Thursday, June 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូលម៉ាស្សា ស្រីចោទលួចទូរស័ព្ទ ប្រុសប្តឹងទារ២០០ដុល្លារ ចុះនៅ៥ម៉ឺន

ចូលម៉ាស្សា ស្រីចោទលួចទូរស័ព្ទ ប្រុសប្តឹងទារ២០០ដុល្លារ ចុះនៅ៥ម៉ឺន

ភ្នំពេញ ៖ បុរសម្នាក់ បានជិះកង់ ១គ្រឿង ចូលទៅរកសេវាកោសជប់ ម៉ាស្សា នៅហាងមួយកន្លែង លុះចេញមកវិញ ស្រាប់តែត្រូវនារីម៉ាស្សាចោទប្រកាន់ថា បានលួចទូរស័ព្ទរបស់នាង ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ស្រាប់តែខាងស្រីថា ជារឿងយល់ច្រឡំ សុំបញ្ចប់រឿង តែខាងប្រុសកើតទុក្ខមិនសុខចិត្ត ប្តឹងទាមទារសំណងជំងឺចិត្ត ២០០ដុល្លារ ថ្លៃខូចកិត្តិយស ចុងក្រោយខាងស្រីសងជំងឺចិត្ត ៥ម៉ឺនរៀល បញ្ចប់រឿង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅកន្លែងម៉ាស្សា កោសជប់ អត់មានយីហោ ១កន្លែង តាមបណ្តោយផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ ជាប់ព្រំប្រ ទល់ខណ្ឌមានជ័យ។

តាមសម្តីភាគីបុរសជាភ្ញៀវ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខ្លួនបានជិះកង់ ១គ្រឿង ចូលទៅកន្លែងម៉ាស្សា កោសជប់ខាងលើ ដើម្បីឱ្យនារីជាអ្នកម៉ាស្សា ជួយសម្រួលសរសៃ តែពេលចូលទៅ មិនទាន់បានធ្វើអ្វីទាំងអស់ ដោយនារីម៉ាស្សា បានចូលទៅក្នុងបន្ទប់ទឹក មួយភ្លែត ហើយគាត់ក៏ចេញមកវិញ រួចជិះកង់ចេញទៅវិញ លុះជិះបានបន្តិច ស្រាប់តែនារីម៉ាស្សា  បានជិះម៉ូតូកង់បី តាមមកឃាត់ខ្លួន ហើយចោទថា បានលួចទូរស័ព្ទរបស់នាង និងបានហៅសមត្ថកិច្ចមកទៀតផង ខណៈដែលខ្លួន បានប្រកែកថា មិនបានលួចទូរស័ព្ទនោះទេ។

តាមសម្តីនារីម៉ាស្សា បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ បុរសខាងលើ បានចូលទៅកន្លែងម៉ាស្សា កោសជប់របស់នាង ពេលនោះនាងរវល់ចូលបន្ទប់ទឹក មួយភ្លែត ចេញមកវិញ ស្រាប់តែបុរសខាងលើ បានជិះកង់ ចេញ លែងទទួលសេវាម៉ាស្សា កោសជប់។ លុះបន្តិចក្រោយមក នាងបានរកមើលទូរស័ព្ទដែលនាងទុកក្នុងថង់ ស្រាប់តែអត់ឃើញ ហើយសង្ស័យបុរសខាងលើជាអ្នកលួច ក៏ជិះដេញតាមឃាត់សួរនាំតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ ដើម្បីសាកសួរលម្អិតអំពីរឿងរ៉ាវខាងលើ ស្រាប់តែនារីម៉ាស្សា ប្រាប់ថា ជារឿងយល់ច្រឡំ និងសុំបញ្ចប់រឿងត្រឹមហ្នឹង តែខាងបុរសជាភ្ញៀវ កើតទុក្ខមិនសុខចិត្ត បានទាមទារសំណងជំងឺចិត្ត ប៉ះប៉ូវកិត្តិយស ២០០ដុល្លារ ។

ចុងក្រោយ ដោយមានការសម្របសម្រួលពីសមត្ថកិច្ច ទើបនារីម៉ាស្សាខាងលើ បានសុំទោសបុរសជាភ្ញៀវ រួចសងជំងីចិត្ត ចំនួន៥ម៉ឺនរៀល ឱ្យទៅបុរសជិះកង់ ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES