពស់ខាងលើ ធ្វើឡើងជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលករណីនេះ ACU បានបើកប្រតិបត្តិការស៊ើបអង្កេត រយៈពេល ២០ថ្ងៃមកហើយ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រតិបត្តិការ ២០ថ្ងៃ នឹងបញ្ជាក់លម្អិត ក្រោយបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅកាន់តុលាការរួចរាល់។

គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនបុគ្គលសំខាន់ៗជាច្រើន ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាការបង្ក្រាបបោសសម្អាតឧក្រិដ្ឋកម្មតាមប្រ ព័ន្ធអ៊ីនធឺរណិត និងភាពអសកម្មនានា។ កាលពីខែមីនា អនុប្រធាន និងមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកោះកុង ព្រមទាំងមនុស្ស ២នាក់ទៀត ត្រូវបានឃាត់ខ្លួន ដោយរកឃើញលុយពុករលួយ ជាង ១លានដុល្លារ៕